ស្នងការ​នគរបាល​ខេត្ត​ព្រះវិហារ បាន​ដឹកនាំ​កិច្ចប្រជុំ​ដើម្បី​បូកសរុប លទ្ធផល​កិច្ច​សហ​ប្រត្តិការ​ប្រចាំឆ​មាសទី​១

ព្រះវិហារ​៖ នៅ​ថ្ងៃ​ចន្ទ ១៤​រោច ខែ​ជេស្ឋ ឆ្នាំ​កុរ ឯ​កស័ក ព​.​ស ២៥៦៣ ត្រូវ​នឹង​ថ្ងៃទី​១ ខែកក្កដា ឆ្នាំ​២០១៩ លោក​ឧត្តមសេនីយ៍ទោ សួស សុខ​ដា​រ៉ា ស្នងការ​នគរបាល​ខេត្ត​ព្រះវិហារ បាន​ដឹកនាំ​កិច្ចប្រជុំ​ដើម្បី​បូកសរុប លទ្ធផល​កិច្ច​សហ​ប្រត្តិការ​របស់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ប្រចាំឆមាស​ទី​១ និង​លើក​ទិសដៅ​បន្ត​ឆមាស​ទី​២ ឆ្នាំ​២០១៩ ដោយ​មាន​ការចូលរួម​ពី​លោក លោកស្រី ឧត្តមសេនីយ៍ វរ​សេនីយ៍ ស្នងការរង​ទទួល​ផែន​គ្រប់​ផែន នាយ នាយរង​ការិយាងល័យ នាយផ្នែក លោក​អធិការ​ទាំង ៨​ក្រុង​/​ស្រុក និង​នាយ​ប៉ុស្តិ៍​នគរបាល​រដ្ឋ​បាល​ទាំង ៥១​ប៉ុស្តិ៍​។​

​តាម​របាយការណ៍​ឆមាស​ទី​១ បានឱ្យដឹងថា បទល្មើស​ព្រហ្មទណ្ឌ​កើតឡើង​៣១/២២ លើក​កើនឡើង​៩​លើក ស្មើនឹង​៤១% ក្នុងនោះ​បទឧក្រិដ្ឋ​១៣/៥​លើក កើន​៨​លើក ស្មើ ១៦០% និង​បទមជ្ឈិម​១៨/១៧​លើក កើន​១​ស្មើ ៦% បណ្តាលឲ្យ​មនុស្ស​ស្លាប់ ៤​នាក់ របួស ៧​នាក់ រងគ្រោះ​ជា​ស្ត្រី ១០​នាក់ បាត់​ម៉ូតូ ៧​គ្រឿង និង​សម្ភារ​ប្រើប្រាស់​មួយចំនួន​។​

​លទ្ធផល​បង្ក្រាប​ក្មេង​ទំនើ​ង ៨​លើក ឃាត់​មុខសញ្ញា​បាន ៣១​នាក់ បាន​ធ្វើ​កិច្ចសន្យា​អប់រំ និង​បញ្ជួន​ឲ្យ​អាណា​ព្យាបាល​អប់រំ​បន្ត​,​បង្ក្រាប​ល្បែងស៊ីសង​បាន ៤​លើក ឃាត់​មុខសញ្ញា ១​នាក់ ឲ្យធ្វើ​កិច្ចសន្យា​អប់រំ​បញ្ឈប់ និង​លទ្ធផល​បង្ក្រាប​គ្រឿងញៀន​កើតឡើង ២៣​លើក ឃាត់​មុខសញ្ញា​បាន ៦១​នាក់ ស្រី ៧​នាក់ ក្នុងនោះ​ជនជាតិ​ឡាវ ២​នាក់ ប្រុស ព្រមទាំង​ដកហូត​វត្ថុតាង​រួមមាន មេតំ​ហ្វេ​តា​មីន ice ចំនួន ១,១៤២,៩០​ក្រាម ម្សៅ​ក្រាម​ពណ៍​ស​ថ្លា​ចំនួន ១០.៦​ក្រាម និង​ម៉ូតូ ១៣​គ្រឿង​។​

​ចំពោះ​កិច្ច​ប្រតិបត្តិការ​សំខាន់ៗ​ក្នុង​ឆមាស​ទី​១ នេះ​រួមមាន ការ​ល្បាត​រក្សា​សន្តិសុខ​សណ្តាប់ធ្នាប់​នៅតាម​មូលដ្ឋាន ភូមិ ឃុំ ដែល​បាន​ចាត់តាំង​ធ្វើ​ទាំង​ពេល​ថ្ងៃ និង​ពេលយប់ ការងារ​បង្ការ​បង្ក្រាប​បទល្មើស​ព្រហ្មទណ្ឌ​,​គ្រឿងញៀន និង​ការជួយ​សហការ​ជួយ​សង្គ្រោះ ជន​ដែល​ងាយ​រងគ្រោះ​។​

​មានប្រសាសន៍​បូកសរុប​អង្គប្រជុំ លោក​ឧត្តមសេនីយ៍ទោ ស្នងការ ក៏​បាន​ដាក់​ចេញ​ទិសដៅ​បន្ត ដោយ​ផ្តោត​សំខាន់​ការងារ​រក្សា​សន្តិសុខ សណ្តាប់ធ្នាប់ ការបង្ការ​បង្ក្រាប បទល្មើស​ព្រហ្មទណ្ឌ គ្រឿងញៀន និង​ការរក្សា​សន្តិសុខ សណ្តាប់ធ្នាប់​គ្រប់​មូលដ្ឋាន​អោយបាន​ល្អ​ប្រសើរ​ជា​បន្ត​ទៀត​។​

​ហើយ​ជា​ចុង​ក្រោយ​លោក​ឧត្តមសេនីយ៍ទោ ស្នងការ​បាន ធ្វើ​ពិធី​ចែក​អាវុធ​ម៉ាក AK៤៧ ដល់​ការិយាល័យ​ជំនាញ​ដែល​ចំណុះអោយ​ស្នងការដ្ឋាន​នគរបាល​ខេត្ត និង​អធិការដ្ឋាន​នគរបាល​ទាំង ៨​ក្រុង​/​ស្រុក​ចំនួន ២៣២​ដើម​,​ប៉ង់​ចំនួន ៤៦៤​ប៉ង់ និង​គ្រាប់​AK47 ចំនួន ១៣,៩២០​គ្រាប់ ៕