ឯកឧត្តម ម៉ែន វិបុល អភិបាលខេត្ត​ស្វាយរៀង អញ្ជើញ​ចុះ​សួ​សុខទុក្ខ​បងប្អូន​កម្មករ​ដែលរ​ង​របួសធ្ងន់​នៅ​មន្ទីរពេទ្យ​ខេត្ត​ស្វាយរៀង​

​នា​រសៀល​ថ្ងៃ​អង្គារ ១៤​រោច ខែ​អាសាឍ ឆ្នាំ​កុរ ឯ​កស័ក ព​.​ស ២៥៦៣ ត្រូវ​នឹង​ថ្ងៃទី​៣០ ខែកក្កដា ឆ្នាំ​២០១៩​នេះ ឯកឧត្តម ម៉ែន វិបុល អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ស្វាយរៀង និង​មាន​ការអញ្ជើញ​ចូលរួម​ពី​លោកជំទាវ​ក្រុមការងារ​ចុះជួយ​ស្រុក​ស្វាយទាប លោកជំទាវ​អភិបាលរង​ខេត្ត និង​លោក លោកស្រី នៃ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​ស្វាយរៀង បាន​ចុះ​សួ​សុខទុក្ខ និង​នាំយក​ថវិកា​របស់​លោក​ជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ចំនួន ១០០,០០០​រៀល ថវិកា​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​ចំនួន​១០០,០០០​រៀល ក្នុងនោះ​ស្ត្រី​មាន​ផ្ទៃពោះ​ម្នាក់​ឧបត្ថម្ភ​ចំនួន​២០០,០០០​រៀល ថវិកា​លោកជំទាវ ភឿង សកុណា ប្រធាន​ក្រុមការងារ​ចុះជួយ​ស្រុក​ស្វាយ​ទាប​ចំនួន​២០០,០០០​រៀល និង​ថវិកា​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ខេត្ត​ចំនួន ៥០,០០០​រៀល ដើម្បី​ឧបត្ថម្ភ​ដល់​កម្មករ​រោងចក្រ​ដែល​បាន​ជួប​គ្រោះថ្នាក់​ចរាចរណ៍​រងរ​បួស​ធ្ងន់​ចំនួន​១៨​នាក់ កាលពី​ព្រឹក​មិញ​នៅ​ភូមិ​កំពង់​រទេះ ឃុំ​ពពែ​ត ស្រុក​ស្វាយទាប ខេត្ត​ស្វាយរៀង ដែល​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ខេត្ត​ស្វាយរៀង ។​

​ឯកឧត្តម​អភិបាលខេត្ត​បាន​សម្តែង​នូវ​ការសោកស្តាយ​ចំពោះ​ឧបទ្ទវហេតុ​នេះ​ដែល​បាន​កើតឡើង​ទៅ​លើ​កម្មក​រ​ធ្វើអោយ​ស្លាប់​២​នាក់ និង​រងរបួស​ធ្ងន់​ស្រាល​៣២​នាក់​។ ឯកឧត្តម​អភិបាលខេត្ត​ក៏​បាន​ធ្វើការ​ផ្តាំផ្ញើរ​ដល់​ក្រុម​គ្រូពេទ្យ​ឲ្យមាន​ការយកចិត្តទុកបំផុ​ត​ក្នុង​ការតាមដាន​ពី​ស្ថានភាព​របស់​អ្នករងរបួស​ដែល​កំពុង​សម្រាក​ព្យាបាល​នាពេលនេះ ។​

​ទទ្ទឹម​នោះ​សម្រាប់​កម្មករ​ដែល​រង​របួសស្រាល​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យបង្អែក​ជី​ភូ​ចំនួន​១២​នាក់ ឯកឧត្តម តូច ប៉ូ​លី​វ៉ា លោកជំទាវ ឯក សុវណ្ណ​ភារៈ អភិបាលរង​ខេត្ត តំណាង​ឯកឧត្តម​អភិបាលខេត្ត បាន​រួម​ដំណើរ​ជាមួយ លោកជំទាវ ដួង វណ្ណា លោកជំទាវ ពៅ សុភាព តំណាងរាស្ត្រ​ខេត្ត​ស្វាយរៀង លោកជំទាវ ភួង សារី រួម​លោក​ជំទាវ​ក្រុមការងារ​ចុះ​ចុះជួយ​ស្រុក​ស្វាយទាប រួមទាំង​ក្រុមការងារ​កាកបាទក្រហម​ខេត្ត តំណាង​លោក​ជំទាវ​កិតិ្ត​សង្គហ​បណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋ​ម​ន្រី្ត​ក្រសួង​ទំនាក់ទំនង​រដ្ឋសភា ព្រឹទ្ធសភា និង​អធិការកិច្ច និង​ជា​ប្រធាន​ក្រុមការងារ​ចុះ​ជួយ​ខេត្ត​ស្វាយរៀង បាន​ចុះ​សួ​សុខទុក្ខ​និង​នាំយក​ថវិការ​ឧបត្ថម្ភ​ដល់ អ្នករងរបួស និង​ចូល​បុណ្យ​ដល់​គ្រួសារ​សព​ចំនួន​០២​គ្រួសារ ក្នុង​១​គ្រួសារ​ទទួលបាន​ថវិកា​១,១០០,០០០​រៀល និង​ទេយ្យទាន​មួយចំនួន​ទៀត​ផង​ដែរ​។​