​រដ្ឋបាល​ខណ្ឌដូនពេញ បើក​កិច្ចប្រជុំ​បន្ទាន់ ខណៈ​ដែល​ក្រុមហ៊ុន​ស៊ីន​ទ្រី អាក់ខាន​ក្នុង​ការប្រមូល​សំរាម​មួយរយៈ​ខ្លី ដោយ​មូលហេតុ គ្រឿងចក្រ​មួយ​ចំនួន​នៅ​ទីលាន​ចាក់សំរាម​បាន​ខូច​

​ភ្នំពេញ​៖ លោក សុខ ពេញវុ​ធ អភិបាលខណ្ឌ​ដូនពេញ ដឹកនាំ​កិច្ចប្រជុំ​បន្ទាន់​មួយ​ដើម្បី​បែងចែក​កម្លាំង​ជួយ​ដោះស្រាយ ប្រមូល ដឹក​ជញ្ជូន​សំរាម និង​បាញ់​លាង​សម្អាត​តាម​ដេប៉ូ​សំរាម​ក្នុង​មូលដ្ឋាន​ខណ្ឌ ជាមួយ​ក្រុមហ៊ុន​ស៊ីន​ទ្រី ដើម្បី​កុំឲ្យ​មាន​ក្លិនស្អុយ​ធ្វើឲ្យប៉ះពាល់​ដល់​សុខភាព​ប្រជាពលរដ្ឋ ។​

​កិច្ចប្រជុំ​នេះ បាន​ធ្វើឡើង​កាលពី​រសៀល​ថ្ងៃ​ព្រហស្បតិ៍ ៦​រោច ខែ​ចេត្រ ឆ្នាំ​កុរ ឯ​កស័ក ពុទ្ធ​ស័ក​រាជ​២៥៦២ ត្រូវ​នឹង​ថ្ងៃទី​២៥ ខែ​មេសា ឆ្នាំ​២០១៩ វេលា​ម៉ោង ៤ និង​៣០​នាទី ដើម្បី​ដឹកនាំ​កម្លាំង​បែងចែក​ជួយ​ដោះស្រាយ ប្រមូល ដឹក​ជញ្ជូន​សំរាម និង​បាញ់​លាង​សម្អាត​ដេប៉ូ​សំរាម​ក្នុង​មូលដ្ឋាន​ខណ្ឌ ជាមួយ​ក្រុមហ៊ុន​ស៊ីន​ទ្រី ដោយសារ​សំរាម​ក្នុង​រាជធានី​ភ្នំពេញ មាន​ការកកស្ទះ ព្រោះ​គ្រឿងចក្រ​នៅ​ទីលាន​ចាក់សំរាម​ខូច ទើប​រថយន្ត​មិន​អាច​ចូល​ចាក់​សំរាម​បាន ។​

​ដូច្នេះ​រដ្ឋបាល​ខណ្ឌដូនពេញ សូម​ជម្រាប​ជូនដំណឹង​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្នុង​មូលដ្ឋាន​ខណ្ឌ​ដូនពេញ​ទាំងអស់​មេត្តា​ជ្រាប​ថា សំរាម​ដែល​នៅ​តាម​ដេប៉ូ​ធំៗ និង​តាម​ខ្នង​ផ្ទះ​បងប្អូន​ប្រជាពលរដ្ឋ និង​ត្រូវ​អាក់ខាន​ក្នុង​ការប្រមូល​មួយរយៈ​ខ្លី ដោយ​មូលហេតុ គ្រឿងចក្រ​មួយ​ចំនួន​នៅ​ទីលាន​ចាក់សំរាម​បាន​ខូច មិន​អាច​រុញ​សំរាម​ចូលក្នុង​រណ្តៅ​បាន ជាហេតុ​នាំឲ្យ​មាន​ការកក់ស្ទះ​រថយន្តដឹក ដែល​ចូល​ទៅក្នុង​ទីលាន​ចាក់សំរាម​ផងដែរ ។​

​ជា​ចំណាត់ការ​បន្ទាន់ រដ្ឋបាល​ខណ្ឌដូនពេញ បាន និង​កំពុង​រៀបចំ​កម្លាំង​ប្រមូល​បាញ់​លាង សម្ភារ និង​គ្រឿងចក្រ ដើម្បី​សហការ​ជាមួយ​ក្រុមហ៊ុន​ស៊ីន​ទ្រី ជួយប្រមូល ដឹកជញ្ជូន និង​សម្អាត​ឡើងវិញ ។​

​ដូច្នេះ សូម​បងប្អូន​ប្រជាពលរដ្ឋ​មេត្តា​យោគយល់​អធ្យាស្រ័យ​ចំពោះ​បញ្ហា​នេះ​ផង ៕