
ឯកឧត្ដម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង បានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាសមាហរណកម្មវិធីវិនិយោគបីឆ្នាំរំកិលក្រុង និងសង្កាត់ ឆ្នាំ២០២១-២០២៣ នៅក្រុងស្វាយរៀង
នាព្រឹកថ្ងៃអង្គារ ៣រោច ខែកត្ដិក ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២០នេះ នៅសាលប្រជុំសាលាក្រុងស្វាយរៀង ឯកឧត្ដម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង បានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាសមាហរណកម្មវិធីវិនិយោគបីឆ្នាំរំកិលក្រុង និងសង្កាត់ ឆ្នាំ២០២១-២០២៣ នៅក្រុងស្វាយរៀង ។
សិក្ខាសាលានេះមានការអញ្ជើញចូលរួមពីលោក លោកស្រី ប្រធាន អនុប្រធានមន្ទីរ-អង្គភាពនានាក្នុងខេត្ត លោកប្រធានក្រុមប្រឹក្សាក្រុង គណៈអភិបាលក្រុង លោកនាយក នាយករងទីចាត់ការផែនការវិនិយោគសាលាខេត្ត លោកនាយក នាយករងរដ្ឋបាលសាលាក្រុង ការិយាល័យនានាចំណុះសាលាក្រុង លោក លោកស្រីចៅសង្កាត់ ស្មៀនសង្កាត់ទាំង៧ និងមន្ត្រីពាក់ព័ន្ធ សរុបចំនួន ៤៨នាក់ ។
ក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្ត បានមានប្រសាសន៍ថ្លែងនូវការកោតសរសើរ ចំពោះអាជ្ញាធរពាក់ព័ន្ធដែលកន្លងមកបានខិតខំអនុវត្តការងារអភិវឌ្ឍន៍មូលដ្ឋាន និងផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋបានល្អប្រសើរ ស្របតាមផែនការអភិវឌ្ឍន៍ និងកម្មវិធីវិនិយោគ របស់ខ្លួនទៅតាមតួនាទីភារកិច្ច និងអរគុណចំពោះមន្ទីរ-អង្គភាពពាក់ព័ន្ធ អង្គការជាតិ -អន្តរជាតិ និងសប្បុរសជនទាំងអស់ ដែលតែងសហការគាំទ្រដល់ដំណើរការអភិវឌ្ឍន៍ និងការកសាងផែនការអភិវឌ្ឍន៍ កម្មវិធីវិនិយោគរបស់ឃុំ សង្កាត់ តាំងពីដំណាក់ កាលដំបូងរហូតដល់ដំណាក់កាលនៃការធ្វើសមាហរណកម្មនាពេលនេះ។
ឯកឧត្តមអភិបាលខេត្តបន្តថា គោលបំណងនៃការរៀបចំសិក្ខាសាលានាពេលនេះ គឺដើម្បីធ្វើឲ្យគម្រោងសកម្មភាពជា អាទិភាព ស្នើឡើងដោយឃុំ សង្កាត់ មានភាពស៊ីសង្វាក់ប្រទាក់ក្រឡាគ្នា ទៅនឹងគោលនយោបាយយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាល ព្រមទាំងសកម្មភាពនានារបស់បណ្ដាមន្ទីរ-អង្គភាពជំនាញ និងអង្គការមិនមែនរដ្ឋាភិបាល ឈានទៅសម្រេចបាននូវគោលដៅរួមនៃការអភិវឌ្ឍមូលដ្ឋានប្រកបដោយប្រសិទ្ធភាពឆ្លើយតបទៅ នឹងតម្រូវការជាក់ស្ដែងពិតប្រាកដរបស់ប្រជាពលរដ្ឋ ។
ទន្ទឹមនេះ ឯកឧត្តមអភិបាលខេត្ត បានស្នើដល់មន្ទីរ-អង្គភាព រួមនឹងអង្គការពាក់ព័ន្ធសូមជួយគាំទ្រនូវគម្រោងអាទិភាពដែលលើកឡើងដោយអាជ្ញាធរក្រុង សង្កាត់ឲ្យបានច្រើន និងសូមឲ្យអាជ្ញាធរក្រុង សង្កាត់ ត្រូវយកចិត្តទុកដាក់អនុវត្តគម្រោងនានាក្នុងមូលដ្ឋានរបស់ខ្លួនឲ្យបានត្រឹមត្រូវ ដើម្បីធានាឲ្យគម្រោងដែលបានព្រមព្រៀង អនុវត្តបានប្រកបដោយជោគជ័យ និងផ្ដល់ផលប្រយោជន៍ពិតប្រាកដជូនប្រជាពលរដ្ឋដែលជាអ្នកទទួលផលពីគម្រោងអភិវឌ្ឍន៍នោះ ។
លទ្ធផលនៃអង្គសិក្ខាសាលា មានដូចខាងក្រោម ៖ នៅឆ្នាំ២០២១ខាងមុខ គម្រោងវិនិយោគក្រុងស្វាយរៀង មានចំនួន ៣១គម្រោង មានការសន្យាគាំទ្រ ចំនួន ០៣គម្រោង ស្មើនឹង ៩,៦៧% (ការសន្យាគាំទ្រក្រៅគម្រោង) ។ ចំពោះគម្រោងវិនិយោគសង្កាត់ទាំង៧ ក្នុងក្រុង មានចំនួន ១២៨គម្រោង មានការសន្យាគាំទ្រ ចំនួន ៩១ គម្រោង ស្មើនឹង ៧១,០៩% ក្នុងនោះមានការសន្យាគាំទ្រក្នុងគម្រោង មានចំនួន ៤០ គម្រោង ស្មើនឹង ៤៣,៩៦% ហើយមានការសន្យាគាំទ្រក្រៅគម្រោង មានចំនួន ៥១គម្រោង ស្មើនឹង ៥៦,០៤% ៕