​នាយ​ឧត្តមសេនីយ៍ គន់ គីម បាន​អញ្ជើញ​ចូលរួម ក្នុង​កិច្ចប្រជុំ​ដើម្បី​ត្រួតពិនិត្យ​ការងារ​គ្រប់គ្រង​គ្រោះមហន្តរាយ របស់​រដ្ឋបាល​ខេត្ត​កែប​

(​ខេត្ត​កែប​)៖ នៅ​រសៀល​ថ្ងៃ​ទី​០៥ ខែ​សីហា ឆ្នាំ​២០១៩ រដ្ឋបាល​ខេត្ត​កែប បាន​រៀបចំ​កិច្ចប្រជុំ​ត្រួតពិនិត្យ​ការងារ​ត្រៀម​បង្ការ និង​សង្រោះ​មហន្តរាយ​ខេត្ត​ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់ នាយ​ឧត្ដមសេនីយ៍ គន់ គីម ទេស​រដ្ឋមន្ត្រី​ទទួលបន្ទុក​បេសកកម្ម​ពិសេស និង​ជា​អនុប្រធាន​ទី​១ នៃ​គណៈកម្មាធិការ​ជាតិ គ្រប់គ្រង​គ្រោះ​ម​ហ​ត្តរា​យ លោក កែ​ន សត្ថា អភិបាល​នៃ​គណៈ​អភិបាលខេត្ត លោក សំ សារី​ន ប្រធាន​ក្រុមប្រឹក្សា​ខេត្ត លោក លោកស្រី ជា​គណៈប្រតិភូ អភិបាលរង​ខេត្ត សមាជិក​ក្រុមប្រឹក្សា​ខេត្ត មេបញ្ជាការ​កម្លាំងប្រដាប់អាវុធ​ដែល​ជា​សមាជិក​គណៈកម្មាធិកា​រ​គ្រប់គ្រង​គ្រោះមហន្តរាយ​ខេត្ត លោកស្រី​អភិបាល អភិបាលរងក្រុង ប្រធាន​មន្ទីរ អង្គភាព​ចំណុះ​រចនាសម្ព័ន្ធ​សាលាខេត្ត មេភូមិ​គ្រប់​ភូមិ​ក្នុង​ខេត្ត​កែប​។​

​លោក កែ​ន សត្ថា អភិបាល នៃ​គណៈ​អភិបាលខេត្ត​កែប បានឲ្យដឹងថា នៅ​០៦​ខែ​ដើមឆ្នាំ​២០១៩​នេះ ខេត្ត បាន​ជួប​នូវ​គ្រោះ​មហន្តរាយ​០៦​លើក ជា​ករណី​ខ្យល់​កន្ត្រាក់ ក្នុងនោះ​ក្រុងកែប​០១​លើក បណ្តាលឲ្យ​ខូច​ដំបូល​ផ្ទះ​ប្រជាពលរដ្ឋ​ចំនួន​៤​ខ្នង និង ស្រុក​ដំណាក់​ចង្អើរ​០៥​លើក បណ្តាលអោយ​ខូច​ដំបូល​ផ្ទះ​របស់​ប្រជាពលរដ្ឋ​៥២​ខ្នង ។​

​លោក​អភិបាលខេត្ត បាន​គូស​បញ្ជាក់ឲ្យ​ឃើញ​ដែរ​ថា នា​ពេល​ថ្មីៗ ក្នុង​ខែ​សីហា ឆ្នាំ​២០១៩​នេះ ប្រជាពលរដ្ឋ​ចំនួន​១១​គ្រួសារ ក្នុងស្រុក់​ដំណាក់​ចង្អើរ ខេត្ត​កែប បាន​ជួបប្រទះ​នឹង​គ្រោះមហន្តរាយ ដោយ​ប៉ើង​ដំបូង​អស់​ផ្ទះ​ចំនួន​១១​ខ្នង ដោយសារ​បាតុភូត​ខ្យល់ក​ន្ទ្រា​ក់ ដែល​លាយឡំ​ជាមួយ​ទឹកភ្លៀង កាលពី​វេលា​ម៉ោង ប្រមាណ ៨​ព្រឹក ថ្ងៃទី​០៣ ខែ​សីហា ឆ្នាំ​២០១៩ នេះ ជា​ការឆ្លើយតប​ទៅនឹង​ស្ថានភាព​ខាងលើ​គណៈកម្មាធិការ​គ្រប់គ្រង​គ្រោះមហន្តរាយ​ខេត្ត ដោយ​មាន​ការគាំទ្រ​ពី​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ និង​សប្បុរសជន​នានា ព្រមទាំង​មាន​កិច្ចសហការ ជាមួយ​សាខា​កាកបាទក្រហម​ខេត្ត និង​កាកបាទក្រហមកម្ពុជា រួម​គ្នា​ចុះ​ជួយ​បាន​ទាន់ពេលវេលា ដល់​គ្រួសារ​រងគ្រោះ​។​

​នាយ​ឧត្តមសេនីយ៍ គន់ គីម បាន​ថ្លែង​កោតសរសើរ និង​វាយតម្លៃ​ខ្ពស់ ដល់​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ​ខេត្ត និង​មន្ត្រី​ពាក់ព័ន្ធ​គ្រប់​ថ្នាក់ ដែល​បាន​យកចិត្តទុកដាក់​អស់ពី​កម្លាំងកាយ​ចិត្ត សហការ​គ្នា​បាន​យ៉ាង​ល្អ ក្នុង​ការឆ្លើយតប​ទាន់ពេលវេលា ដើម្បី​ជួយសង្គ្រោះ​ប្រជាពលរដ្ឋ​ក្នុង​រយៈពេល​កន្លងមក ស្របតាម​គោលនយោបាយ របស់​រាជរដ្ឋាភិបាល​កម្ពុជា​។

​ក្នុងឱកាស​នោះ​ឯកឧត្តម​ទេសរដ្ឋមន្ត្រី គន់ គីម បាន​ផ្តាំផ្ញើ​ដល់​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ​ខេត្ត និង​អាជ្ញាធរ​ដែនដី គ្រប់​លំដាប់ថ្នាក់ ត្រូវ​យកចិត្តទុកដាក់​ចំពោះ​អតីតយុទ្ធជន និង​ត្រៀម​សម្ភារ​: ត្រៀមកម្លាំង​ជំនាញ និង​ត្រៀម​ធនធាន​បច្ចេកទេស ដើម្បី​ជួយសង្គ្រោះ​អោយបាន​រហ័ស និង​ទាន់​ពេលវេលា​ក្នុងករណី​មាន​គ្រោះមហន្តរាយ​កើតមានឡើង​ជា​យថាហេតុ បញ្ហា​សំខាន់​គឺ​ត្រូវ​ដឹង ពី​ដំណោះស្រាយ​ឲ្យបាន​មុន ជា​ពិសេស​អាជ្ញាធរ​មាន​សមត្ថកិច្ច ត្រូវ​ចេញ​ប្រតិបត្តិការ​ជួយសង្គ្រោះ​ជីវិត​មនុស្ស និង​ធ្វើ​ការឆ្លើយតប​ឲ្យបាន​ទាន់​ពេលវេលា​៕