នៅថ្ងៃ១៤កើត ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី២៨ ខែធ្នូ ឆ្នាំ ២០២០នេះ ឯកឧត្តម ម៉ែន វិបុល​ អភិបាលខេត្តស្វាយរៀង បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធបើកការដ្ឋានសាងសង់លំនៅដ្ឋានរំដួលស្វាយរៀង ស្ថិតនៅសង្កាត់ចេក ក្រុងស្វាយរៀង ខេត្តស្វាយរៀង

ឯកឧត្តមអភិបាលខេត្តបញ្ជាក់ថា ក្នុងនាមរដ្ឋបាលខេត្តសូមគាំទ្រ​ និងលើកទឹកចិត្តដល់វិស័យឯកជនទាំងអស់ក្នុងខេត្តស្វាយរៀងក្នុងការវិនិយោគវិស័យអចលនទ្រព្យដីធ្លី ស្របពេលដែលប្រទេសជាតិមានសុខសន្តិភាព និងការអភិវឌ្ឍដែលជាឱកាសមួយសម្រាប់អ្នកវិនិយោគទុនទាំងអស់មកបណ្តាក់ទុនរកស៊ីនៅខេត្តស្វាយរៀង​ ហើយខេត្តក៏មានទីតាំង​ និងដីអំណោយផលជាច្រើនសម្រាប់អ្នកវិនិយោគផងដែរ។

ពិធីនេះក៏មានការអញ្ជើញចូលរួមពីឯកឧត្តមអភិបាលរងខេត្ត និងលោកលោកស្រីជាប្រធានមន្ទីរជុំវិញខេត្ត តំណាងកងកម្លាំងទាំង៣​ ព្រមទាំងប្រជាពលរដ្ឋ ដែលមកចូលស្វែងយល់អំពីគំរោងលំនៅដ្ឋាននេះជាច្រើនរូបទៀតផងដែរ។

សូមបញ្ជាក់ថា ក្រោមការយកចិត្តទុកដាក់របស់ឯកឧត្តម ម៉ែន វិបុល អភិបាលខេត្ត ស្វាយរៀង​ រាល់ការវិនិយោគវិស័យឯកជននានាឯកឧត្តមតែងផ្តល់ឪកាស​ និងទំនុកចិត្ត​ ដែលសបញ្ជាក់ឲ្យឃេីញពីការរួមចំណែកជាមួយគោលគោលនយោបាយកាត់បន្ថយភាពក្រីក្រ ជាមួយរាជរដ្ឋាភិបាលបានមួយកម្រិត ដូចជា បានផ្តល់នូវលំនៅឋានមានតំលៃសមរម្យ ​ដីលំនៅឋានសមរម្យ ជាពិសេសបានផ្តល់ការងារ ដល់ប្រជាពលរដ្ឋផងដែរ ដូចជា តាមរយៈ​ក្រសួង​រៀបចំ​ដែនដី និង​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ​កំពុង​សហការគ្នា​ក្នុងការ​រៀបចំ​គោលនយោបាយ​លើកទឹកចិត្ត​វិស័យ​ឯកជន ដែល​បាន​វិនិយោគ​លំនៅដ្ឋាន​ដែលមាន​តំលៃ​ទាប និង​តំលៃ​មធ្យម ទាំងនេះ ជាការគិតគូរដ៏ធំធេងចំពោះជីវភាពរស់នៅ របស់ពលរដ្ឋពីសំណាក់សម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

លោក ធា រិន ប្រធានគម្រោងវិនិយោគលំនៅដ្ឋានរំដួលវ៉ៃគោបានឲ្យដឹងថាខេត្តស្វាយរៀងស្ថិតនៅភាគអាគ្នេយ៍នៃប្រទេសកម្ពុជាមានព្រំប្រទល់ជាប់នឹងប្រទេសវៀតណាមដែលមានច្រកទ្វារអន្តរជាតិបាវិតស្ថិតនៅចម្ងាយប្រមាណ ៤៨ គីឡូម៉ែត្រពីទីរួមខេត្តខេត្តស្វាយរៀងហើយជាតំបន់សេដ្ឋកិច្ចដ៏សំខាន់សម្រាប់ទេសចរណ៍ ទំនិញចេញចូលរវាងប្រទេសទាំងពីរគឺកម្ពុជានិងវៀតណាមជាពិសេសគឺក្រុងភ្នំពេញនិងជាក្រុងហូជីមិញ។ ហើយរាជរដ្ឋាភិបាលបានអនុញ្ញាតឲ្យបង្កើតតំបន់សេដ្ឋកិច្ចពិសេសជាបន្តបន្ទាប់ជាហេតុធ្វើឲ្យសេដ្ឋកិច្ចក្នុងខេត្តស្វាយរៀងមួយនេះមានការរីកចម្រើនយ៉ាងលឿនដែលធ្វើឲ្យកំណើនប្រជាជនកើនឡើងយ៉ាងឆាប់រហ័សដែលមានទាំងចំណូលថ្មីនិងការធ្វើចំណាកស្រុកមានអត្រាថយចុះគួរឲ្យកត់សម្គាល់។

លោកបានបន្ថែមថាវិស័យវិនិយោគអចនទ្រព្យមានសន្ទុះកើនឡើងទាំងដីធ្លីសម្រាប់សាងសង់គម្រោងផ្សេងៗការអភិវឌ្ឍលំនៅឋាននិងតម្រូវការហេដ្ឋារចនាសម្ព័ន្ធជាដើម។ហើយគម្រោងលំនៅដ្ឋានរំដួលវ៉ៃគោមានទីតាំងស្ថិតនៅភូមិធ្មល់ សង្កាត់ចេក ក្រុងស្វាយរៀង ខេត្តស្វាយរៀង។ប្រសិនបើយើងធ្វើដំណើរពីខាងលិចតាមបណ្ដោយផ្លូវជាតិលេខមួយមកដល់វិទ្យាល័យហ៊ុនសែនចេកបត់ស្ដាំចម្ងាយ ៥០០ម៉ែត្រដល់ទីតាំងគម្រោងដែលមានចម្ងាយ ១.៥គីឡូម៉ែត្រពីទីរួមខេត្តនិងចម្ងាយប្រមាណ ៣.៧គីឡូពីផ្សារវាយន្តខេត្តស្វាយរៀងនិងមានចម្ងាយ ២គីឡូម៉ែត្រពីសាកលវិទ្យាល័យស្វាយរៀង។

លោកបានបញ្ជាក់ថា​ ទិសដៅវិនិយោគរបស់ក្រុមហ៊ុនគឺផ្ដល់ជូនមន្ត្រីរាជការ បុគ្គលិកក្រុមហ៊ុនអាជីវករ បងប្អូនប្រជាជនក្នុងខេត្តនូវលំនៅឋានដែលមានតម្លៃសមរម្យ ព្រមទាំងផ្ដល់ការរស់នៅបែបសហគមន៍សម័យថ្មីលើកកម្ពស់សោភ័ណភាពទីក្រុងផ្ដល់ឱកាសចំណេញលើសក្តានុពលនៃគម្រោងនិងចូលរួមអភិវឌ្ឍន៍ខេត្តស្វាយរៀង។

លោកបានបញ្ជាក់ថាគម្រោងអភិវឌ្ឍន៍លំនៅដ្ឋានរំដួលវ៉ៃគោត្រូវបានគិតគូរយ៉ាងលម្អិតហ្មត់ចត់អំពីតម្រូវការរបស់ប្រជាជនឲ្យស្របតាមសក្កានុពលនៃការរីកចម្រើនរបស់ខេត្តស្វាយរៀងនាពេលបច្ចុប្បន្ន ហើយហេដ្ឋារចនាសម្ព័ន្ធសំណង់សោភ័ណភាពបរិយាកាសនិងសុវត្ថិភាពជាអ្វីដែលយើងយកចិត្តទុកដាក់ផ្ដល់ជូនអតិថិជនរបស់យើង។ភាពសម្បូរបែបក្នុងគម្រោងនឹងធ្វើឲ្យការរស់នៅមានភាពប្រាស្រ័យទាក់ទងគ្នាល្អនិងប្រកបដោយសុភមង្គលការអភិវឌ្ឍដែលមានគម្រោងច្បាស់លាស់ប្រាកដប្រជានិងផ្ដល់អត្ថប្រយោជន៍ជាច្រើនលើសពីការរំពឹងទុករបស់អតិថិជន។ ហើយគម្រោងជាប័ណ្ណកម្មសិទ្ធិកាន់កាប់មិនជាប់ពាក់ព័ន្ធនិងធនាគារ ជាគម្រោងអភិវឌ្ឍន៍ស្របច្បាប់នៃព្រះរាជាណាចក្រកម្ពុជាដោយក្នុងគម្រោងមានផ្លូវទោល និងផ្លូវភ្លោះក្រៅបេតុងអមដោយសួនច្បារមានកន្លែងហាត់ប្រាណសួនលំហែកាយនិងប្រកបដោយដើមឈើបៃតងជាទីសហគមន៍សម័យថ្មីប្រកបដោយផាសុខភាពផងដែរ៕