
ប្រធានវេទិកាសម្ព័ន្ធសង្គមស៊ីវិលស្នើឱ្យអង្គការសមាគមនិងសហគមន៍ត្រូវចុះបញ្ជីឲ្យបានត្រឹមត្រូវនៅក្រសួងមហាផ្ទៃនិងអង្គភាពពន្ធដារ
ខេត្តស្វាយរៀង ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ១៥កើតខែស្រាពណ៍ ឆ្នាំកុរ ឯកស័កពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី១៥ ខែសីហាឆ្នាំ ២០១៩ រដ្ឋបាលខេត្តព្រះវិហារសហការជាមួយវេទិការសម្ព័ន្ធសង្គមស៊ីវិលបានរៀបចំឱ្យមានវេទិកាកិច្ចសន្ទនាជាមួយអង្គការសមាគមមិនមែនរដ្ឋាភិបាលនិងសហគមន៍កំពុងប្រតិបត្តិការក្នុងខេត្តព្រះវិហារក្រោមអធិបតីភាពឯកឧត្តមគឹម រ័ត្នវិសិទ្ធ រដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្ត្រីនិងជាប្រធានក្រុមប្រឹក្សានៃវេទិកាសម្ព័ន្ធសង្គមស៊ីវិល លោកក អ៊ុង វុទ្ធី អភិបាលរងព្រះវិហារនិងមានការចូលរួមពីឯកឧត្តមលោកជំទាវសមាជិកវេទិកាសម្ព័ន្ធសង្គមស៊ីវិលប្រធានមន្ទីរអង្គភាពជុំវិញខេត្ត អភិបាលក្រុងស្រុកនិងតំណាងអង្គការសមាគមសហគមន៍ដែលធ្វើប្រតិបត្តិការក្នុងខេត្តព្រះវិហារជាច្រើនរូប។
ក្រោយពីបានធ្វើបទបង្ហាញនិងកិច្ចពិភាក្សាវែកញែកនិងដោះស្រាយបញ្ហាប្រឈមដែលកើតមានឡើងក្នុងការបំពេញការងាររបស់អង្គការសមាគមក្នុងខេត្តព្រះវិហាររួចមក ឯកឧត្តមគឹម រ័ត្នវិសិទ្ធ រដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្ត្រីបានមានប្រសាសន៍ថាពីគោលបំណងនៃអង្គវេទិកានេះគឺដើម្បីពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការរវាងរាជរដ្ឋាភិបាល អាជ្ញាធរមូលដ្ឋានជាមួយអង្គការសង្គមស៊ីវិលសំដៅធានាការចូលរួមអភិវឌ្ឍប្រទេសជាតិប្រកបដោយចីរភាព។ ឯកឧត្តមរដ្ឋលេខាធិការស្នើសុំឱ្យអង្គការសង្គមស៊ីវិលទាំងអស់ដែលធ្វើប្រតិបត្តិការក្នុងខេត្តព្រះវិហារត្រូវសហការឲ្យបានជិតស្និទ្ធជាមួយអាជ្ញាធរមូលដ្ឋាននឹងត្រូវឱ្យតម្លៃគ្នាទៅវិញ ទៅមកក្នុងការបំពេញតួនាទីកាតព្វកិច្ចរបស់ខ្លួននៅតាមមូលដ្ឋានត្រូវតម្កល់ផលប្រយោជន៍ប្រជាពលរដ្ឋជាធំ។
ក្នុងឱកាសនោះដែរ ឯកឧត្តមរដ្ឋលេខាធិការបានស្នើសុំឱ្យអង្គការសមាគមនិងសហគមន៍ដែលប្រតិបត្តិការក្នុងខេត្តទាំងអស់ត្រូវចុះបញ្ជីជាមួយក្រសួងមហាផ្ទៃនិងនិងសាខាពន្ធដារឲ្យបានត្រឹមត្រូវស្របតាមច្បាប់កំណត់ ៕