​ខួប​អនុស្សាវរីយ៍​លើក​ទី​៦៨​ថ្ងៃ​បង្កើត​គណបក្ស​ប្រជាជន​កម្ពុជា​(២៨​មិថុនា ១៩៥១-២៨ មិថុនា ២០១៩) នៅ​សាលប្រជុំ​គណបក្ស​ប្រជាជន​កម្ពុជា​ខេត្ត​ស្វាយរៀង​

(​ស្វាយរៀង​): នៅ​ព្រឹក​ថ្ងៃទី​២៨ ខែមិថុនា ឆ្នាំ​២០១៩ ក្រោម​អធិបតីភាព​លោក ម៉ែន វិបុល ប្រធាន​គណៈកម្មាធិការ គណបក្ស​ប្រជាជន​កម្ពុជា​ខេត្ត​ស្វាយរៀង បាន​អញ្ជើញ​ចូលរួម​ប្រារព្ធ​ខួប​៦៨​ឆ្នាំ នៃ​ថ្ងៃ​បង្កើត​គណបក្ស​ប្រជាជន​កម្ពុជា (២៨ មិថុនា ១៩៥១-២៨ មិថុនា ២០១៩) ដែល​មាន​សមាជិក សមាជិការ ចូលរួម​ចំនួន ៩៩៩​នាក់ នៅ​សាលប្រជុំ​គណបក្ស​ប្រជាជន​កម្ពុជា​ខេត្ត​ស្វាយរៀង ។​

​លោក ម៉ែន វិបុល បាន​អាន​សារលិខិត​របស់​គណបក្ស​ប្រជាជន​កម្ពុជា​បាន​បដិសន្ធិ​នៅ​ថ្ងៃទី​២៨ ខែមិថុនា ឆ្នាំ​១៩៥១ ដោយ​មានឈ្មោះ​ដើម​ថា “​គណបក្ស​ប្រជាជន បដិវត្តន៍​ខែ្មរ​” ហើយ​នៅ​ឆ្នាំ​១៩៩១ បាន​ប្តូរ​ឈ្មោះ​មកជា គណបក្ស​ប្រជាជន​កម្ពុជា ។ ចាប់តាំងពី​ពេល​បដិសន្ធិ​រហូតមកដល់​បច្ចុប្បន្ន​គណបក្ស​បាន​ប្រកាន់ខ្ជាប់​នូវ​គោលបំណង និង​ឧត្តមគតិ​របស់​ខ្លួន​គឺ​ឈរ​នៅ​ខាង​ប្រជាជន ផ្សារភ្ជាប់​រួមសុខ រួម​ទុក្ខ ជាមួយ​ប្រជាជន ខិតខំ​ប្រមូល​កម្លាំង​ប្រជាជាតិ​ទាំងមូល ដែល​មាន​ឧត្តមគតិ​ស្នេហា​ជាតិ​មាតុភូមិ ស្រឡាញ់​លទ្ធិប្រជាធិបតេយ្យ និង​សន្តិភាព ដោយ​មិន​ប្រកាន់​ឋានៈ​ជីវភាព ជនជាតិ ជំនឿ សាសនា អតីតកាល ដើម្បី​រួម​កម្លាំង​គ្នា​ការពារ​មាតុភូមិ ការពារ​សមិទ្ធិផល​សង្គម​ជាតិ និង​កសាង​ប្រទេស​កម្ពុជា​មួយ ឯករាជ្យ សន្តិភាព សេរីភាព អព្យាក្រឹត ប្រជាធិបតេយ្យ និង​វឌ្ឍនភាព​សង្គម ។​

​លោក​បាន​បន្តទៀតថា​: ក្រោម​ម្លប់​សន្តិភាព ប្រទេសជាតិ​យើង នឹង​មាន​ការអភិវឌ្ឍ​បន្តទៀត ក្រោម​ការដឹកនាំ​របស់​គណបក្ស​ប្រជាជន​កម្ពុជា ដែល​បាន​នៅ​ជាប់​ជាមួយ​ប្រជាពលរដ្ឋ អស់​រយៈពេល​៦៨​ឆ្នាំ​មកហើយ ។​
​ដូច្នេះ​ហើយ​ក្រោម​ម្លប់​សន្តិភាព និង​ក្រោម​ការដឹកនាំ​របស់ របស់​គណបក្ស​ប្រជាជន​កម្ពុជា ប្រទេសជាតិ​យើង​នឹង​កាន់តែ​រីកចម្រើន​លឿន​ទៅ​មុខ​ជា​និច្ច ៕