
កិច្ចប្រជុំបូកសរុបការអនុវត្តកិច្ចព្រមព្រៀងសហប្រតិបត្តិការរយះពេល១ឆ្នាំ រវាងរដ្ឋបាលខេត្តស្វាយរៀង (កម្ពុជា) និងគណៈកម្មាធិការប្រជាជនខេត្តតៃនិញ (វៀតណាម)
(ស្វាយរៀង): នាព្រឹកថ្ងៃទី២៩ ខែមិថុនាឆ្នាំ២០១៩ រដ្ឋបាលខេត្តស្វាយរៀង បានរៀបចំកិច្ចប្រជុំបូកសរុបការអនុវត្តកិច្ចព្រមព្រៀងសហប្រតិបត្តិការរយះពេល១ឆ្នាំ រវាងរដ្ឋបាលខេត្តស្វាយរៀង (កម្ពុជា) និងគណៈកម្មាធិការប្រជាជនខេត្តតៃនិញ (វៀតណាម) ក្រោមអធិបតីភាពលោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង និងលោក ផាម វ៉ាន់តិន អនុលេខាបក្ស និងជាប្រធានគណៈកម្មាធិការប្រជាជនខេត្តតៃនិញ ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំប្រតិភូខេត្តស្វាយរៀង និងថ្នាក់ដឹកនាំប្រតិភូខេត្តតៃនិញជាច្រើនរូបទៀត ។
លោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង បានចាត់ទុកកិច្ចប្រជុំបូកសរុបការអនុវត្តកិច្ចព្រមព្រៀងសហប្រតិបត្តិការរយះពេល១ឆ្នាំកន្លងមកនេះ បានទទួលនូវលទ្ធផលល្អៗជាច្រើនដូចជាជួយបង្កើននូវការពង្រឹងកិច្ចសហប្រតិបត្តិការកាន់រឹងមាំ និងល្អប្រសើរលើមូលដ្ឋានសមិទ្ធផលដែលខេត្ដទាំងពីរ (ស្វាយរៀង-តៃនិញ) ក្នុងនោះបានរួមគ្នាសម្រេចបាន ជាពិសេសលើបណ្ដាវិស័យនានាដែលមានចែងក្នុងកិច្ចព្រមព្រៀង ដើម្បីជួយសម្រួល និងលើកកម្ពស់កម្រិតជីវភាពរស់នៅរបស់ប្រជាជនខេត្តទាំងពីរ ក៏ដូចជាជំរុញកំណើនសេដ្ឋកិច្ច និងការសម្រេចបាននូវចក្ខុវិស័យនៃការប្រែក្លាយតំបន់ព្រំដែន ទៅជាតំបន់ដែលមានការអភិវឌ្ឍ ប្រកបដោយសន្តិភាព សាមគ្គីភាព មិត្តភាព សហប្រតិបត្តិការ ភាតរភាព និងចីរភាព ស្របតាមស្មារតី នៃកិច្ចប្រជុំស្ដីពីកិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍរវាងបណ្ដាខេត្តជាប់ព្រំដែន កម្ពុជា-វៀតណាម ៕