​លោក គួច ចំរើន ចូលកាន់​តំណែង ក្រោម​អធិបតីភាព​សម្តេច​ក្រឡា​ហោ​ម ស ខេង​

(​ភ្នំពេញ​)៖ លោក គួច ចំរើន អតីត​អភិបាលខេត្ត​កំពង់ចាម បាន​ចូល​កាន់តំណែង​អភិបាលខេត្ត​ព្រះសីហនុ ជា​ផ្លូវការ នៅ​ព្រឹក​ថ្ងៃទី​២៩ ខែមិថុនា ឆ្នាំ​២០១៩​នេះ​។ ពិធី​ប្រកាស​ចូល​កាន់​តំណែង​របស់ លោក គួច ចំរើន បាន​ធ្វើឡើង​ក្រោម​អធិបតីភាព សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ នៅ​រដ្ឋបាល​ខេត្ត​ព្រះសីហនុ​។​

​សូមបញ្ជាក់​ថា ក្រោយរ​លំបាក់​អគារ​កម្ពស់​៧​ជាន់​មួយ ដែល​សាងសង់​គ្មាន​ច្បាប់ នៅ​ក្រុងព្រះសីហនុ បណ្តាល​ឱ្យ​មាន​មនុស្ស​២៨​នាក់​ស្លាប់ និង​២៦​នាក់​រងរបួស​នោះ អភិបាល​ខេត្ត​នេះ បាន​ចេញ​មុខ​សុំទោស​សាធារណជន ព្រមទាំង​បាន​លាលែង​ចេញពី​តំណែង​។ រាជរដ្ឋាភិបាល​កម្ពុជា បានសម្រេច​ផ្ទេរ លោក គួច ចំរើន ពី​អភិបាលខេត្ត​កំពង់ចាម មកជា​អភិបាលខេត្ត​ព្រះសីហនុ ចំណែក លោក អ៊ុន ចាន់​ដា អភិបាល​ខេត្ត​ព្រះវិហារ ត្រូវបាន​ផ្ទេរ​មក​ជា​អភិបាលខេត្ត​កំពង់ចាម​។​

​ក្នុង​សន្និសីទ​សារព័ត៌មាន ក្រោយ​បិទ​បញ្ចប់​ប្រតិបត្តិការ​រុករក​ជន​រងគ្រោះ កាលពី​យប់​ថ្ងៃ​ទី​២៤ ខែមិថុនា សម្តេច​តេជោ ហ៊ុន សែន បាន​កោតសរសើរ លោក គួច ចំរើន គឺជា​មនុស្ស​មាន​សមត្ថ​ភាព និង​យល់ដឹង​អំពី​ការងារ​គ្រប់គ្រង​រដ្ឋបាល​។ សម្តេច​បាន​អះអាង​ថា ខេត្ត​ព្រះសីហនុ គឺ​ត្រូវមាន​អភិបាល​ដែល​ខ្លាំង ដូច​លោក គួច ចំរើន ជា​អ្នកគ្រប់គ្រង​។​

​ករណីរ​លំបាក់​អគារ​កម្ពស់​៧​ជាន់ នៅ​ខេត្ត​ព្រះសីហនុ គឺជា​ករណី​ធ្ងន់ធ្ងរ​មួយ ដែល​មិន​ធ្លាប់​មាន​នៅក្នុង​ប្រទេស​កម្ពុជា​។ ការ​រលំ​បាក់​អគារ​ដែល​មិនមាន​ច្បាប់​អនុញ្ញាត​នេះ បាន​ជំរុញ​ឱ្យ សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា ត្រឡប់​មកពី​ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ាន នៅ​ប្រទេស​ថៃ​ភ្លាម បាន​ចុះទៅពិនិត្យ​ផ្ទាល់​នៅ​កន្លែងកើតហេតុ​ភ្លាមៗ​តែម្តង​។​

​អាជ្ញាធរ សមត្ថកិច្ច រួម​ទាំង​អ្នកជំនាញ​ពាក់ព័ន្ធ​បាន​បើក​ប្រតិបត្តិការ​រុករក និង​សង្គ្រោះ​ជនរងគ្រោះ រយៈពេល​២​ថ្ងៃ​កន្លះ ទើប​ប្រតិបត្តិការ​នេះ បាន​បញ្ចប់​ជា​ស្ថាពរ​៕