
ប្រជុំបូកសរុបការងារត្រីមាសទី២ លើកទិសដៅត្រីមាសទី៣ ឆ្នាំ២០១៩ របស់ក្រុមការងារបច្ចេកទេសវិស័យផ្គត់ផ្គង់ទឹកស្អាត សុខភាព និងអនាម័យជនបទថ្នាក់ខេត្ត (PWG-RWSSH)
(ស្វាយរៀង): ក្រោមអធិបតីភាពលោក ទ្រី មេង រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ តំណាងដ៏ខ្ពង់ខ្ពស់លោកបណ្ឌិត អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ លោក តូច ប៉ូលីវ៉ា អភិបាលរងខេត្ត និងជាប្រធានក្រុមការងារPWG-RWSSH បានអញ្ជើញជាធិបតីក្នុង កិច្ចប្រជុំបូកសរុបការងារត្រីមាសទី២ លើកទិសដៅត្រីមាសទី៣ ឆ្នាំ២០១៩ របស់ក្រុមការងារបច្ចេកទេសវិស័យផ្គត់ផ្គង់ទឹកស្អាត សុខភាព និងអនាម័យជនបទថ្នាក់ខេត្ត (PWG-RWSSH) នៅថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៩ និងមានការចូលរួមពី លោកប្រធានក្រុមការងារ PWG-S លោកស្រី ប្រធាន អនុប្រធានមន្ទីរពាក់ព័ន្ធនានា លោក លោកស្រី អភិបាល. អភិបាលរង ក្រុងbស្រុកទាំង៨ លោក លោកស្រី តំណាងអង្គការអភិវឌ្ឍន៍ និងសមាជិកសមាជិកាអង្គប្រជុំជាច្រើនរូបទៀត ។
លោក ទ្រី មេង រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ បានកោតសរសើរដ៏ស្មោះ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំខេត្ត ក្រុមការងារ PWG-RWSSH ថ្នាក់ដឹកនាំមន្ទីរអភិវឌ្ឍន៍ជនបទ ក្រុមការងារ DWG-RWSSH ជាពិសេសការខិតខំអនុវត្តការងារនៅមូលដ្ឋានផ្ទាល់របស់មន្ត្រីជំនាញនៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត រដ្ឋបាលក្រុង ស្រុក និងឃុំ សង្កាត់ ប្រកបដោយស្មារតីទទួលខុសត្រូវ និងធ្វើឲ្យសម្រេចបាននូវ ទៅតាមផែនការយុទ្ធសាស្ត្រជាតិ ការផ្គត់ផ្គង់ទឹកស្អាត សុខភាព និងអនាម័យជនបទឆ្នាំ២០១៤-២០២៥ ស្របតាមកម្មវិធីគោលនយោបាយ និងយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាល ដែលមានសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីជាប្រមុខដឹកនាំដ៏ឆ្លាតវៃ និងប៉ិនប្រសព្វ ។
លោក ទ្រី មេង បានបន្តថា: ការផ្គត់ផ្គង់ទឹកស្អាត សុខភាពនិងការលើកកម្ពស់អនាម័យជនបទរបស់ប្រទេសកម្ពុជា គិតត្រឹមឆ្នាំ២០១៩ ប្រជាជនរស់នៅទីក្រុង/ទីប្រជុំជន ចំនួន៩៥% និង៧០% នៃប្រជាជនរស់នៅទីជនបទ ប្រើប្រាស់ប្រភពទឹកកែលម្អក្នុងនោះប្រជាជនរស់នៅទីក្រុង/ទីប្រជុំជនចំនួន៥៥% និងប្រជាជនរស់នៅទីជនបទចំនួន១៦% ប្រើប្រាស់ទឹកស្អាត ។ ចំណែកអត្រាប្រជាជនរស់នៅទីក្រុង/ទីប្រជុំជនចំនួន៨៨% និងប្រជាជនរស់នៅទីជនបទចំនួន៧១.២% មានបង្គន់អនាម័យប្រើប្រាស់យោងតាមទិន្នន័យអង្កេតសេដ្ឋកិច្ច និងសង្គមឆ្នាំ២០១៧ ។
លោក តូច ប៉ូលីវ៉ា បានអោយដឹងថា: ដើម្បីពិនិត្យវឌ្ឍនភាព អនុវត្តកម្មវិធី ផ្គត់ផ្គង់ទឹកស្អាត សុខភាពនិងអនាម័យជនបទ ពិភាក្សាកំណត់យន្តការធ្វើផែនការសកម្មភាពសម្រាប់កិច្ចប្រជុំត្រីមាសទី៣ឆ្ន៊ាំ២០១៩ របស់ក្រុមការងារ PWG-RWSSH កំណត់ផែនការរៀបចំពិធីប្រកាសទទួលស្គាល់ស្រុករំដួល ជាសុខសម្រេចបានODF និងរៀនសូត្របទពិសោធពីភាពជោគជ័យលើការងារលើកកម្ពស់អនាម័យ របស់ស្រុករំដួល ជាក់ស្តែងដើម្បីចូលរួមអនុវត្តផែនការ ជាតិស្ដីពីការផ្គត់ផ្គង់ទឹកស្អាតសុខភាព និងអនាម័យឆ្នាំ២០១៤-២០២៥ ។
លោកបានបន្តថា: ដោយមានការខិតខំប្រឹងប្រែងក្រុមការងារPWG-RWSSH ពិសេសមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត និងអង្គការដៃគូនានាគិតត្រឹមត្រីមាសទី២ ឆ្នាំ២០១៩ នេះស្ថានភាពអនាម័យទូទាំងខេត្តស្វាយរៀង នេះប្រជាពលរដ្ឋប្រមាណ៩៩.២%មានប្រភពទឹកប្រើប្រាស់ ក្នុងនោះអត្រាប្រជាជនមានទឹកសុវត្ថិភាពប្រើប្រាស់ចំនួន៨៤.៥% និងអត្រាអនាម័យចំនួន៩០% ក្នុងនោះមានភូមិចំនួន៣៥០ ឃុំចំនួន៣០ និងស្រុកចំនួន២ គឺស្រុកស្វាយទាប និងស្រុករំដួល បានសម្រេចការបញ្ឈប់បន្ទោរបង់ពាសវាលពាសកាល (ODF) ៕