មិ​ទ្ទិញ​អបអរសាទរ​ខួប​អនុស្សាវរីយ៍​លើក​ទី​៦៨ ថ្ងៃ​បង្កើត​គណបក្ស​ប្រជាជន​កម្ពុជា (២៨/០៦/១៩៥១-២៨/០៦/២០១៩)

(​ខេត្ត​កំពត​)៖ នៅ​ព្រឹក​ថ្ងៃ​សុក្រ ១១​រោច ខែ​ជេស្ឋ ឆ្នាំ​កុរ ឯ​កស័ក ព​.​ស ២៥៦៣ ត្រូវ​នឹង​ថ្ងៃទី ២៨ ខែមិថុនា ឆ្នាំ​២០១៩ លោក ជាវ តា​យ ប្រធាន​គណៈកម្មាធិការ​គណបក្ស​ប្រជាជន​កម្ពុជា​ខេត្ត​កំពត អញ្ជើញ​ចូលរួម​ក្នុង​មិ​ទ្ទិញ​អបអរសាទរ​ខួប​អនុស្សាវរីយ៍​លើក​ទី​៦៨ ថ្ងៃ​បង្កើត​គណបក្ស​ប្រជាជន​កម្ពុជា (២៨/០៦/១៩៥១-២៨/០៦/២០១៩) ក្រោម​អធិបតីភាព លោក​បណ្ឌិត ប៉ែន សុីម៉ន សមាជិក​គណៈកម្មាធិកា​រ​កណ្តាល និង​ជា​ប្រធាន​ក្រុមការងារ​ថ្នាក់កណ្តាល​ចុះជួយ​ខេត្ត​កំពត​។​

​សមាសភាព​អញ្ជើញ​ចូលរួម​មាន​៖ លោក លោកស្រី​ក្រុមប្រឹក្សា​ខេត្ត លោក លោកស្រី​ជា​អភិបាលរង​ខេត្ត ស្នងការ​នគរបាល​ខេត្ត មេបញ្ជាការ​តំបន់​ប្រត្តិបតិការ​សឹក​រង​ខេត្ត មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត នាយក នាយករង​រដ្ឋបាល​សាលាខេត្ត លោក លោកស្រី​ប្រធាន​មន្ទីរ អង្គភាព​ជុំវិញ​ខេត្ត អភិបាលក្រុង ស្រុក នាយក នាយករង​ទីចាត់ការ អង្គភាព​ចំណុះ​សាលាខេត្ត និង​លោក លោកស្រី​មេឃុំ ចៅសង្កាត់ សរុប​ប្រមាណ ១២០០​នាក់​។​

​សូមបញ្ជាក់​ថា​៖ ថ្ងៃទី ២៨ ខែ មិថុនា ឆ្នាំ​២០១៩​នេះ ជា​ទិវា​គម្រប់​ខួប​លើក​ទី​៦៨ នៃ​ថ្ងៃ​បង្កើត​គណបក្ស​ប្រជាន​កម្ពុជា ដែល​នៅ​ដំបូង​មាន​ឈ្មោះ​ថា បក្ស​ប្រជាជន​បដិវត្តន៍​ខ្មែរ ដែល​កើតចេញ​ពី​ចលនា​តស៊ូ​សេ្ន​ហា​ជាតិ​របស់​ប្រជាជន​កម្ពុជា ប្រឆាំង​អាណានិគម​បារាំង​ដើម្បី​ឯករាជ្យ​ជាតិ ហើយ​បាន​ពុះពារ​ឆ្លងកាត់​រាល់​ឧបសគ្គ​ច្រើន​រាប់​មិន​អស់​នៅ​លើ​កំណាត់​ផ្លូវ​យ៉ាង​វែង និង​បត់បែន​បំផុត នៃ​ប្រវត្តិសាស្ត្រ​កម្ពុជា​រហូត​ធ្វើឲ្យ​ប្រទេស​ជាតិ និង​ប្រជាជន​ទទួល​បាន​សន្តិភាព និង​ការអភិវឌ្ឍន៍​ប្រកប​ដោយ​មោទនភាព​នាពេល​បច្ចុប្បន្ន​នេះ​៕