សម្ដេច​ក្រឡាហោម ស ខេង អញ្ជើញ​ជា​អធិបតី​ពិធី​នៃ​ពិធី​បុណ្យ​បញ្ចុះ​ខណ្ឌសីមា​ព្រះវិហារ និង​ឆ្លង​សមិទ្ធផល​នានា នៃ​វត្ត​សិរី​មានជ័យ ហៅ​វត្ត​អង្គរជ័យ​

ភ្នំពេញ ៖ នៅ​ព្រឹក​ថ្ងៃ​សៅរ៍ ៨​រោច ខែ​ចេត្រ ឆ្នាំ​កុរ ឯ​កស័ក ព​.​ស​២៥៦២ ត្រូវ​នឹង​ថ្ងៃទី​២៧ ខែ​មេសា ឆ្នាំ​២០១៩​នេះ សម្ដេច​ក្រឡាហោម ស ខេង នាយករដ្ឋមន្ត្រី​ស្ដីទី បាន​អញ្ជើញ​ជា​អធិបតី​ពិធី​នៃ​ពិ​បុណ្យ​បញ្ចុះ​ខណ្ឌសីមា​ព្រះវិហារ និង​ឆ្លង​សមិទ្ធផល​នានា​នៃ​វត្ត​សិរី​មានជ័យ ហៅ​វត្ត​អង្គរជ័យ ស្ថិតក្នុង​ភូមិ​ស្វាយ ឃុំ​អង្គរ​រាជ្យ ស្រុក​ព្រះស្ដេច ខេត្ត​ព្រៃវែង ។​

​យោងតាម​របាយការណ៍​អភិបាលខេត្ត​ព្រៃវែង វត្ត​សិរី​មានជ័យ ត្រូវបាន​បង្កើតឡើង​កាលពី​ឆ្នាំ​១៩៥១ ប៉ុន្តែ​ដូច​បណ្ដា​ទី​អារាម​ផ្សេង​ទៀត​ដែរ ក្នុងសម័យ​ខ្មែរក្រហម វត្ត​នេះ​ត្រូវបាន​បំផ្លាញ​ចោល​ទាំងស្រុង រហូតដល់​ឆ្នាំ​១៩៨០ ទើប​ពុទ្ធបរិស័ទ​រួមគ្នា​កសាង​វត្ត​នេះ​ឡើងវិញ ដោយ​មាន​ការជួយជ្រោមជ្រែង​ពី​សប្បុរសជន ថ្នាក់​ដឹកនាំ​រដ្ឋ និង​គណបក្ស​ប្រជាជន​កម្ពុជា ។​

​សម្រាប់​ព្រះវិហារ​ថ្មី ដែល​ប្រារព្ធ​ពិធី​សម្ពោធ​នា​ថ្ងៃ​នេះ​វិញ ត្រូវបាន​ព្រះ​គ្រូ​ចៅអធិការ​វត្ត ពុទ្ធបរិស័ទ និង​សប្បុរសជន រួម​គ្នា​ចាប់ផ្ដើម​កសាង​នៅ​ឆ្នាំ​២០១២ ដោយ​ចំណាយ​ថវិកា​អស់​ជាង​៣០​ម៉ឺន​ដុល្លារ​អាមេរិក ក្នុងនោះ​រួម​ទាំង​ថវិកា​បាន​មក​ពី​បច្ច័យ​នៃ​ការ​ដង្ហែ​កឋិនទាន​របស់​សម្ដេច​ក្រឡា​ហោម ស ខេង និង​ថវិកា​ចូលរួម​ពី​ក្រុមការងារ​ចុះ​ជួយ​ស្រុក​ព្រះស្ដេច ។​

​បន្ទាប់មក​នៅ​ក្នុង​បរិយាកាស​ប្រកបដោយ​សេចក្ដី​ជ្រះថ្លា​នេះ សម្ដេច​ក្រឡាហោម ស ខេង នាយករដ្ឋមន្ត្រី​ស្ដីទី បាន​អញ្ជើញ​មានប្រសាសន៍​សំណេះសំណាល​ទៅកាន់​អង្គពិធី ដោយ​ជា​កិច្ច​ចាប់ផ្ដើម​សម្ដេច​បាន​សម្ដែង​មោទនភាព​ចំពោះ​ការ​រួបរួមសាមគ្គី​គ្នា​កសាង​សមិទ្ធផល​ជាច្រើន​ក្នុង​ទី​អារាម​វត្ត​សិរី​មានជ័យ ជាពិសេស​ព្រះវិហារ​ដែល​បញ្ចុះ​ខណ្ឌសីមា​នៅថ្ងៃនេះ ។​

​ចំពោះ​ថវិកា​នៅ​ខ្វះខាត​សម្រាប់​ការសាងសង់​ព្រះវិហារ​នេះ​ជាង​២​ម៉ឺន​ដុល្លារ​អាមេរិក​នោះ សម្ដច​ក្រឡាហោម​នាយករដ្ឋមន្ត្រី​ស្ដីទី និង​ក្រុមការងារ​ចុះជួយ​ស្រុក​ព្រះស្ដេច បានប្រកាស​ប្រគេន​បច្ច័យ ដើម្បី​ទូទាត់​បង្គ្រប់​ការចំណាយ​ដែល​នៅ​ខ្វះខាត​នេះ ហើយ​ការប្រកាស​នេះ​បាន​ទទួល​ការសម្ដែង​ក្ដី​រីករាយ​អបអរសាទរ​យ៉ាង​ក្រៃលែង​ពី​សំណាក់​ព្រះសង្ឃ និង​ពុទ្ធបរិស័ទ ។​

​ពី​វេទិកា​អធិបតី​នេះដែរ សម្ដេច​ក្រឡាហោម បាន​មានប្រសាសន៍​ពី​ស្ថានភាព​អសន្តិសុខ​នៅ​បណ្ដា​ប្រទេស​មួយចំនួន ដែល​កើតចេញ​ពី​ការបែកបាក់​ជាតិ ការប្រកាន់​សាសនា និង​អំពើ​ភេ​វរ​កម្ម​សងសឹក​គ្នា​ទៅវិញទៅមក ដែល​ស្ថានភាព​ទាំងនោះ មិន​មាន​នៅក្នុង​ប្រទេស​កម្ពុជា​យើង​នោះ​ទេ ប៉ុន្តែ​សម្ដេច​សូម​អំពាវនាវ​ឲ្យ​ពលរដ្ឋ​ចូលរួម​រក្សា​សន្តិភាព​ជាមួយ​រាជរដ្ឋាភិបាល​បន្ត​ទៀត ។​

​ជាមួយគ្នានេះ សម្ដេច​បាន​មានប្រសាសន៍​ទាញ​ចំណាប់អារម្មណ៍​អង្គពិធី​អំពី​ចេទនា​របស់​ក្រុម​មួយចំនួន​ដែល​ចេះ​តែ​អូសទាញ​ពលរដ្ឋ​ឲ្យចូល​រួម​សកម្មភាព​ប្រាសចាក​ពី​ច្បាប់ និង​ធ្វើឲ្យ​ប្រទេស​ជាតិ​ប្រឈម និង​បញ្ហា​អសន្តិសុខ ខណៈ​រាជរដ្ឋាភិបាល និង​ប្រជាជន ប្រាថ្នា​ចង់បាន​តែ​សន្តិភាព ការអភិវឌ្ឍ មាន​ការងារ​ធ្វើ ជីវភាព​ធូរធា និង​សុភមង្គល ។​

​សម្ដេច​បាន​បញ្ជាក់​ថា​ទម្រាំ​ប្រទេសជាតិ​បាន​មកដល់​ដំណាក់កាល​សន្តិភាព និង​អភិវឌ្ឍន៍​ដូច​សព្វថ្ងៃនេះ យើងទាំងអស់គ្នា​ដែល​មាន​វ័យ​ចំណាស់​បាន​ឆ្លងកាត់​ទុក្ខវេទនា​ឆ្អែតឆ្អន់​ហើយ ពោល​គឺ​ស្ទើតែ​ចំណាយម​នុស្ស​អស់​មួយ​ជំនាន់​ទៅហើយ​ទម្រាំ​អាច​បញ្ចប់​សង្គ្រាម កសាង​ន្តិ​ភាព និង​រៀបចំ​អភិវឌ្ឍន៍​ប្រទេសជាតិ​មកដល់​បច្ចុប្បន្ន​នេះ ។​

​សម្ដេចនាយក​រដ្ឋមន្ត្រី​ស្ដីទី បាន​អំពាវនាវ​ឲ្យ​ថ្នាក់ដឹកនាំ​ខេត្ត ក្រុមការងារ អាជ្ញាធរ និង​សមត្ថកិច្ច​ទាំងអស់ បង្កើន​ការយកចិត្តទុកដាក់​ដោះស្រាយ​សំណូមពរ និង​ក្ដីកង្វល់​ប្រជាពលរដ្ឋ​នៅ​គ្រប់​មូលដ្ឋាន ព្រោះ​សកម្មភាព​រួមសុខ​រួម​ទុក្ខ និង​ទទួលខុសត្រូវ​ដោះស្រាយ​បញ្ហា​ពលរដ្ឋ​នេះហើយ គឹជា​ការ​ស្នេហា​ជាតិ មិន​ដូច​អ្នក​ស្រែក​ពី​ខាងក្រៅ​នោះ​មក​ទេ ។​

​ទន្ទឹមនេះ សម្ដេច​ក៏​បាន​អំពាវនាវ​ប្រជាពលរដ្ឋ​ខិតខំ​ប្រឹងប្រែង​បំពេញការងារ​ស្រែចំការ និង​ការងារ​នានា​ដើម្បី​បង្កើន​សេដ្ឋកិច្ច​គ្រួសារ និង​សង្គមជាតិ ចៀសឲ្យផុត​ពី​ការប្រព្រឹត្តិ​សកម្មភា​ព​ខុសច្បាប់ ដូច​ជា​ល្បែងស៊ីសង លួច​ឆក់​ប្លន់ អំពើហិង្សា​ក្នុង​គ្រួសារ និង​គ្រៀង​ញៀន ទៅ​តាម​គោលនយោបាយ​ភូមិ​ឃុំ​មាន​សុវត្ថិភាព និង​សូម​គោរព​ច្បាប់​ចរាច​រណ៍ ។​

​ពាក់ព័ន្ធ នឹង​ស្ថានភាព​អាកាសធាតុ សម្ដេច​ក្រឡាហោម​បាន​ក្រើនរំលឹក​ពលរដ្ឋ​តាមដាន​ការព្យាករណ៍​អាកាសធាតុ អំពី​ការកើនឡើង​កំដៅ និង​ការ​ធ្លាក់ភ្លៀង រន្ទះ និង​ខ្យល់​កន្ត្រាក់ ដើម្បី​មាន​លទ្ធភាព​បង្កា​គ្រោះ​ថ្នាក់ និង​ផលប៉ះពាល់ ហើយ​ជាមួយគ្នានេះ អាជ្ញាធរ​ដែនដី​ត្រូវ​តាមដាន និង​ក្ដាប់​ព័ត៌មាន​អំពី​ពលរដ្ឋ​រងគ្រោះ ហើយ​មាន​វិធាន​សង្គ្រោះ​ពួកគាត់​ភ្លាមៗ ។​

​បន្ទាប់មក​នៅ​ក្នុង​ឱកាស​ប្រកប​ដោយ​មហាកុសល​នេះ សម្ដ​ច​ក្រឡាហោម ស ខេង នាយករដ្ឋមន្ត្រី​ស្ដីទី បាន​អញ្ជើញ​ប្រគេន​បច្ច័យ​កសាង​វត្ត​សិរី​មានជ័យ បច្ច័យ​តាម​រោង​ទិស និង​ឧបត្ថម្ភ​ថវិកា​ជូន​អង្គពិធី និង​អង្គភាព​ចំណុះ​រដ្ឋបាល​ស្រុក​ព្រះស្ដេច មុន និង​អញ្ជើញ​កាត់​ខ្សែ​បូរណ៌ និង​ធ្វើ​ពិធី​កាត់​ខណ្ឌសីមា​ព្រះវិហារ​វត្ត​សិរី​មានជ័យ ៕