ប្រជុំ​បូក សរុប​សកម្មភាព​ការងារ​រៀបចំ​វេទិកា​សាធារណៈ​ប្រចាំឆមាស​ទី​១ និង​ទិសដៅ​អនុវត្ត​បន្ត​ឆ្នាំ​២០១៩ របស់​ក្រុម​ការងារ​ថ្នាក់​ជាតិ​ចុះ​មូលដ្ឋាន​នៅ​ខេត្ត​ស្វាយរៀង

ខេត្ត​ស្វាយរៀង ៖ នា​ព្រឹក​ថ្ងៃ​សុក្រ​១៥​កើត ខែ​ភទ្របទ ឆ្នាំ​កុរ ឯ​កស័ក ព​.​ស​២៥៦៣ ត្រូវ​និង​ថ្ងៃទី​១៣ ខែ​កញ្ញា ឆ្នាំ​២០១​នេះ នា​សាលប្រជុំ​ខេត្តស្វាយរៀង​ឯកឧត្តម ជុំ ហាត ប្រធាន​ក្រុមប្រឹក្សា​ខេត្ត ឯកឧត្តម ម៉ែន វិបុល អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ស្វាយរៀង និង​ជា​អនុប្រធាន​អចិន្ត្រៃយ៍​ក្រុមការងារ​ថ្នាក់ជាតិ​ចុះ​មូលដ្ឋាន​បាន​អញ្ជើញ​ចូលរួម​ក្នុង​កិច្ចប្រជុំ​បូក សរុប​សកម្មភាព​ការងារ​រៀបចំ​វេទិកា​សាធារណៈ​ប្រចាំឆមាស​ទី​១ និង​ទិសដៅ​អនុវត្ត​បន្ត​ឆ្នាំ​២០១៩ របស់​ក្រុម​ការងារ​ថ្នាក់​ជាតិ​ចុះ​មូលដ្ឋាន​នៅ​ខេត្ត​ស្វាយរៀង ក្រោម​អធិបតីភាព លោកជំទាវ​បណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋ​សភា​.​ព្រឹទ្ធសភា និង​អធិការកិច្ច​និង​ជា​ប្រធាន​ក្រុមការងារ​ថ្នាក់ជាតិ ចុះ​ជួយ​ខេត្ត​ស្វាយរៀង​។

​កិច្ចប្រជុំ​នេះ​មាន​ការអញ្ជើញ​ចូលរួម​ពី​ឯកឧត្តម លោកជំទាវ អភិបាលរង​ខេត្ត ឯកឧត្តម លោកជំទាវ លោក​.​លោកស្រី​ថ្នាក់ដឹកនាំ​ស្ថាប័ន​នានា​ដែល​ជា​សមាជិក​ក្រុមការងារ​ថ្នាក់ជាតិ ថ្នាក់​ខេត្ត ក្រុង ស្រុក​លោក​អភិបាល ក្រុង ស្រុក ចូលរួម​ចំនួន​ប្រមាណ​៤៥០​នាក់​។​

​ឯកឧត្តម ម៉ែន វិបុល អភិបាលខេត្ត​ស្វាយរៀង និង​ជា​អនុប្រធាន​អចិន្ត្រៃយ៍​ក្រុមការងារ​ថ្នាក់ ជាតិ​ចុះ​មូលដ្ឋាន​នៅ​ខេត្ត​ស្វាយរៀង បាន​ថ្លែង​សុន្ទរកថា​ស្វាគមន៍ និង​អាន​របាយការណ៍​សង្ខេប ស្តីពី​ការ​បូក​សរុប​សកម្មភាព​ការងារ​អាណត្តិ​ទី​៥ របស់​ក្រុម​ការងារ​ថ្នាក់​ជាតិ​ចុះ​មូលដ្ឋាន ដែល​បាន​អនុវត្ត​កម្មវិធី​នយោបាយ និង​យុទ្ធសាស្ត្រ​ចតុកោណ ដំណាក់កាល​ទី​៤ របស់​រាជរដ្ឋាភិបាល​កម្ពុជា ដោយ​បាន​បញ្ជាក់​អំពី លទ្ធផល​ការងារ ចំណុចខ្លាំង បញ្ហា​ប្រឈម នៃ​ការធ្វើ​វេទិកា​សាធារណៈ​កន្លងមក ។​

​លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន បាន​មានប្រសាសន៍ថា ដើម្បី​បន្ត​ការតាមដាន ការអនុវត្ត​យុទ្ធសាស្ត្រ​ចតុកោណ​តំណាក់កាល​ទី​៤ របស់​រដ្ឋាភិបាល​អណត្តិ​ទី​៦ នៃ​រដ្ឋសភា​នេះ ក្រុម​ការងារ​យើង​ត្រូវ​ប្រឹងប្រែង​រួមគ្នា បំពេញ​កិច្ចការ​សំខាន់ៗ មួយចំនួន​ដូច​ខាងក្រោម​៖
១-​ត្រូវ​ពង្រឹង​ការងារ ដោយ​សាមគ្គីភាព​ភាព​ក្នុង​ក្រុមការងារ និង​ពិភាក្សា​គ្នា​ជា​សមូហភាព ដើម្បី​រួមគ្នា​ដោះស្រាយ​បញ្ហា និង​សំណួរ​ដែល​ប្រជាពលរដ្ឋ​លើកឡើង​ផ្អែកលើ​ច្បាប់ និង​ការពិត​។

២-​ត្រូវមាន​កិរិយាមាយាទ​សុភាពរាបសារ ទន់ភ្លន់ រួសរាយ រាក់ទាក់ ចេះ​គោរព ស្រឡាញ់​ប្រជាជន ស្គាល់​ចាស់ ស្គាល់​ទុំ​។

៣-​ត្រូវ​បន្ត​អនុវត្ត​ឲ្យ​ជោគជ័យ នូវ​កម្មវិធី​នយោបាយ របស់​រាជរដ្ឋាភិបាល ពិសេស​យុទ្ធសាស្ត្រ ចតុកោណ​ដំណាក់កាល​ទី​៤ ធ្វើ​កំណែទម្រង់​ស៊ីជម្រៅ កាត់បន្ថយ​ភាព​អសកម្ម របស់​ថ្នាក់ដឹកនាំ និង​មន្ត្រី ដោយ​បន្ត​ការអនុវត្ត​តាម​ទិស​ស្លោក “​ឆ្លុះ​កញ្ចក់ ងូតទឹក ដុស​ក្អែល ព្យាបាល និង​វះកាត់​” ។

៤-​ត្រូវ​ជួប​ប្រាស្រ័យ​ទាក់ទង ដោយ​ផ្ទាល់​ជាមួយ​ប្រជាជន​នៅ​មូលដ្ឋាន ដោយ​ក្តាប់​ឲ្យបាន​ច្បាស់លាស់​រាល់​សំណូមពរ និង​ការលំបាក​របស់​ប្រជាជន​ទូទៅ និង​រិះរក​គ្រប់​មធ្យោបាយ​ជួយ​សម្រួល និង​ដោះស្រាយ ឲ្យបាន​ទាន់​ពេលវេលា​។​

៥-​ត្រូវ​តាមដាន​ស្តាប់​ប្រសាសន៍ សុន្ទរកថា​របស់​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់ ពិសេស​សម្តេច​តេជោ នាយករដ្ឋមន្ត្រី ដើម្បី​ធ្វើ​ជា​ទុន​ក្នុង​ការឆ្លើយបំភ្លឺ​ដល់​ប្រជាពលរដ្ឋ និង​ធ្វើ​ប្រតិកម្ម​រហ័ស​វាយបក​ភ្លាមៗ រាល់​ឧបាយកល​ញុះញង់ បោក​បញ្ឆោត​របស់​ក្រុមប្រឆាំង​ទុច្ចរិត​។​

៦-​ត្រូវ​ផ្សព្វផ្សាយ​អំពី​សមិទ្ធិផល និង​ស្នាដៃ​របស់​រាជរដ្ឋាភិបាល និង​ការងារ​កំណែទម្រង់​របស់​រាជរដ្ឋាភិបាល ពិសេស​កំណែទម្រង់​វិមជ្ឈការ និង​វិសហមជ្ឈការ​។​

៧-​ត្រូវ​បង្កើន​ចំណេះ ផ្នែក​បច្ចេក​វីទ្យា​ព័ត៌មាន IT ជា​ពិសេស​ត្រូវ​ចេះ​ប្រើ​មធ្យោបាយ​បណ្តាញ​សង្គម​ដោយ​ប្រុងប្រយ័ត្ន ដោយ​ចែករំលែក​នូវ​ចំណុច​វិជ្ជមាន​ដែល​រាជរដ្ឋាភិបាល​បាន​ខិតខំ ៕