លោក​បណ្ឌិត ប៉ែន ស៊ីម៉ន អញ្ជើញ​ជា​អធិបតីភាព​ក្នុង​ពិធី​បុណ្យ​បញ្ចុះ​ខណ្ឌសីមា​ព្រះវិហារ​វត្ត​អង្គ​ខ្នា​ឫស្សីស្រុក ស្ថិតក្នុង​ឃុំ​ឫស្សី​ស្រុក​ខាងកើត ស្រុក​កំពង់ត្រាច ខេត្ត​កំពត​

(​ខេត្ត​កំពត​)៖ នៅ​ព្រឹក​ថ្ងៃ​សៅរ៍ ០៨​កើត ខែ ពិសាខ ឆ្នាំ កុ​រ ឯ​កស័ក ព​.​ស ២៥៦២ ត្រូវ​ថ្ងៃ​ទី​១១ ខែ​ឧសភា ឆ្នាំ​២០១៩ លោក​បណ្ឌិត ប៉ែន ស៊ីម៉ន ប្រធាន​គណៈកម្មាធិការ​ទី​១០ នៃ​រដ្ឋសភា បាន​អញ្ជើញ​ជា​អធិបតីភាព ក្នុង​ពិធីបុណ្យ​បញ្ចុះ​ខណ្ឌសីមា​សម្ពោធ​ឆ្លង​ព្រះវិហារ​និង​សមិទ្ធផល​នានា​វត្ត​អង្គ​ខ្នា​ឫស្សីស្រុក ស្ថិតក្នុង​ភូមិ​ឫស្សី​ស្រុក ឃុំ​ឫស្សីស្រុក​ខាងកើត​ស្រុក​កំពង់ត្រាច ខេត្ត​កំពត​។​

​ពិធី​នេះ ក៏​មាន​វត្តមាន​ចូលរួម​ពី​សំណាក់​លោក​ស្រី អ៊ុន សុគន្ធា តំណាងរាស្ត្រ​មណ្ឌល​ខេត្ត​កំពត លោក ខូ​យ ឃុន​ហ៊ួ​រ រដ្ឋលេខាធិការ​ទីស្ដីការគណៈរដ្ឋមន្ត្រី លោក ជាវ តា​យ អភិបាល នៃ​គណៈ​អភិបាល​ខេត្ត​ព្រមទាំង លោក លោកស្រី ថ្នាក់ដឹកនាំ​ខេត្ត​និង​មន្ទីរ អង្គភាព​ជុំវិញ​ខេត្ត លោកគ្រូ អ្នកគ្រូ សិស្ស​និស្សិត និង​ប្រជាពលរដ្ឋ​យ៉ាងច្រើន​កុះករ​។​

​លោក អូន ខន អភិបាល​នៃ​គណៈ​អភិបាលស្រុក​កំពង់ត្រាច បានឲ្យដឹងថា​៖ វត្ត​អង្គ​ខ្នារ​ឬ​ស្សី​ស្រុក មាន​អាយុកាល​ប្រមាណ​ជាង ២០០​ឆ្នាំ​មកហើយ​តែ​នៅក្នុង​របប ប៉ុល ពត ទី​អារាម​នេះ​ត្រូវបាន​បំផ្លាញ​អស់​ស្ទើរ​គ្មាន​សល់ រហូត​ដល់​ក្រោយ​ថ្ងៃ​រំដោះ ៧​មករា ឆ្នាំ​១៩៧៩ វត្ត​នេះ​បាន​រៀបចំ​កសាង​ឡើង​វិញ​ជា​បន្តបន្ទាប់ ក្រោម​ការយកចិត្តទុកដាក់​និង​ចូលរួម​ឧបត្ថម្ភ​គាំទ្រ​ពី​សំណាក់​ឯកឧត្ដម​បណ្ឌិត ប៉ែន ស៊ីម៉ន រួម​និង ព្រះសង្ឃ គណកម្មការ​អាចារ្យវត្ត ពុទ្ធបរិស័ទ​និង​សប្បុរសជន ជិត​ឆ្ងាយ​ធ្វើអោយ​សមិទ្ធិផល​ទី​អារាម​វត្ត​នេះ​មាន​ការរីកចម្រើន​ជា​បន្តបន្ទាប់​។​ជាក់ស្ដែង​ព្រះវិហារ​ដែល​ធ្វើ​ពិធី​បញ្ចុះ​ខណ្ឌសីមា​សម្ពោធ​ឆ្លង​នាពេលនេះ បាន​ចាប់ផ្ដើម​កសាង​ឡើង ក្នុង​ចុងឆ្នាំ​២០០៧ និង​បាន​បញ្ចប់​ស្ថាពរ​ក្នុង​ឆ្នាំ​២០២០១៩​នេះ ដោយ​ប្រើប្រាស់​ថវិកា​សរុប​ចំនួន​ប្រមាណ ៣៦៩.២០០​ដុល្លារ​អាមេរិក​។​

​មានប្រសាសន៍ សំណេះសំណាល លោក​បណ្ឌិត​ទេសរដ្ឋមន្ត្រី ប៉ែន ស៊ីម៉ន បាន ថ្លែង​ការកោតសរសើរ​ចំពោះ​ព្រះសង្ឃ អាចារ្យ​គណៈកម្មការ​វត្ត ពុទ្ធបរិស័ទ សប្បុរស​ជន​រួម​និង​អាជ្ញាធរ​គ្រប់​លំដាប់ថ្នាក់ ដែល​បាន​សហការ​សាមគ្គី​គ្នា ក្នុង​ការរួមចំណែក​ក​សាង​នូវ​សមិទ្ធផល​នានា​និង​ព្រះវិហារ​ក្នុង​ទី​អារាម​វត្ត​នេះ​ឡើង​ដែល​សមិទ្ធផល​ទាំងនេះ​បាន​រួមចំណែក​បម្រើឲ្យ​វិស័យ​ព្រះពុទ្ធសាសនា​ដែល​ជាសា​សនា​របស់​រដ្ឋ​។

​ក្នុងឱកាស​នោះ​ដែរ លោក​បណ្ឌិត​ទេសរដ្ឋមន្ត្រី ប៉ែន ស៊ីម៉ន​ក៏បាន​លើកឡើង​អំពី​បរិបទ​អំណោយផល​នៃ​ប្រទេសជាតិ​នា​ពេលបច្ចុប្បន្ន​ដែល​កំពុង​មាន​សុខ​សន្តិភាព​ពេញលេញ និង​មាន​ការអភិវឌ្ឍន៍​យ៉ាង​ខ្លាំងក្លា​លើ​គ្រប់​វិស័យ​។​លោក​បណ្ឌិត បាន​បន្តទៀតថា​ដោយ​មើលឃើញ​ពី​សច្ចភាព​នេះ​ហើយ​ទើប ប្រជាពលរដ្ឋ​កម្ពុជា ភាគច្រើនបំផុត នៅ​តែ​ស្រឡាញ់ ជឿជាក់ និង​ផ្ដល់​ទំនុកចិត្ត​លើ​ការដឹកនាំ​របស់​សម្ដេច​តេជោ ហ៊ុន សែន ជា​នាយករដ្ឋមន្ត្រី​រាល់​គ្រប់​អាណត្តិ​នៃ​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​។

​ក្នុងឱកាស​នោះ​ដែរ លោក​បណ្ឌិត ប៉ែន ស៊ីម៉ន ក៏​បាន​ប្រគេន​បច្ច័យ​ដល់​ព្រះសង្ឃ​សម្រាប់​សីមា​ឥន្ទ​កិល​-​សីមា​ទិស​ទាំង​៨​ទិស រួម​និង​ថ្លៃ តន្ត្រី​សម័យ ល្ខោនបាសាក់​និង​ជូន​ដល់​កម្លាំង​ប្រដាប់អាវុធ ក្រុមគ្រូពេទ្យ តាជី យាយជី លោកគ្រូ អ្នកគ្រូ​សិស្ស យុវជន​កាកបាទក្រហម យុវជន​កាយរិ​ទ្ធ​ព្រះសង្ឃរួ​មនិង ការចំណាយ​ផ្សេងៗ​ទៀត​សរុប​ថវិកា​៥២ លាន ២៤​ម៉ឺន​៥​ពាន់​រៀល​ផងដែរ​៕