លោក អ៊ឹង ម៉េង​ហួរ​៖ ការងារ​ត្រួតពិនិត្យ​ត្រូវ​ផ្សារភ្ជាប​ការងារ​ដឹកនាំ​បើ​មាន​ការដឹកនាំ​គឺ​ត្រូវមាន​ការត្រួតពិនិត្យ​

(​ខេត្ត​កំពត​)៖ ការងារ​ត្រួតពិនិត្យ​ត្រូវ​ផ្សារភ្ជាប់​ការងារ​ដឹកនាំ បើ​មាន​ការដឹកនាំ​គឺ​ត្រូវមាន​ការត្រួតពិនិត្យ ឲ្យបាន​ហ្មត់ចត់​ទើប​ការងារទទួល​បានបា​ន​ជោគជ័យ​។​

​នេះ​គឺ​ជា​មតិ​លើកឡើង​របស់ លោក អ៊ឹង ម៉េង​ហួរ សមាជិក​គណៈកម្មាធិកា​រ​កណ្តាល​និង​ជា​អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​ខេត្ត​កំពត ដើម្បី​ក្រើនរំលឹក​ណែនាំ ដល់​មន្ត្រី​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​មកពី​គណបក្ស​ថ្នាក់​មូលដ្ឋាន​នៃ​មន្ទីរ អង្គភាព និង​ក្រុង ស្រុក ឃុំ សង្កាត់​ក្នុង​ខេត្ត​សរុប​ចំនួន​ជាង​២០០​នាក់​។​

​នៅក្នុង​ឱកាស​កិច្ចប្រជុំ​បូក​សរុប​ការងារ​ត្រួតពិនិត្យ​គណបក្ស​ខេត្ត​ឆ្នាំ​២០១៨​និង​លើក​ទិសដៅ​ភារកិច្ច​ឆ្នាំ​២០១៩ ដែល​បាន​ធ្វើឡើង​កាលពី​ព្រឹក​ថ្ងៃទី​២៦​ខែ​មេសា​ឆ្នាំ​២០១៩​នៅ​មន្ទីរ​គណបក្ស​ប្រជាជន​ខេត្ត​កំពត លោក អ៊ឹង ម៉េង​ហួរ បាន​លើក​បញ្ជាក់​ក្រើនរំលឹក​ដល់​សមាជិក​ក្នុង​កិច្ចប្រជុំ​នេះ​ថា​៖ កន្លងមក​អង្គការ​ចាត់តាំង​គណបក្ស​និង​មន្ត្រី​គណបក្ស​ភាគច្រើន​បាន​កំពុង​យកចិត្តទុកដាក់​យ៉ាង​សកម្ម​និង​សម្រេច​រាល់​ទិសដៅ​ភារកិច្ច​របស់​គណបក្ស​ទាំង​ក្នុង​ការងារ​ទូទៅ ទាំង​ក្នុង​ការងារ​កសាង​ពង្រឹង​គណបក្ស របប​ដឹកនាំ​និង​របៀបរបប​ធ្វើការ​ភាគច្រើន​បាន​អនុវត្ត​ត្រឹមត្រូវ​តាម​លក្ខន្តិកៈ បទបញ្ជាផ្ទៃក្នុង និង​គោលការណ៍​ណែនាំ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ថ្នាក់កណ្ដាល ដែល​ចំណុច​វិជ្ជមាន​ទាំងអស់នេះ​បាន​ធ្វើឲ្យ​គណបក្ស​រឹងមាំ ទទួលបាន​ការគាំទ្រ​ពី​ប្រជាជន ដណ្ដើម​បាន​ជ័យជម្នះ​ជា​បន្តបន្ទាប់​ក្នុង​ការដឹកនាំ​ប្រទេស​និង​ការបោះឆ្នោត​ទាំង​នៅក្នុង​ថ្នាក់ជាតិ​និង​ថ្នាក់មូលដ្ឋាន​។​

​លោក​ក៏​បាន​បន្ត​លើកឡើង​ទៀត​ថា​៖​តែ​ទោះបី​លទ្ធផល​សម្រេច​បាន​ជា​ភាព​វិជ្ជមាន​ទាំងនេះ​ក៏ពិតមែន ក៏​នៅ​មាន​ចំណុច​អវិជ្ជមាន​ដែល​ត្រូវ​ពុះពារ​កែលម្អ​បន្ថែមទៀត ចំពោះ​មន្ត្រី​ដឹកនាំ​គណបក្ស​មួយចំនួន ខ្វះ​ការយល់ដឹង​អំពី​ការងារ​គណបក្ស​ខ្វះ​ការអនុវត្ត​របប​ប្រជុំ​ជីវភាព និង​មិន​គោរព​បាន​ត្រឹមត្រូវ​តាម​គោលការណ៍​សមូហភាព​ដឹកនាំ ម្នាក់ៗ​ទទួលខុសត្រូវ ឃ្លាតឆ្ងាយ​ពី​មហាជន រហូត​ប្រព្រឹត្ត​ខុសឆ្គង​ធ្វើឲ្យ​ប៉ះពាល់​ធ្ងន់ធ្ងរដ​ល់​សិទ្ធនិ​ង​ផលប្រយោជន៍​ប្រជាជន​ថែមទៀត​។​

​មិនតែប៉ុណ្ណោះ​ចំណុច​អវិជ្ជមាន​ទាំងអស់នេះ បាន​ជះ​ឥទ្ធិពល​ដល់​សាមគ្គីភាព​ផ្ទៃក្នុង ដល់​ប្រសិទ្ធភាព​ការងារ និង​ប្រជាប្រិយភាព​របស់​គណបក្ស​ដែល​ទាមទារ​ឲ្យ​គណបក្ស​ត្រូវ​តែ​ពង្រឹង​ការងារ​អនុវត្ត​លក្ខន្តិកៈ​គណបក្ស​ឲ្យបាន​ម៉ឺងម៉ាត់​ពង្រឹងគុណភា​ព​បង្កើន​ការងារ​ត្រួតពិនិត្យ​របស់​មន្ត្រី​ឲ្យបាន​រឹងមាំ និង​ប្រកាន់ខ្ជាប់​លើកកម្ពស់​ការដឹកនាំ អនុវត្ត​គោលនយោបាយ​ចំពោះ​មន្ត្រី​ប្រកប​ដោយ​ភាពយុត្តិធម៌​និង​បរិយាប័​ន ដោយ​ភ្ជាប់​នឹង​ការអនុវត្ត​ផ្អែក​តាម​ប្រសាសន៍​ក្រើនរំលឹក​របស់​សម្ដេច​តេជោ ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​ថា​៖​ត្រូវតែ​បន្ត​ពង្រឹង​អភិបាលកិច្ច​នៅ​គ្រប់​ស្ថាប័ន ពង្រឹង​សមត្ថភាព​លុបបំបាត់​គ្រួសារនិយម ទំនើងនិម​យ បក្សពួក​តាមរយៈ​អភិក្រម​”​ឆ្លុះ​កញ្ចក់ ងូតទឹក ដុស​ក្អែល ព្យាបាល និង​វះកាត់​”៕
​សេង ណា​រិទ្ធ​