សម្តេច​ហ៊ុន​សែន​៖​អបអរសាទរ​បុណ្យ​«​រុក្ខ​ទិវា​»០៩ ខែកក្កដា ឆ្នាំ​២០១៩

​បុណ្យ​«​រុក្ខ​ទិវា​»​បាន​បង្កើតឡើង​នៅ​ក្នុង​ឆ្នាំ​១៩៥២ ក្រោម​ព្រះរាជកិច្ច​ដឹកនាំ​របស់​ព្រះ​បរម​រតន​កោដ ព្រះមហាវីរក្សត្រ ព្រះករុណា ព្រះបាទ​សម្តេចព្រះ​នរោត្តម សីហនុ ក្នុង​គោលបំណង​បំផុស​ចលនា​ដាំ​ដើមឈើ​ឡើងវិញ និង​ការថែរក្សា​សម្បត្ដិ​ព្រៃឈើ ជាពិសេស​ដើម្បី​ថែរក្សា ការពារ និង​បណ្តុះ​គំនិត​ស្រលាញ់​ព្រៃឈើ និង​បរិស្ថាន​ធម្មជាតិ​។ រុក្ខ​ទិវា ឆ្នាំ​២០១៩​ត្រូវ​ប្រារព្ធ​ធ្វើឡើង​នៅក្នុង​ភូមិ ស្រែ​ត្រែង ឃុំ​ក្បាលដំរី ស្រុក​សំបូ​រណ៍ ខេត្ត​ក្រចេះ ក្រោម​ព្រះរាជាធិបតី​ដ៏​ខ្ពង់ខ្ពស់ ព្រះករុណា​ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហ​មុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​

​សូម​បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរ​ទាំងអស់ ចូលរួម​បណ្តុះ​គំនិត នៃ​ការស្រឡាញ់​ដើមឈើ ចូលរួម​ដាំ​ដុះ ថែរក្សា​ការពារ​ព្រៃឈើ និង​បរិស្ថាន​ធម្មជាតិឲ្យបាន​គ្រប់ៗ​គ្នា ដើម្បី​ជា​ប្រយោជន៍ ដល់​ការរស់នៅ​របស់​ខ្លូន​យើង​ផង សហគមន៍​យើង​ផង និង​ជីវិត​សត្វព្រៃ​គ្រប់​ប្រភេទ ព្រមទាំង​ប្រព័ន្ធ​ជីវៈចម្រុះ​ផងដែរ​។​អរគុណ​ក្រសួង មន្ទីរ ស្ថាប័ន​ពាក់ព័ន្ធ អាជ្ញាធរ និង​សមត្ថកិច្ច​គ្រប់​លំដាប់ថ្នាក់ ព្រមទាំង​សមាគម អង្គការ​ជាតិ និង​អន្តរជាតិ ម្ចាស់ជំនួយ និង​ដៃគូ​អភិវឌ្ឍន៍ ព្រមទាំង​បងប្អូន​ប្រជាពលរដ្ឋ ដែល​បាន​ចូលរួម​ថែរក្សា​ការពារ និង​ដាំ​ដុះ​ដើមឈើ​កាន់តែ​ច្រើន​ឡើង​នៅ​ទូទាំង​ប្រទេស​៕