ពិធី​ប្រកាស​ចូល​កាន់​មុខតំណែង អភិបាលស្រុក​រមាស​ហែក ខេត្ត​ស្វាយរៀង​

(​ស្វាយរៀង​) ៖ នៅ​ថ្ងៃ​ទី​០៥ ខែកក្កដា ឆ្នាំ​២០១៩​នេះ លោក ម៉ែន វិបុល អភិបាលខេត្ត​ស្វាយរៀង បាន​អញ្ជើញ​ជា​អធិបតី​ក្នុង ពិធី​ប្រកាស​ចូល​កាន់​មុខតំណែង​អភិបាល អភិបាលរង នៃ​គណៈ​អភិបាលស្រុក និង​នាយក​រដ្ឋបាល​សាលា​ស្រុក​រមាស​ហែក និង​មាន​ការចូលរួម​ពី​លោក លោកស្រី​អភិបាលរង​ខេត្ត ក្រុមប្រឹក្សា​ខេត្ត ក្រុមការងារ​ថ្នាក់ជាតិ​ចុះជួយ​ស្រុក លោក​នាយករង​រដ្ឋបាល​សាលាខេត្ត លោក​ស្នងការរង​នគរបាល​ខេត្ត លោក​មេបញ្ជាការរង​ក​ង​រាជ​អាវុធហត្ថ​ខេត្ត លោក​មេបញ្ជាការរង​តំបន់​ប្រតិបត្តិការ​សឹក​រង​ស្វាយរៀង លោក​ប្រធាន​មន្ទីរ​-​អង្គភាព លោកនាយក​ទីចាត់ការ​គ្រប់គ្រង​ធនធានមនុស្ស​សាលាខេត្ត លោក លោកស្រី​ជា​ក្រុមប្រឹក្សា​ស្រុក គណៈ​អភិបាលស្រុក មន្ត្រីរាជការ​សាលាស្រុក ប្រធាន​ការិយាល័យ​នានា​ជុំវិញ​ស្រុក មេឃុំ ស្មៀនឃុំ និង​នាយ​ប៉ុស្តិ៍​នគរបាល​រដ្ឋ​បាល​ទាំង​១៦​ឃុំ តំណាង​សមាគម អង្គការ​សង្គម​ស៊ីវិល​ដែល​កំពុង​ធ្វើ​សកម្មភាព​ក្នុង​ស្រុក​ស្វាយជ្រំ កងកម្លាំង និង​មន្ត្រី​ពាក់ព័ន្ធ​នានា ។​

​លោក ម៉ែន​វិបុល បាន​កោតសរសើរ និង​វាយតម្លៃ​ខ្ពស់ ចំពោះ​ក្រុមប្រឹក្សា​ស្រុក គណៈ​អភិបាលស្រុក មន្ត្រីរាជការ​គ្រប់​លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធ ប្រជាពលរដ្ឋ​នៅ​ទូទាំង​ស្រុក ក្រោម​ការដឹកនាំ​របស់​លោក ពេញ ជា អតីត​អភិបាលស្រុក​រមាស​ហែក នា​ពេលកន្លងមក បាន​ខិតខំ​ប្រឹងប្រែង​យក​អស់​កម្លាំងកាយ​ចិត្ត បំពេញ​តួនាទី​ភារកិច្ច​ប្រកបដោយ​ការ​សាមគ្គីភាព​ក្នុង​ជួរ​គណៈ​អភិបាលស្រុក និង​មន្ត្រីរាជការ​ទាំងអស់ ធ្វើឲ្យ​ស្រុក​របស់ខ្លួន សម្រេចបាន​នូវ​លទ្ធផល​ល្អប្រសើរ​រួមមាន ការអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ ការផ្ដល់សេវា​សាធារណៈ​ជូន​ប្រជាពលរដ្ឋ ការថែរក្សា​បាន​នូវ​សន្តិសុខ សុវត្ថិភាព និង​សណ្ដាប់ធ្នាប់​សាធារណៈ រួមចំណែក​យ៉ាង​សំខាន់​ក្នុង​ការអភិវឌ្ឍ​សេដ្ឋកិច្ចសង្គម និង​កាត់បន្ថយ​ភាពក្រីក្រ​របស់​ប្រជាពលរដ្ឋ ។​

​លោក​ក៏​បាន​ផ្ដាំផ្ញើ​នូវ​កិច្ចការ​សំខាន់ៗ​មួយចំនួន​ដូចជាៈ​

១- បន្ត​ពង្រឹង​ការផ្តល់សេវា​សាធារណៈ​ជូន​ប្រជាពលរដ្ឋ​ឱ្យបាន​ល្អ​ប្រសើរ​។​

២- ពង្រឹង​ការ​សាមគ្គីភាព ឯកភាព​ផ្ទៃក្នុង និង​ពង្រឹង​របៀបរបប​ធ្វើ​ការងារ ។​

៣- គណៈ​អភិបាលស្រុក ត្រូវ​រៀបចំ​ធ្វើការ​បែងចែក​តួនាទី ភារកិច្ច និង​ការទទួលខុសត្រូវ​ក្នុង​ជួរ​គណៈ​អភិបាលស្រុកឲ្យ​បានច្បា​ស់លា​ស់​។

៤- ពង្រឹង​ការគ្រប់គ្រង និង​អភិវឌ្ឍន៍​សមត្ថភាព​មន្ត្រីរាជការ​។​

៥- បង្កើន​ការសហការ​ក្នុង​ការថែរក្សា ពង្រឹង​សន្តិភាព ស្ថិរភាព​នយោបាយ សន្តិសុខ​សណ្ដាប់ធ្នាប់​សាធារណៈ ការបង្ការ​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​នានា ។​

៦- ត្រូវ​យកចិត្តទុកដាក់​ក្នុង​ការគ្រប់គ្រង​ដី​ព្រៃ ដី​រដ្ឋ និង​ទប់ស្កាត់​ការរំលោភ​យក​ដី​ចំណី​ផ្លូវ​សាធារណៈ​ធ្វើ​អាជីវកម្ម​ផ្សេងៗ​។​

៧- បង្កើន​ការរៀបចំ​សណ្ដាប់ធ្នាប់ របៀបរៀបរយ បរិស្ថាន អនាម័យ​ឲ្យបាន​ល្អនៅ​ក្នុង​ស្រុក ។

៨- បន្ត​ជំរុញ និង​រឹតបន្តឹង​ការអនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ឲ្យបាន​ម៉ឺងម៉ាត់​បំផុត​។​

៩- ត្រូវ​ចុះ​ដោះស្រាយ​បញ្ហា​នានា ឆ្លើយតប​នឹង​សេចក្ដីត្រូវការ​ពិតប្រាកដ និង​ជាក់ស្ដែង​របស់​ប្រជាពលរដ្ឋ ជា​ពិសេស​បញ្ហា​ទំនាស់​ដីធ្លី ។​

១០- អាជ្ញាធ​ពាក់ព័ន្ធ​ត្រូវ​ហាម​ប្រជាជន​យើង​ដាច់ខាត ការជួល​ដី​ឲ្យ​ប្រជាជន​ប្រទេស​ជិតខាង​។

១១- ត្រូវ​បន្ត​ការពង្រឹង​ការទប់ស្កាត់​ការនាំ​ចូល​ជ្រូក​ពី​ប្រទេស​ជិតខាង​ឲ្យបាន​ដាច់ខា​ត​។​

១២-​គណៈ​អភិបាលស្រុក​ត្រូវ​សិក្សា​ស្វែងយល់​ពី​ទីតាំង​ភូមិសាស្ត្រ​ខ្សែបន្ទាត់​និង​បង្គោល​ព្រំដែន ដែល​ស្ថិត​នៅក្នុង​ដែន​សមត្ថកិច្ច​ដឹកនាំ និង​គ្រប់គ្រង​របស់​ខ្លួន​ឲ្យបាន​ច្បាស់លាស់​។​

១៣-​រដ្ឋបាល​ស្រុក​ត្រូវ​លើកកម្ពស់​ទំនាក់ទំនង​លើ​កិច្ចសហប្រតិបត្តិកា​រនា​នា ជាមួយ​ស្រុក​ជាប់​ព្រំដែន​នៃ​ប្រទេសជិត​ខាងឲ្យបាន​ល្អប្រសើរ​។​

១៤-​រដ្ឋបាល​ស្រុក ត្រូវ​គិតគូរ​រៀបចំ​ប្លង់គោល​ប្រើប្រាស់​ដីធ្លី​ថ្នាក់​ស្រុក​ឲ្យបាន​ច្បាស់លាស់ ដើម្បី​អភិវឌ្ឍន៍​ស្រុក​ឲ្យបាន​សមស្រប​ទៅតាម​ស្ថានភាព និង​សក្ដានុពល​របស់​ស្រុក​។​

​សូមបញ្ជាក់​ថា​: រាជរដ្ឋាភិបាល​បាន​សម្រេច​តែងតាំង​លោក ស៊ូ ម៉ុល ជា​អភិបាល នៃ​គណៈ​អភិបាលស្រុក​រមាស​ហែក ជំនួស​លោក ពេញ ជា ដែល​បាន​ស្នើសុំ​ចូល​និវត្តន៍​មុន​អាយុ​កំណត់ ។​
​ជាមួយនេះ ក្រសួងមហាផ្ទៃ​ក៏​បាន​តែងតាំង​លោក ស្វាយ សុភាព ជា​អភិបាលរងស្រុុក និង​លោក ហម ហឿន ជា​នាយកដ្ឋបាល​សាលាស្រុក ៕