ឯកឧត្ដម ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង និងជាប្រធានគណៈកម្មការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ខេត្ត​ បានអញ្ជើញទទួលយកអំណោយ និងថវិកាមួយចំនួនពីលោក សោម សុធា អគ្គនាយកគម្រោងអចលនទ្រព្យភូមិមរតក ស្ថិតក្នុងភូមិចំបក់ សង្កាត់ចេក ក្រុងស្វាយរៀង ខេត្តស្វាយរៀង​ ដើម្បីចូលរួមឧបត្ថម្ភដល់រដ្ឋបាលខេត្តស្វាយរៀង

(សាលាខេត្តស្វាយរៀង)៖ នាព្រឹកថ្ងៃអង្គារ៣​កើត ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១នេះ ឯកឧត្ដម ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង និងជាប្រធានគណៈកម្មការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ខេត្ត​ បានអញ្ជើញទទួលយកអំណោយ និងថវិកាមួយចំនួនពីលោក សោម សុធា អគ្គនាយកគម្រោងអចលនទ្រព្យភូមិមរតក ស្ថិតក្នុងភូមិចំបក់ សង្កាត់ចេក ក្រុងស្វាយរៀង ខេត្តស្វាយរៀង​ ដើម្បីចូលរួមឧបត្ថម្ភដល់រដ្ឋបាលខេត្តស្វាយរៀង។

អំណោយទាំងនោះរួមមាន៖​ ម៉ាស 15កេស ស្មេីនឹង៣៧,៥០០ម៉ាស់,​ អាល់កុល 08កាន និងថវិកា មួយចំនួនទៀត​ ជូនដល់គណៈកម្មការប្រឆាំងជំងឺកូវីដ១៩​ខេត្តស្វាយរៀង​។

ឯកឧត្ដម ម៉ែន វិបុល អភិបាលខេត្តមានប្រសាសន៍ថ្លែងនូវការអរគុណដល់លោកអគ្គនាយកគម្រោងអចលនទ្រព្យភូមិមរតក​ ដែល​បានចូលរួមបរិច្ចាគនូវអំណោយ និងថវិការផ្តល់ឱ្យរដ្ឋបាលខេត្តស្វាយរៀង សម្រាប់គាំទ្រក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំង នឹងជំងឺកូវីដ១៩ ទាំងនេះ សបញ្ជាក់ឱ្យឃើញពីកាយវិការ ប្រកបដោយសប្បុរសធម៌ និងជាវប្បធម៌នៃការចែករំលែកក្នុងសង្គមទៅលើការជួយគ្នាក្នុងគ្រាលំបាក។

ឯកឧត្តមអភិបាលខេត្តបានបញ្ជាក់ថា អំណោយដែលបានផ្ដល់ជូនរដ្ឋបាលខេត្តនៅថ្ងៃនេះ និងយកទៅចាត់ចែងប្រើប្រាស់ក្នុងសកម្មភាពនានា ឲ្យស្របទៅតាមបរិបទនៃជំងឺកូវីដ១៩ ដែលកំពុងរីករាលដាលនៅក្នុងសហគមន៍នាពេលបច្ចុប្បន្ន​ ស្របតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា៕