​លោក ជាវ តា​យ បានចាត់ទុក​ខ្លឹមសារ​នៃ​សង្ឃប្រកាស​លើក​ទី​២៧​នេះ​ពិតជា​មាន​សារសំខាន់​ដល់​មន្ត្រី​សង្ឃ ចៅអធិការ អាចារ្យ​គណៈកម្មការ​វត្ត​ពុទ្ធបរិស័ទ​ក្នុង​ការពង្រឹង​វិស័យ​ព្រះពុទ្ធសាសនា​នៅ​ក្នុង​ខេត្ត​ក៏​ដូច​នៅ​កម្ពុជា​យើង​

(​ខេត្ត​កំពត​) ៖ លោក ជាវ តា​យ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កំពត បាន​ចាត់ទុកថា​៖ ខ្លឹមសារ​នៃ​សង្ឃប្រកាស​លើក​ទី​២៧​មហាសន្និបាត​មន្ត្រី​សង្ឃ​ទូទាំង​ប្រទេស​ពិតជា​មាន​សារសំខាន់​ក្នុង​ការតម្រង់​ទិស​ដល់​មន្ត្រី​សង្ឃ ចៅអធិការ អាចារ្យ​គណៈកម្មការ​វត្ត​ពុទ្ធបរិស័ទ ដើម្បី​ចូលរួម​ពង្រឹង​វិស័យ​ព្រះពុទ្ធសាសនា​ដែល​ជា​សាសនា​របស់​រដ្ឋ​យើង​បន្ថែមទៀត​នៅក្នុង​ក៏​ដូច​នៅ​កម្ពុជា​យើង​។​

​ការលើក​ដូច្នេះ ជា​ប្រសាសន៍​របស់​លោក ជាវ តា​យ អភិបាល​ខេត្ត​កំពត នៅក្នុង​ឱកាស​នៃ​ពិធី​បើក​ផ្សព្វផ្សាយ​នូវ​ខ្លឹមសារ​សង្ឃប្រកាស​មហាសន្និបាត​មន្ត្រី​សង្ឃ​ទូទាំង​ប្រទេស​លើក​ទី​២៧​ដែល​បាន​ធ្វើឡើង​នៅ​វត្ត​អង្គរជ័យ ឃុំ​អង្គរជ័យ ស្រុក​អង្គរជ័យ ខេត្ត​កំពត កាលពី​រសៀល​ថ្ងៃ​ទី​១១​ខែ​ឧសភា​ឆ្នាំ​២០១៩ ដោយ​មាន​ការ​និមន្ត​និង​អញ្ជើញ​ចូលរួម​ពី​មន្ត្រី​សង្ឃ អាចារ្យ​គណៈកម្មការ​វត្ត​និង​ពុទ្ធបរិស័ទ​ក្នុង​ខេត្ត​ប្រមាណ​២០០០​អង្គ​នាក់​។​

​លោក ជាវ តា​យ​អភិបាលខេត្ត បន្តទៀតថា រាជរដ្ឋាភិបាល​ក្រោម​ការដឹកនាំ​ប្រកបដោយ​គតិបណ្ឌិត របស់​សម្ដេច​តេជោ​ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែលជា​អ្នក​មាន​គុណូបការៈ​ក្នុងការ​កសាងបាន​នូវ​សុខសន្តិភាព សេរីភាព ប្រជាធិបតេយ្យ និង​ការអភិវឌ្ឍ​ប្រទេសជាតិ បាន​សំបូរ​សប្បាយ​រុងរឿង និង​រក្សា​ការពារ​បាន​នូវ​សុខសន្តិភាព​ដូច​សព្វថ្ងៃនេះ​គឺ​មិន​អាច​កាត់ផ្ដាច់​ចេញ​បាន​ពី​វិស័យ​ព្រះពុទ្ធសាសនា​ដែល​ជា​សាសនា​របស់​រដ្ឋ​បានឡើយ​។​

​លោក​អភិបាលខេត្ត​ក៏​បាន​លើក​បញ្ជាក់​ទៀត​ថា​៖ ការបាត់បង់​សាសនា​នឹង​នាំ​ឲ្យ​មនុស្ស​បាត់បង់​អស់​សីល​ធម៌​ហើយ​សង្គម​ជាតិ​ត្រូវ​ជួប​គ្រោះមហន្តរាយ វា​ជា​ការពិត​ក្នុង​ប្រវត្តិសាស្ត្រ​កម្ពុជា​យើង កាលពី​ជាង​៣០​ឆ្នាំមុន គឺ នៅក្នុង​របប​ប៉ុលពត គ្រាន់តែ​ក្នុង​រយៈពេល ៣​ឆ្នាំ ៨​ខែ និង​២០​ថ្ងៃ​ប៉ុណ្ណោះ ការគោរព​ជំនឿ​សាសនា ប្រពៃណី ទំនៀមទម្លាប់ វប្បធម៌ និង​អរិយធម៌​ទាំងអស់​របស់​ខ្មែរ​យើង ត្រូវ​បាន​បិទ​សិទ្ធ​និង​បំផ្លិចបំផ្លាញ​ខ្ទេចខ្ទី​ស្ទើ​គ្មាន​សល់ ក្នុងនោះ​វត្ត​អារាម​ក៏ត្រូវ​ក្លាយ​ជា​ឃ្លាំង​ដាក់​សម្ភារៈ កន្លែង​ចិញ្ចឹមសត្វ​និង​មន្ទីរឃុំឃាំង​មនុស្ស​ទៀតផង​។ ហើយ​របប​នេះ​ក្លាយ​ជា​របប​វាលពិឃាដ ប៉ុន្តែ​ផ្ដើមចេញពី​ការ​ស្អប់ខ្ពើម​របប​នៃ​អំពើ​យង់ឃ្នង​អមនុស្សធម៌ ឥត​សាសនា​ទាំងនេះហើយ បាន​នាំ​ឲ្យ​ប្រជាជន​កម្ពុជា​ទូទាំង​ប្រទេស នាំគ្នា​ពុះពារ​តស៊ូ​និង​ធ្វើ​ពលី​កម្ម​បូជា​គ្រប់បែបយ៉ាង ក្រោម​មាគ៌ា​ដឹកនាំ​ដ៏​ត្រឹមត្រូវ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ដើម្បី​បុព្វហេតុ​រំដោះ​ប្រទេស​ជាតិ​និង​ប្រជាជន ពិសេស​រំដោះ​ព្រះពុទ្ធសាសនា​ឲ្យ​រួច​ចាក​ផុតពី​របប​ឃោរឃៅ​នេះ និង​ទទួលបាន​ជោគជ័យ​ជា​ស្ថាពរ​នា​ថ្ងៃ​០៧​មករា​១៩៧៩​។​

​តាមរយៈ​ជោគជ័យ​ជា​ប្រវត្តិសាស្ត្រ​នេះ​សេរីភាព ជំនឿ​សាសនា ប្រពៃណី​ទំនៀមទម្លាប់ វប្បធម៌ អារ្យធម៌ កម្ពុជា​យើង​ក៏​បាន​រស់រាន​ឡើងវិញ ទន្ទឹម​នោះ​ពិធី​ផ្សេងៗ ជា​លក្ខណៈ​ប្រពៃណី និង​តាម​បែប​សាសនា​ក៏​ចាប់​កកើត​ឡើងវិញ​បន្តិច​ម្ដងៗ​ហើយ​ក៏​កាន់តែ​មាន​សន្ទុះ​ខ្លាំងក្លា​ឡើងៗ​ឥតឈប់ឈរ​។​

​តាមរយៈ​អង្គ​ផ្សព្វផ្សាយ​នូវ​ខ្លឹមសារ​សង្ឃប្រកាស​លើក​ទី​២៧​នេះដែរ លោក​ជាវ តា​យ​ក៏​បាន​ទូល​ប្រគេន​និង​ជម្រាបជូន​ព្រះសង្ឃ អាចារ្យ​គណៈកម្មការ ដូនជី តាជី ពុទ្ធបរិស័ទ មន្ត្រីរាជការ​បន្ត​ខិតខំ​យកចិត្តទុកដាក់​ចូលរួម​ពិនិត្យមើល​នូវ​ខ្លឹមសារ​សង្ឃប្រកាស​លើក​ទី​២៧​នេះ​ឲ្យបាន​ច្បាស់លាស់​តាម​ចំណុច​នីមួយៗ ដែល​មហាសន្និបាត​បាន​សម្រេច​ដាក់ចេញ​ជា​សង្ឃប្រកាស​និង​សម្រាប់​ទុក​ឲ្យ​ព្រះសង្ឃ ពុទ្ធបរិស័ទ គោរព​ប្រតិបត្តិ​ឲ្យបាន​ល្អ​ប្រសើរ ដើម្បី​ជា​ការលើកតម្លៃ​វិស័យ​ព្រះពុទ្ធសាសនា​ដែលជា​សាសនា​របស់​រដ្ឋ​យើង​ឲ្យបាន​គ្រប់​វត្ត​អារាម​និង​ប្រជា​ពុទ្ធបរិស័ទ បាន​យល់ដឹង​ពី​ក្បួនច្បាប់​សាសនា​ជាមួយ​ច្បាប់​នានា​របស់​រាជរដ្ឋាភិបាល​ផងដែរ ពីព្រោះថា ច្បាប់​រដ្ឋ​ក្ដី ច្បាប់​ធម៌​វិន័យ និង​សង្ឃប្រកាស​មហាសន្និបាត​នេះ​ក្ដី គឺជា​បទដ្ឋាន​គតិយុត្តិ​ដ៏​សំខាន់​សម្រាប់​ជួយ​ពង្រឹងស្មារតី​ដល់​ព្រះសង្ឃ លោក​អាចារ្យ គណៈកម្មការ ពុទ្ធបរិស័ទ មន្ត្រីរាជការ​ក្នុងការ​គោរព​ប្រតិបត្តិ​នូវ​ជំនឿ​របស់​ខ្លួន​ឲ្យបាន​សមរម្យ​ត្រឹមត្រូវ​តាម​ទំនៀមទម្លាប់​ប្រពៃណី​វប្បធម៌​ដ៏​ល្អ​ផូរផង់​របស់​ខ្មែរ​យើង​៕