ក្រុមការងារ​គ្រូពេទ្យ​ស្ម័គ្រចិត្ត​លោក ហ៊ុន ម៉ា​នី ជិត​៥០០​នាក់ បន្ត​ចុះ​ពិនិត្យ​ព្យាបាល​ជំងឺ​ជូន​ពលរដ្ឋ នៅ​ស្រុក​ស្វាយទាប ខេត្ត​ស្វាយរៀង ដោយ​ឥតគិតថ្លៃ​

(​ភ្នំពេញ​)៖ ក្រុមការងារ​គ្រូពេទ្យ​ស្ម័គ្រចិត្ត​លោក ហ៊ុន ម៉ា​នី ចំនួន​៤៣៩​នាក់ នៅ​ថ្ងៃ​អាទិត្យ ៣​រោច ខែ​ស្រាពណ៍ ឆ្នាំ​កុរ ឯ​កស័ក ព​.​ស ២៥៦៣ ត្រូវ​នឹង​ថ្ងៃទី​១៨ ខែ​សីហា ឆ្នាំ​២០១៩​នេះ បាន​បន្ត​ចុះ​ពិនិត្យ​ព្យាបាល​ជំងឺ​ជូន​ប្រជាពលរដ្ឋ និង​ចែក​ជូន​ថ្នាំពេទ្យ​របស់លោក ហ៊ុន ម៉ា​នី ដោយ​ឥតគិតថ្លៃ ជូន​ពលរដ្ឋ​ចំនួន​ប្រមាណ ៤៧៧៩​នាក់ នៅ​ភូមិ​សង្គម ឃុំ​គគី​សោម ស្រុក​ស្វាយទាប ខេត្ត​ស្វាយរៀង នៅក្នុង​សាលា​បឋមសិក្សា​គគី​សោម ព្រមទាំង​មាន​អាហារ​សាមគ្គី​នំ​បញ្ចុក ចែក​ជូន​អាហារសម្រន់​ជា​នំ​បុ័ង និង​ទឹក​សុទ្ធ​ផងដែរ​។​

​សកម្មភាព​នេះ​បាន​ធ្វើឱ្យ​ប្រជាពលរដ្ឋ​មាន​ក្តីរំភើប​សប្បាយរីករាយ​យ៉ាង​ក្រៃលែង នៅ​គ្រប់​ពេលវេលា និង​ទីកន្លែង ព្រមទាំង​ថ្លែង​អំណ​គុណ​ចំពោះ​លោក ហ៊ុន ម៉ា​នី និង​ក្រុមគ្រួសារ ដែល​មាន​ការយកចិត្ត​ទុកដាក់​យ៉ាង​កក់ក្តៅ ទៅលើ​សុខភាព​របស់​ពួកគាត់​។​

​ការចុះពិនិត្យ និង​ព្យាបាល​ជំងឺ​ជូន​ប្រជាពលរដ្ឋ​នា​ឱកាស​នេះ ដឹកនាំ​ដោយ​លោក លេង ផា​លី ប្រធាន​ក្រុមការងារ​គ្រូពេទ្យ​ស្ម័គ្រចិត្ត​លោក ហ៊ុន ម៉ា​នី ក្រោម​អធិបតីភាព លោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ និង​ជា​ប្រធាន​ក្រុមការងារ​ថ្នាក់ជាតិ ចុះ​មូលដ្ឋាន​ស្រុក​ស្វាយទាប ខេត្ត​ស្វាយរៀង ដោយ​មាន​ការចូលរួម​សហការ​ពី​លោក​កិត្តិ​សេដ្ឋា​បណ្ឌិត ឆាយ ថន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​ផែនកា​រ ប្រធាន​ក្រុមការងារ​ថ្នាក់​ជាតិ​ចុះជួយ​ខេត្ត​កំពង់ស្ពឺ និង​ប្រធាន​ក្រុមការងារ​ថ្នាក់កណ្តាល​ចុះ​ជួយ​ខេត្ត​កំពង់ស្ពឺ តាមរយៈ​លោក ហ៊ូ តាំង​អេង រដ្ឋលេខាធិការ​ក្រសួង​ផែនការ​, លោក ម៉ែន វិបុល អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ស្វាយរៀង តាមរយៈ​លោក តូច ប៉ូ​លី​វ៉ា អភិបាលរង​ខេត្ត​ស្វាយរៀង លោក ម៉ក់ សារុណ ប្រធាន​ក្រុមការងារ​ថ្នាក់កណ្ដាល​ចុះជួយ​ស្រុក​ស្វាយទាប​ខេត្ត​ស្វាយរៀង លោក​វេជ្ជបណ្ឌិត កែរ រដ្ឋា ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​ស្វាយរៀង លោក ម៉ែន សារ៉ាន់ អភិបាល​នៃ​គណៈ​អភិបាលស្រុក​ស្វាយទាប ព្រមទាំង​អាជ្ញាធរ​ពាក់ព័ន្ធ ជាពិសេស​គឺ​លោកគ្រូ​-​អ្នក​គ្រូពេទ្យ របស់​ក្រុម​ការងារ​គ្រូពេទ្យ​ស្ម័គ្រចិត្ត​លោក ហ៊ុន ម៉ា​នី មន្ទីរ​សុខាភិបាល​ខេត្ត ស្វាយរៀង អាជ្ញាធរ​ស្រុក ស្វាយទាប និង ស​.​ស​.​យ​.​ក ស្រុក​ស្វាយទាប​។​

​ជំងឺ​ដែល​បាន​ព្យាបាល​ជូន​ប្រជាពលរដ្ឋ​រួមមាន​៖ ជំងឺ​ទូទៅ មាន​វះកាត់​ខ្នាត​តូច ជំងឺ​ផ្លូវចិត្ត ជំងឺ​ទូទៅ​ផ្នែក​កុមារ ជំងឺ​រោគ​ស្ត្រី ជំងឺ​ឬ​ស​ដូង​បាត ជំងឺ​សួត ក្រពះ ពោះវៀន ម៉ាស៊ីន​ផ្លុំ​រក​មេរោគ​ក្រពះ​តាមរយ​:​ខ្យល់​ដង្ហើម ជំងឺ​ផ្លូវដង្ហើម ជំងឺ​ប្រដាប់​រំលាយ​អាហារ ជំងឺ​សើ​ស្បែក ជំងឺ​ព្រូន ជំងឺ​ស្លេកស្លាំង ជំងឺ​សន្លាក់ឆ្អឹង ជំងឺ​រលាក​ថ្លើម ជំងឺ​កាមរោគ ជំងឺគ្រុនចាញ់ ជំងឺគ្រុនឈាម ជំងឺ​ភ្នែក សុខភាព​មាត់​ធ្មេញ ជំងឺ​ទឹកនោម​ផ្អែម ជំងឺ​បេះដូង លើសឈាម ជំងឺ​ត្រចៀក ច្រមុះ បំពង់ករ ជំងឺ​តម្រងនោម អេកូ​សាស្ត្រ ព្យាបាល​របួស វាស់​ចង្វាក់បេះដូង ផ្នែក​ប្រព័ន្ធ​ប្រសាទ​និង​បំបាត់​ការឈឺ​ចុកចាប់ មន្ទីរពិសោធន៍​(​វិភាគ​ឈាម​)…​។​ល​។​

​ការចុះពិនិត្យ និង​ព្យាបាល​ជំងឺ​ជូន​ប្រជាពលរដ្ឋ​នេះ គឺ​កើត​ចេញពី​ស្មារតី​មនុស្សធម៌​សុទ្ធសាធ ស្តែង​ចេញ​ពី​សេចក្តីស្រឡាញ់​បងប្អូន ប្រជាពលរដ្ឋ ក្នុងនាម​ឈាមជ័រ​ខ្មែរ​ដូច​គ្នា ខ្មែរ​ស្រឡាញ់​ខ្មែរ ខ្មែរ​រួបរួម​គ្នា​តែមួយ អនាគត​តែមួយ ពោល​គឺ​ការព្យាបាល​មិន​ប្រកាន់​បក្សពួក សាសនា ឬ​និន្នាការ​នយោបាយ​ណាមួយ​ឡើយ សំដៅ​ចូលរួម​កាត់បន្ថយ​ភាពក្រីក្រ របស់​ប្រជាពលរដ្ឋ​មួយចំណែក​។ បញ្ហា​សុខភាព គឺជា​មូលដ្ឋាន​គ្រឹះ​ដើម្បី​ឆ្ពោះទៅរក​ភាពជោគជ័យ​សុភមង្គល ជូន​គ្រួសារ និង​សង្គមជាតិ​។​

​សូម​ជម្រាប​ជូន​ផងដែរ​ថា ក្នុង​រយៈពេល​ចាប់ពី (០២ ធ្នូ ឆ្នាំ​២០១២ ដល់ ១៨ សីហា ឆ្នាំ​២០១៩) ឈាន​ចូល​ឆ្នាំ​ទី​៨ គិត​ចាប់ពី​ថ្ងៃ​បង្កើត ក្រុមការងារ​គ្រូពេទ្យ​ស្ម័គ្រចិត្ត​លោក ហ៊ុន ម៉ា​នី បាន​ពិនិត្យ​និង​ព្យាបាល​ជូន​ប្រជាពលរដ្ឋ​បាន​ចំនួន ១៩៤​លើក​ហើយ ដោយ​មាន​ក្រុមការងារ​គ្រូពេទ្យ​ស្ម័គ្រចិត្ត​លោក ហ៊ុន ម៉ា​នី ចូលរួម​ចំនួន ៤,២៧៥​នាក់់ (​បួន​ពាន់​ពី​រយ​ចិបសិប​ប្រាំ​នាក់ ) ហើយ​បាន​ពិនិត្យ និង​ព្យាបាល​ព្រមទាំង​ចែក​ថ្នាំ​ដោយ​ឥតគិតថ្លៃ​ជូន​ប្រជាពលរដ្ឋ​បាន​ចំនួន ៤៦០,១៨៧​នាក់ (​សែសិប​ប្រាំមួយ​ម៉ឺន សូន្យ​ពាន់ មួយរយ ប៉ែតសិប ប្រាំពីរ នាក់​) ក្នុងនោះ​ស្ត្រី​មាន​ចំនួន ៣១០,៤៨១​នាក់ (​សាមសិប​មួយ​ម៉ឺន សូន្យ​ពាន់ បួន​រយ ប៉ែតសិប មួយ នាក់​) ក្នុង​១៩​រាជធានី​ខេត្ត ។​

​ក្រុមការងារ​គ្រូពេទ្យ​ស្ម័គ្រចិត្ត​លោក ហ៊ុន ម៉ា​នី មានលទ្ធភាព​ចុះ​ពិនិត្យ ព្យាបាល​ជូន​ប្រជាពលរដ្ឋ​តាម​តំបន់​មូលដ្ឋាន​ដាច់ស្រយាល តាម​ខ្នង​ផ្ទះ​ដោយ​ផ្ទាល់​នេះ គឺ​ដោយសារតែ​មាន​ការគិត​គូរ​ដល់​សុខទុក្ខ​របស់​ប្រជាពលរដ្ឋ ពី​សំណាក់​បង​ប្រធាន ហ៊ុន ម៉ា​នី ដោយ​លោក​បាន​គាំទ្រ ណែនាំ និង​ចង្អុលបង្ហាញ​ប្រកប​ដោយ​ស​មានធម៌ ភាពឈ្លាសវៃ និង​ប្រកបដោយ​ថាមពល ដើម្បីឱ្យ​សកម្មភាព​មនុស្សធម៌​នេះ​កើតមាន​ក្នុង​ន័យ​ចង់​ឃើញ​ជន​រួម​ជាតិ​មាន​សុខភាព​ល្អ ក្នុងពេល​ដែល​ប្រទេសជាតិ​មាន​សុខសន្តិភាព មាន​ការអភិវឌ្ឍ​រីកចម្រើន​ឥតឈប់ឈរ ដែល​ទាំងអស់​នេះ​កើតចេញ​ពី​ការតស៊ូ ការបូជា​លះបង់​អស់​កម្លាំងកាយ កម្លាំងចិត្ត កម្លាំង​ប្រាជ្ញា ពេលវេលា និង​ស្មារតី​របស់​វិរ​ថ្នាក់ដឹកនាំ​របស់​យើង​ជាពិសេស​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​បិតា​សន្តិភាព​នៃ​កម្ពុជា ដែល​បាន​ផ្តល់​ភាពសុខសាន្ត​ដល់​ប្រជាជន ដោយ​សម្តេច​មាន​ទេពកោសល្យ​ពី​កំណើត ដឹកនាំ​ប្រទេសជាតិ​ចេញពី​ផេះផង់​នៃ​របប​មហន្ធការ​ឲ្យមាន​ការ​រីកចំរើន​ដូច​សព្វថ្ងៃ មាន​ការផ្សះផ្សា​បង្រួបបង្រួម​ជាតិ មាន​ស្ថិរភាព​ជាតិ និង​មាន​សុខ​សន្តិភាព​ពិតប្រាកដ ។​

​ដូច​សព្វដង​ដែរ ប្រជាពលរដ្ឋ​សប្បាយរីករាយ​ស្វាគមន៍ និង​ត្រេកអរ​ឥតឧបមា​ចំពោះ​ការចុះ​ចុះ​ពិនិត្យ​ព្យាបាល​នេះ ហើយ​សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រៀលជ្រៅ និង​សូម​គោរព​ជូន​ពរ​បង​ប្រធាន និង​ក្រុមគ្រួសារ ព្រមទាំង​ក្រុម​ការងារ​គ្រូពេទ្យ​ស្ម័គ្រចិត្ត​លោក ហ៊ុន ម៉ា​នី ទាំងអស់ សូម​ជួប​នូវ​ពុទ្ធពរ​ទាំង​ប្រាំ​ប្រការ​គឺ​អាយុ វណ្ណៈ សុខៈ ពលៈ និង​បដិភាណៈ កុំបី​ឃ្លាងឃ្លាត​ឡើយ​។ យើងទាំងអស់គ្នា​ប្តេជ្ញា​រួបរួមគ្នា​ថែរក្សា​សុខសន្តិភាព និង​ស្ថិរភាព​តាម​គោលនយោបាយ ឈ្នះ​ឈ្នះ​របស់​សម្តេច​តេជោ ហ៊ុន សែន ឲ្យបាន​គង់វង្ស​ជានិច្ច​និរន្ត​ន៍​៕