
ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ពន្ធ័មុនីរត្ន័ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកណ្តាលបានអញ្ជើញចុះសួរសុខទុក្ខ និងជូនអំណោយដល់បងប្អូនរងគ្រោះទឹកជំនន់ទឹកភ្លៀង នៅភូមិបុណ្ណា ឃុំព្រះពុទ្ធ ស្រុកកណ្តាលស្ទឹង ចំនួន ៩២៥គ្រួសារ
(ខេត្តកណ្តាល)៖ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ពន្ធ័មុនីរត្ន័ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកណ្តាល បានអញ្ជើញចុះសួរសុខទុក្ខជូនអំណោយបងប្អូនរងគ្រោះទឹកជំនន់ទឹកភ្លៀង ចំនួន ៩២៥គ្រួសារ ស្ថិតនៅភូមិបុណ្ណា ឃុំព្រះពុទ្ធ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ ២០២០នេះ។
ថ្លែងក្នុងឱកាស ចុះសំណេះសំណាលចែកអំណោយជូនពលរដ្ឋនោះ ក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ ប្រធាន អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ក្រុង ស្រុក ឯកឧត្តម ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម អភិបាលខេត្ត មន្ទីរអង្គភាពជុំវិញខេត្ត និងមន្ត្រីកាកបាទក្រហមខេត្ត។
ជាមួយគ្នានោះ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ បានពាំនាំប្រសាសន៍ផ្តាំផ្ញើរសួរសុខទុក្ខពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដោយសម្តេចទាំងទ្វេរបានគិតគូរអំពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋទាំងដោយក្តីនឹករលឹក ។
ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ បានមានប្រសាសន៍ថា ប្រជាពលរដ្ឋទាំងអស់ត្រូវថែរក្សាអនាម័យ និងការរស់នៅឲ្យបានល្អជៀសវាងនូវជម្ងឺដង្កាត់ផ្សេងៗ ជាពិសេស ត្រូវចេះការពារនូវបញ្ហាជំងឺកូវីដ ១៩ ដែលពិភពលោកកំពុងប្រឈមមុខនឹងការឆ្លងរីករាលដាលយ៉ាងខ្លាំង ។ និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ក្នុងខេត្តត្រូវយកចិត្តទុក្ខដាក់ក្នុងការជន្លៀសប្រជាពលរដ្ឋមកទីទួលសុវត្ថិភាពក្នុងខណៈពេលដែលតំបន់នេះកំពុងការគំរាមកំហែងដោយទឹកជំនន់ ។
ឯកឧត្តមបានបន្តថា សូមមានការប្រុងប្រយ័ត្នខ្ពស់ដោយទុកដាក់ទ្រព្យសម្បត្តិឲ្យបានល្អ និងជាពិសេសត្រូវយកចិត្តទុកដាក់ដល់ការថែទាំកុមារតូចៗកុំឲ្យលេងទឹកដើម្បីបង្ការនិងទប់ស្កាត់នូវគ្រោះថ្នាក់ដល់អាយុជីវិតនិងខូចខាត ទ្រព្យសម្បត្តិបងប្អូនជាយថាហេតុ ។
ឯកឧត្តមបាន ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះសប្បុរសជនទាំងអស់ ដែលបានឧបត្ថម្ភ ដល់រាជរដ្ឋាភិបាល ដើម្បីជួយសង្គ្រោះប្រជាពលរដ្ឋយើង ដែលកំពុងរងគ្រោះដោយទឹកជំនន់។កាយវិការដ៏ប្រពៃទំាងនោះ បានបង្ហាញពីវប្បធម៌ចែករំលែក សាមគ្គីភាព និងការរួបរួមគ្នា របស់ប្រជាពលរដ្ឋកម្ពុជាយើង ដែលជានិច្ចកាលតែងតែ ជួយគ្នាទៅវិញទៅមក នៅគ្រប់កាលៈទេសៈ ជាពិសេស ក្នុងពេលយើងជួបគ្រោះអាសន្ន ។
ឯកឧត្តមបានលើកទឹកចិត្តផងដែរ ដល់កងកម្លាំងមានសមត្ថកិច្ចទាំងអស់ ទាំងទាហាន នគរបាល កងរាជអាវុធហត្ថ ប្រជាការពារ និងអាជ្ញាធរមូលដ្ឋាន ត្រូវបន្តយកចិត្ដទុកដាក់ ការពារទ្រព្យសម្បត្តិ របស់ប្រជាពលរដ្ឋនៅតាមផ្ទះ ដែលត្រូវជម្លៀសមកទីទួលសុវត្ថិភាព។ ចំណែកក្រុមគ្រូពេទ្យ ត្រូវបន្តតាមដាន និងពិនិត្យព្យាបាលប្រជាពលរដ្ឋ ដែលមានបញ្ហាសុខភាពនៅពេលនេះឲ្យបានល្អ។
សូមបញ្ជាក់ថា អំណោយដែលចែកជូនដល់គ្រួសាររងគ្រោះទាំង ៩២៥គ្រួសារ ដោយក្នុងមួយគ្រួសារទទួលបាន៖ អង្ករ ២៥គីឡូ ទឹកសុទ្ធ ១កេស ត្រីខ ១យួរ ធុងចំរោះទឹកស្អាតចំនួនមួយ ឃីដមួយ កញ្ចប់ ក្នុងនោះមាន មុង១ ភួយ១ ក្រមា១ សាប៊ូ១ដុំ ៕