លោក​ប្រធាន​កាំកុងត្រូល​ខេត្តស្វាយរៀង ដឹកនាំ​មន្ត្រី​ជំនាញ​ចុះ​ពិនិត្យ​ទំនិញ​ជាច្រើន​មុខ នៅ​ផ្សារ​វាល​យន្ត ក្រុង​ស្វាយរៀង​

(​ស្វាយរៀង​)៖ នៅ​ព្រឹក​ថ្ងៃទី​១៤ ខែ​សីហា ឆ្នាំ​២០១៩ លោក ផឹង និល ប្រធាន​សាខា​កាំកុងត្រូល​ខេត្តស្វាយរៀង បាន​សហការ​ជាមួយ​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត ដឹកនាំ​ក្រុម​ការងារ បន្ត​ចុះ​ពិនិត្យ​មុខទំនិញ​ជាច្រើន​មុខ នៅក្នុង​ផ្សារ​វាល​យន្ត ក្រុង​ស្វាយរៀង បាន​រកឃើញ​ទំនិញ​ខូច​គុណភាព ៨​គីឡូក្រាម​និង​ងៀត​បបែល​កន្លះ​គីឡូក្រាម ។​

​លោក ផឹង និល បានអោយដឹងថា​: ដោយ​មាន​ការណែនាំ​ពី​លោក ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម និង​លោក ម៉ក់ ពេជ្ជ​រិទ្ធ ប្រតិភូ​រាជរដ្ឋាភិបាល ទទួលបន្ទុក​ជា​អគ្គនាយក​កាំកុងត្រូល ក្នុងនោះ​កាំកុងត្រូល​ខេត្ត​ស្វាយរៀង តែងតែ​ចុះ​ពិនិត្យ​មុខទំនិញ​បាន​ជាច្រើនលើក ហើយ​ការចុះពិនិត្យ​មុខ​ទំនិញ​នៅ​ថ្ងៃនេះ ក្នុង​គោលបំណង​ធានា​បាន​សុវត្ថិភាព​ម្ហូបអាហារ ព្រោះ​វា​មាន​សារសំខាន់ ចាំបាច់​ណាស់ ក្នុងសង្គម និង​ជីវភាព​ប្រចាំថ្ងៃ ។ ការទទួលខុសត្រូវ​លើ​សុវត្ថិភាព​ម្ហូបអាហារ គឺជា​ការទទួលខុសត្រូវ​រួម​គ្នា ទាំង​ស្ថាប័ន​ជំនាញ ទាំង​អ្នក​នាំចូល អ្នក​ផលិត អ្នក​ចែកចាយ និង​អ្នក​ទាំងអស់​គ្នា ជា​អ្នក​ប្រើប្រាស់​ផងដែរ ព្រោះ​សុខភាព គឺជា​កត្តា​ចំបង​នៃ​ភាព​រស់រាន​នៃ​ជីវិត ។​

​លោក​ក៏​បាន​បញ្ជាក់ថា​: មន្ត្រី​ជំនាញ​បាន​ធ្វើការ​ពិនិត្យ​មុខទំនិញ​ចំនួន​ជិត​២០​មុខ ក្នុង​ផ្សារ​វាល​យន្ត​នេះ បាន​រកឃើញ​ទំនិញ​ខូច​គុណភាព​រួមមាន​: សាច់​ក្រកសាច់​៣kg, ងៀត​អន្ទង់​២,៥kg, ត្រី​ប្រឡាក់​២,៥kg, ងៀត​បបែល​មាន​សារធាតុ​គីមី​០,៥kg ចំណែក​អ្នកលក់ ក៏​បាន​យល់ព្រម​បញ្ឈប់​ការដាក់​លក់​ទំនិញ​ដែល​ខូច​គុណភាព ហួសការ​បរិច្ឆេទ​ប្រើប្រាស់ ព្រោះ​ពួកគេ​ទាំងអស់​នោះ​បាន​យល់ដឹង​នូវ​ផល​ប៉ះពាល់​ដល់​សុខភាព​របស់​ពលរដ្ឋ ។​

​លោក ផឹង និល បាន​អំពាវ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់ នៅ​ខេត្ត​ស្វាយរៀង សូម​មាន​ការ​ប្រយ័ត្ន ចំពោះ​ការបរិភោគ​ចំណីអាហារ ត្រូវ​ពិនិត្យ​មើល​ស្លាក​សញ្ញា​កាលបរិច្ឆេទ ឲ្យបាន​ច្បាស់លាស់ មុន​នឹង​ទិញ​យក​ទៅ​បរិភោគ​។ ជាពិសេស​ចំណីអាហារ​ក្មេងៗ និយម​បរិភោគ ត្រូវ​ពិនិត្យមើល​ឲ្យបាន​ត្រឹមត្រូវ មុន​នឹង​បរិភោគ ដើម្បី​ចូលរួម​លើកកម្ពស់​សុខុមាលភាព​ទាំងអស់គ្នា ហើយ​មន្ត្រី​កាំកុងត្រូល​យើ​ហនឹង​បន្ត​ចុះ ពិនិត្យ​ទំនិញ​នៅ​តាម​ផ្សារ​នានា នៅក្នុង​ខេត្ត​ស្វាយរៀង​បន្ត​ទៀត​ផង​ដែរ ៕