ជនពិការ​ទីទាល់ក្រ ចំនួន ៣០​គ្រួសារ នៅក្នុង​ខេត្ត​ប៉ៃលិន ទទួល​អំណោយ​ពី​មូល​នីធិ​ជនពិការ​

ប៉ៃលិន​៖ ថ្ងៃទី​០៥ ខែ​សីហា ឆ្នាំ​២០១៩ នៅ​មន្ទីរ​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា​ខេត្ត ប៉ៃលិន ជនពិការ​ទីទាល់ក្រ ចំនួន ៣០​គ្រួសារ នៅក្នុង​ខេត្ត​ប៉ៃលិន បាន​ទទួល​អំណោយ​ពី​មូល នីធិ​ជនពិការ តាមរយៈ​ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា ស្ថិតក្រោម​អធិបតីភាព ឯកឧត្តម ផាន់ ចាន់​ធុល អភិបាលខេត្ត​ប៉ៃលិន និង​ឯកឧត្តម សៅ ឡែន អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​កិច្ចការរដ្ឋបាល និង​ហិរញ្ញ នៃ​ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា និង​ជា​ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​មូលនិធិ​ជនពិការ​។​

​ឯកឧត្តម សៅ ឡែន ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​មូលនិធិ​ជនពិការ បាន​មានប្រសាសន៍​លើកឡើងថា​៖ មូលនិធិ​ជនពិការ ជា​គ្រឹះស្ថាន​សាធារណៈ​រដ្ឋបាល ដែល​ស្ថិតនៅក្រោម​អាណា​ព្យាបាល​បច្ចេកទេសរ​បស់​ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា និង​ស្ថិត​នៅក្រោម​អាណា​ព្យាល​ផ្នែក​ហិរញ្ញវត្ថុ​របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ហើយ​មូលនិធិ​ជនពិការ ជា​ស្ថាប័ន​មួយ​ដែល​ទទួល​ទុន​ដំបូង​ពី​រាជរដ្ឋាភិបាល និង​ទទួល​ផល​ចំណេញ​ពី​ការវិនិយោគ ការឧបត្ថម្ភ ឬ​អំណោយ​នានា សកម្មភាព​រៃអង្គាស​មូលនិធិ និង​ការប្រមូលប្រាក់​ពិន័យ​ពី​បណ្តា​ស្ថាប័ន​នានា ដែល​ខកខាន​មិន​បាន​បំពេញ​កតព្វកិច្ច​ដូច​បាន​កំណត់​ដោយ​ច្បាប់​ស្តីពី​កិច្ចការពារ និង​លើកកម្ពស់​សិទ្ធិ​ជនពិការ និង​អនុក្រឹត្យ​ស្តីពី​អត្រា​កំណត់ និង​បែបបទ​នៃ​ការជ្រើសរើស​ជនពិការ​ចូល​បម្រើ​ការងារ​។

​នៅក្នុង​ឱកាស​នោះ​ដែរ ឯកឧត្តម​ប្រធាន បាន​មានប្រសាសន៍​សំដែង​នូវ​ការគោរព និង​កោតសរសើរ​ចំពោះ​ការខិតខំ​ប្រឹងប្រែង​របស់លោក លោកស្រី ថ្នាក់ដឹកនាំ មន្ត្រីរាជការ​នៃ​មូលនិធិ​ជនពិការ​ទាំងអស់ ដែល​បាន​ខិតខំ​ពុះពារ​អនុវត្ត​ការងារ​កន្លងមក ក្នុង​ការបម្រើ​ដល់​ជនពិការ ឲ្យទទួល​បាន​សេវា​ពី​រាជរដ្ឋាភិបាល ប្រកបដោយ គុណភាព ដូច​ទៅ​នឹង​ការចេញ​នូវ​ទស្សនៈវិស័យ​ថ្មី​របស់​មូលនិធិ​ជនពិកា​រថា “​ជនពិការ​មាន​សិទ្ធិ​ក្នុង​ការទទួលបាន​សេវា​ស្តារ​លទ្ធភាព​ពលកម្ម​ប្រកបដោយ​គុណភាព និង​ទទួលបាន​ការជួយ​គាំទ្រ​ក្នុង​ការរស់នៅ និង​ចូលរួម​ក្នុង​សកម្មភាព​សង្គម​។​

​ឯកឧត្តម ផាន់ ចាន់​ធុល អភិបាលខេត្ត​ប៉ៃលិន បាន​មានប្រសាសន៍​លើកឡើងថា​៖ ជា​អកុសល​ដែល​ប្រជាពលរដ្ឋ និង​បងប្អូន​អតីតយុទ្ធជន​ធ្លាក់ខ្លួន​ពិការ ប៉ុន្តែ​បងប្អូន និង​ប្រជាពលរដ្ឋ​ខ្មែរ​ទាំងអស់​គ្នា នៅ​មាន​សំណាង ដោយសារ​យើង នៅ​មាន​ជីវិត​រស់នៅ​ជួបជុំ​គ្រួសារ បើសិន​ប្រៀបធៀប​ជាមួយ នឹង​យោធិន​ដែល​បាន​ពលី​ជីវិត នៅលើ​សមរភូមិ ក្នុងតំណាក់កាល​សង្គ្រាម និង​ប្រជាពលរដ្ឋ​រាប់លាន ដែល​បាន​ស្លាប់​នៅក្នុង​របប ប៉ុល ពត នេះ​ហើយ​គឺ​រស់ជាតិ​នៃ​សង្គ្រាម ដែល​យើងទាំងអស់គ្នា ក្លាយ​ជនរងគ្រោះ​ដោយសារ​សង្គ្រាម​។ ប៉ុន្តែ​ជា​ភ័ព្ទសំណាង ដែល​យើង​បាន​បញ្ចប់​សង្គ្រាម រួចផុត​ពី​របប​ប្រល័យ​ពូជសាសន៍ ប៉ុល ពត ដោយ​បាន​ដឹកនាំ កសាង​ប្រទេសជាតិ​ឡើងវិញ រហូត​យើង​ចាប់ផ្តើម​ចា​ចារ បង្រួបបង្រួម​ជាតិ​បញ្ចប់សង្គ្រាម ហើយ​ទីបំផុត​ស្មារតី​ខ្មែរ​ស្រលាញ់​ខ្មែរ បាន​បញ្ចប់​សង្គ្រាម​ដ៏​រ៉ាំរ៉ៃ ក្រោម នយោបាយ​ឈ្នះ ឈ្នះ របស់​សម្តេច​ត​ជោ សែន ដែល​ប្រែក្លាយ​ទឹកដី ដែល​ច្បាំង​គ្នា​យ៉ាង​ក្តៅគគុក មក​ជា​តំបន់​មាន​ការអភិវឌ្ឍ​រីកចម្រើន មាន​សុខសន្តិភាព ប្រជាជន​មាន​ជី​ភាព សម្បូរ​សប្បាយ​” ។

​ឯកឧត្តម​អភិបាលខេត្ត បាន​មានប្រសាសន៍​បញ្ជាក់​ថា​៖ ប​ច្ច​ប្បន្ន​នេះ រាជរដ្ឋាភិបាល​កម្ពុជា បាន​យកចិត្តទុកដាក់ ចំពោះ​អតីតយុទ្ធជន និង​ជនពិការ ដោយ​ខិតខំ​ដោះស្រាយ ទៅតាម​លទ្ធភាព ពីព្រោះ​អតីតយុទ្ធជន និង​អ្នក​នៅ​ក្នុង​បន្ទុក មាន​ចំនួន​ជាង ២០​ម៉ឺន​នាក់ នៅ​ទូទាំង​ប្រទេស បើទោះបីជា​មាន​ចំណុច​ខ្វះខាត​ខ្លះ ប៉ុន្តែ​រដ្ឋាភិបាល​កម្ពុជា ជាពិសេស​សម្តេច​តេជោ សែន មិន​ដែល​បោះបង់​បងប្អូន​អតីតយុទ្ធជន និង​ជនពិការ​ចោល​នោះ​ទេ គឺ​នៅតែ​បន្ត​យកចិត្តទុកដាក់​បីបាច់​ថែរក្សា ទាំង​អតីតយុទ្ធជន ទាំង​ជនពិការ​ក្រីក្រ ទាំង​គ្រួសារ និង​ទាំង​យោធិន​ពលី​។​

​បើ​តាម​របាយការណ៍រ​បស់​លោក អ៊ិត ពេន ប្រធាន​មន្ទីរ​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា​ខេត្ត​ប៉ៃលិន បានឱ្យដឹងថា​៖ តាមរយៈ​សាខា​ខេត្ត បាន​ធ្វើ​ការជ្រើសរើស​ជ​ន​ពិការ​ក្រីក្រ​ចំនួន ៣០​គ្រួសារ ដែល​កំពុង​ជួប​ការលំបាក​ផ្នែក​ជីវភាព ដើម្បី​ទទួលបាន​អំណោយ​ពី​មូលនិធិ​ជនពិការ ដោយ​ម្នាក់ៗ​នឹង​ទទួលបាន​៖ អង្ករ ២៥​គី​ឡូ ត្រីខ ២​យួរ ទឹកត្រី ១​យួរ ទឹកស៊ីអ៊ីវ ១​យួរ អំបិល ០២​គីឡូក្រាម មី​ម៉ា​ម៉ា ១​កេះ សំលៀក​បំពាក់ ១​កញ្ចប់ និង​ថវិកា​ចំនួន ១០​ម៉ឺន​រៀល​ផងដែរ ៕