​ឯកឧត្តម​អភិបាលខេត្ត​ស្វាយរៀង​ដឹកនាំ​កិច្ចប្រជុំ​រៀបចំ​ពិធី​ប្រណាំងទូក​នៅ​ទន្លេ​វ៉ៃ​គោ គ្រោង​ប្រារព្ធ​ធ្វើ​នៅ​ថ្ងៃអាទិត្យ​ទី​២៧ ខែតុលា ឆ្នាំ​២០១៩​ខាងមុខនេះ​

នា​ព្រឹក​ថ្ងៃ​ចន្ទ ០៩​កើត ខែ​អស្សុជ ឆ្នាំ​កុរ ឯ​កស័ក ព​.​ស​.២៥៦៣ ត្រូវ​នឹង​ថ្ងៃទី​០៧ ខែតុលា ឆ្នាំ​២០១៩​នេះ នៅ​សាលប្រជុំ​សាលាខេត្ត​ស្វាយរៀង ឯកឧត្ដម ម៉ែន វិបុល អភិបាល នៃ​គណៈ​អភិបាលខេត្ត​ស្វាយរៀង បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​កិច្ចប្រជុំ​ត្រៀម​លក្ខណៈ​រៀបចំ​ពិធី​ប្រណាំងទូក​ឆ្នាំ​២០១៩ នៅ​ទន្លេ​វ៉ៃ​គោ ក្រុង​ស្វាយរៀង ខេត្ត​ស្វាយរៀង ។​

​កិច្ចប្រជុំ​នេះ​មាន​ការអញ្ជើញ​ចូលរួម​ពី​ឯកឧត្ដម លោកជំទាវ​អភិបាលរង​ខេត្ត លោក លោកស្រី​នាយក នាយករង​រដ្ឋបាល​សាលាខេត្ត លោក លោកស្រី​ប្រធាន​មន្ទីរ អង្គភាព តំណាង​កងកម្លាំង​ទាំង​បី លោក​អភិបាលក្រុង​/​ស្រុក នាយក​ទីចាត់ការ ប្រធាន​អង្គភាព​ចំណុះ​សាលាខេត្ត ព្រមទាំង​អស់លោក លោកស្រី ដែល​ជា​សមាជិក សមាជិកា គណៈកម្មាការ អនុគណៈកម្មការ​រៀប​ចំ​ពិធី​ប្រណាំងទូក​ជាច្រើនរូប​ទៀត ។​

​មានប្រសាសន៍​ក្នុង​កិច្ចប្រជុំ​នេះ ឯកឧត្ដម​អភិបាលខេត្ត បាន​ណែនាំ​ដល់​អនុគណៈកម្មកា​រទាំ​ង​អស់​បន្ទាប់ពី​កិច្ចប្រជុំ​នៅថ្ងៃនេះ ត្រូវ​បន្ត​ចាត់ចែង​រៀបចំ​ប្រជុំ​បែងចែក​ការងារ​លម្អិត ស្រប​តាម​តួនាទី​ភារកិច្ច​ដែល​មាន​e​កំណត់​ក្នុង​សេចក្ដីសម្រេច​របស់​រដ្ឋ​បាល​ខេត្ត ជាពិសេស​រៀបចំ​ផែនការ​ចំណាយ​សម្រាប់​អនុគណៈកម្មការ​នី​មួយៗ​ដែល​ត្រូវ​ប្រើប្រាស់​ឲ្យបាន​ច្បាស់លាស់ ។

​សូម​ជម្រាប​ជូន​ថា ពិធី​ប្រណាំងទូក​នៅ​ទន្លេ​វ៉ៃ​គោ​ឆ្នាំនេះ គ្រោង​នឹង​រៀបចំ​ប្រព្រឹត្តិ​ទៅ​នៅ​ថ្ងៃអាទិត្យ ទី​២៧ ខែតុលា ឆ្នាំ​២០១៩​។ ដើម្បី​រៀបចំ​ពិធី​នេះ​ឲ្យ​ប្រព្រឹត្តទៅ​ដោយ​រលូន និង​បង្ក​បរិយាកាស​ជូន​បងប្អូន​ប្រជាពលរដ្ឋ​បាន​ទស្សនា​កម្សាន្ត​ប្រកបដោយ​ភាពសប្បាយ​រីករាយ រដ្ឋបាលខេត្ត​បាន​បង្កើត​គណៈកម្មការ ចំនួន ១ អមដោយ​អនុគណៈកម្មការ​ចំនួន ៦​ផ្សេង​ទៀត​ជា​ជំនួយការ​។​