ឧត្តមសេនីយ៍ត្រី សែ​ វុទ្ធី​ អញ្ជើញបើកកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តតួនាទី​ ភារកិច្ច​ និងវឌ្ឍនភាពការងារកងរាជអាវុធហត្ថ និងផ្សព្វផ្សាយផែនការប្រឡងប្រណាំង

ស្វាយរៀង៖ រសៀលថ្ងៃព្រហស្បតិ៍​ ទី១២ ខែវិច្ឆិកា ឆ្នាំ២០២០​ នៅសាលប្រជុំធំបញ្ជាការកងរាជអាវុធហត្ថខេត្តស្វាយរៀង បានរៀបចំពិធីប្រជុំត្រួតពិនិត្យការអនុវត្តតួនាទី ភារកិច្ច និងវឌ្ឍនភាពការងារកងរាជអាវុធហត្ថប្រចាំខែវិច្ឆិកា ទទិសដៅបន្តប្រចាំខែធ្នូ ឆ្នាំ​២០២០​ និងផ្សព្វផ្សាយផែនការណែនាំ ស្ដីពីការបំផុស និងជំរុញចលនាប្រឡងប្រណាំងក្នុងកងរាជអាវុធហត្ថ ( ផែនប្រឡងប្រណាំងទី១ )។ ពិធីនោះក្រោមអធិបតីភាពលោកឧត្តមសេនីយ៍ត្រី សែ វុទ្ធី មេបញ្ជាការ​ កងរាជអាវុធហត្ថខេត្តស្វាយរៀង ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោក​ លោកស្រីមេបញ្ជាការរង​ លោកនាយរងសេនាធិការដ្ឋាន លោកប្រធានមន្ទីរ លោក​ លោកស្រីនាយការិយាល័យ​ លោកមេបញ្ជាការ​ មូល​ដ្ឋាន​កងរាជអាវុធហត្ថ​ស្រុក​-ក្រុងទាំង៨​ និងនាយទាហានដែលមានការពាក់ព័ន្ធផងដែរ។
ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ត្រី​ មេបញ្ជាការ​ បានកោតសរសេីដល់នាយទាហាន​ នាយទាហានរងទាំងអស់ដែលខិតខំកន្លងមកទាំងការការពារ​ ថែទាំសុខភាព​ ការធ្វេីអនាម័យ​សម្អាតអង្គភាពដេីម្បីប្រឆាំងនឹងជម្ងឺកូវីដ​ ១៩​ ការដាំដុះដំណាំ​ និងការចិញ្ចឹមសត្វជាដេីម។ លោកមេបញ្ជាការ​ បានជំរុញឱ្យតាមបណ្ដាមូលដ្ឋានកងរាជអាវុធហត្ថក្រុង-ស្រុក ជាពិសេស​កងរាជអាវុធហត្ថខេត្ត​ ត្រូវបន្តអប់រំ និងផ្សព្វផ្សាយ ជាលក្ខណៈយុទ្ធនាការជាប្រចាំ ក្នុងមូលដ្ឋានរបស់ខ្លួន នូវវិធីសាស្ត្រការធ្វើអនាម័យអោយបានញឹកញាប់ កុំមានការប្រមូលផ្ដុំគ្នា ពេលចេញក្រៅត្រូវពាក់ម៉ាស់អោយបានត្រឹមត្រូវ និងវិធានបង្ការនៃការឆ្លងវីរុសកូវីដ (covid19) តាមណែនាំរបស់ក្រសួងសុខាភិបាល។
​ ជាចុងក្រោយ​ លោក​ឧត្តមសេនីយ៍​ មេបញ្ជាការ​ ផ្ដាំផ្ញើ​ និងជូនពរដល់នាយទាហាន​ នាយទាហានរងទាំងអស់មានសុខភាពល្អ​ មានសុភមង្គលក្នុងគ្រួសារ​ គ្រួសារ​រកស៊ីទទួលទានមានបាន​គ្រប់ៗគ្នា​ ជាពិសេសជោគជ័យគ្រប់ភារកិច្ចដែលថ្នាក់លេីដាក់ឱ្យធ្វេី៕