រដ្ឋបាលខេត្តកោះកុង មានកិត្តិយសសូមជម្រាបជូនដល់ ពូមីង បងប្អូនប្រជាពលរដ្ឋ ជ្រាបថា កន្លងមកមានភ្លៀងធ្លាក់នៅទូទាំងខេត្ត ហើយតំបន់ខ្លះក៏មានភ្លៀងធ្លាក់ជោគជាំ ដែលធ្វើឱ្យរុក្ខជាតិនានាដុះលូតលាស់តាមបែបធម្មជាតិ

ស្របពេលគ្នានេះដែរ ក៏មានផ្សិតជាច្រើនប្រភេទ រួមទាំងផ្សិត ដែលមនុស្សអាចបរិភោគបាន និងផ្សិតពុលផងដែរបានដុះ ព្រោងព្រាតជាច្រើននៅតាមតំបន់ព្រៃ តំបន់ចម្ការ ។ល។ ដែលជាហេតុធ្វើឱ្យពូមីង បងប្អូនប្រជាពលរដ្ឋមួយចំនួន បានដើររកផ្សិតសម្រាប់លក់ និងបរិភោគដូចរាល់ដង។ ក៏ប៉ុន្តែក៏មានពូមីង បងប្អូនប្រជាពលរដ្ឋ ដែលមិនបានស្គាល់ច្បាស់លាស់អំពីប្រភេទផ្សិតហូបបាន និងផ្សិតពុល។

ក្នុងរយះពេលថ្មីៗនេះ នៅក្នុងភូមិសាស្ត្រស្រុកមួយចំនួនក្នុងខេត្តកោះកុង ក៏មានបងប្អូនមួយចំនួន បានដើររកដកផ្សិតយកមកបរិភោគ ហើយក៏បានពុល រហូតសន្លប់ និងស្លាប់បាត់បង់ជីវិតថែមទៀតផង។

ដើម្បីចៀសវាង បង្ការការពុលផ្សិត និងថែរក្សាសុខភាព អាយុជីវិតបន្តទៀត សូមពូមីង បងប្អូនប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន ដែលតែងតែប្រកបមុខរបររកផ្សិត និងអ្នករកផ្សិតហូប ក្នុងក្រុមគ្រួសារ មេត្តាពិនិត្យឱ្យបានច្បាស់លាស់អំពីប្រភេទផ្សិត ដែលបរិភោគបាន ឬបរិភោគមិនបាន ចៀសវាងមានការភ័ន្តច្រឡំដូចករណីថ្មីៗនេះ៕

រដ្ឋបាលខេត្ត សង្ឃឹម និងជឿជាក់ថា ចាប់ពីពេលនេះតទៅ ពូមីង បងប្អូនប្រជាពលរដ្ឋក្នុងខេត្តកោះកុង និងជាពិសេសអ្នកប្រកបរបរដកផ្សិតលក់ នឹងយល់កាន់ច្បាស់អំពីករណីនេះជាក់ជាមិនខាន ក្នុងការការពារសុខភាព និងអាយុជីវិតរបស់ខ្លួន និងអ្នកដទៃ៕