រដ្ឋបាល​ខេត្ត​ព្រះសីហនុ បើក​កិច្ចប្រជុំ​ជាមួយ​ម្ចាស់​អាជីវកម្ម​បោះពុម្ព​សញ្ញា សាលាខេត្ត​ព្រះសីហនុ

រដ្ឋបាល​ខេត្ត​ព្រះសីហនុ បើក​កិច្ចប្រជុំ​ជាមួយ​ម្ចាស់​អាជីវកម្ម​ផលិត​ស្លាក​យីហោ និង​ស្លាក​សញ្ញា​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម ក្នុង​ខេត្ត​ព្រះសីហនុ ដោយ​មាន​ការអញ្ជើញ​ចូលរួម​ពី​មន្ទីរ​វប្បធម៌ មន្ទីរ​ព័ត៌មាន ទេសចរណ៍ និង​គមនាគមន៍ និង​មន្ត្រី​ជំនាញ នៅ​សាលា ខេត្ត​ព្រះសីហនុ ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ៧​រោច ខែ​ស្រាពណ៍ ឆ្នាំ​កុរ ឯ​កស័ក ព​.​ស ២៥៦៣ ត្រូវ​នឹង​ថ្ងៃទី​២២ ខែ​សីហា ឆ្នាំ​២០១៩​។

​លោក គង់ វិតាណ​: អភិបាលរង​ខេត្ត ទទួលបន្ទុក​ស្លាក​សញ្ញា​សាលាខេត្ត​ព្រះសីហនុ មានប្រសាសន៍​បើក​កិច្ចប្រជុំ​ថា នេះ​ជា​កិច្ចប្រជុំ​លើក​ទី​២ រវាង​រដ្ឋបាល​ខេត្ត និង​បងប្អូន​ម្ចាស់​អាជីវកម្ម​ផលិត បោះ​ពុម្ពស្លាក​យីហោ ទាំង​ខ្មែរ និង​ជនបរទេស​ក្នុង​ខេត្ត​ព្រះសីហនុ ដោយសារ​កន្លង​មក​គណៈកម្មការ​គ្រប់គ្រង​ផ្លាកសញ្ញា​របស់​ខេត្តព្រះសីហនុ ពិនិត្យឃើញថា ក្នុង​រយៈពេល ២​ខែ​កន្លងមកនេះ ក្រុមការងារ​ស្លាក​សញ្ញា​នៅ​តែ​ពិនិត្យ​ឃើញ​មាន​កំហុស​ផ្សេងៗ ដោយសារតែ​ម្ចាស់​ផលិត​ស្លាក​សញ្ញា ឬ​ម្ចាស់​អាជីវកម្ម​ផលិត នៅតែ​ផលិត​ខុស​អក្ខរាវិរុទ្ធ ដែល​ធ្វើឱ្យប៉ះពាល់​ដល់​អត្តសញ្ញាណ​ជាតិខ្មែរ ។

​លោក គង់ វិតាណ​: បានបញ្ជាក់​ថា ដើម្បី​ជៀសវាង​ពី​កំហុស​ផ្សេងៗ​ពាក់ព័ន្ធ​នឹង​អា​ជី​កម្ម​បោះពុម្ព​នេះ ត្រូវៈ
– ទី​១ ម្ចាស់​អាជីវកម្ម​បោះពុម្ព​ស្លាក យីហោ​ទាំងអស់ ត្រូវតែ​សុំច្បាប់​អនុញ្ញាត​បោះពុម្ព ពី​មន្ទីរ​វប្បធម៌ និង​វិចិត្រសិល្បៈ
– ទី​២ មុននឹង​ធ្វើ​ការបោះពុម្ព​ស្លាក​យីហោ​ផ្សេងៗ​ត្រូវ​ដាក់​ឯកសារ​ឆ្លង​មន្ទីរ​វប្បធម៌ និង​មន្ត្រី​ជំនាញ ដើម្បីឱ្យ​ការងារ​បោះ​ពុម្ពស្លាក​យីហោ​របស់​យើង​ទទួលបាន​លទ្ធផល​ល្អ មាន​ប្រសិទ្ធិភាព​ក្នុង​ការប្រើប្រាស់
– ទី​៣ ចូលរួម​សហការ​ទប់ស្កាត់​លំហូរ​ស្លាក​ដែល​បោះ​ពុម្ព​នៅ​ខាងក្រៅ​ដែល​មិន​ត្រឹមត្រូវ មក​ក្នុង​ខេត្ត ៕