នាព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ ២០២០នេះ លោកជំទាវ ហៅ ច័ន្ទសេរីទេពី ចៅ ភិរុណ លោកជំទាវ ដួង វណ្ណា និងក្រុមការងារសាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង រួមទាំងពុទ្ធបរិស័ទរាជធានីភ្នំពេញ ស្វាយរៀង បានរៀបចំពិធីបុណ្យកឋិនទានសាមគ្គីទៅវេរប្រគេនដល់ព្រះសង្ឃដែលគង់ចាំព្រះវស្សាអស់ត្រីមាស និងប្រមូលបច្ច័យសម្រាប់កសាងសមិទ្ធផលនានា នៅទីអាវាសវត្តត្នោតជ្រំ ភូមិឬស្សីព្រៃ ឃុំកំពង់ចម្លង ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។

បុណ្យកឋិនទាន គឺជាបុណ្យមួយរបស់ជាតិ និងប្រជាពលរដ្ឋកាន់សាសនាព្រះពុទ្ធដែលមានរយៈពេល ២៩ថ្ងៃ គឺចាប់ពីថ្ងៃ ១រោជ ខែអស្សុជ ដល់ថ្ងៃ ១៥កើត ខែកត្តិក ហើយវត្តនីមួយៗទទួលបានកឋិនតែមួយដងគត់ក្នុងរយៈពេលមួយឆ្នាំ នៃអង្គកឋិនទាន ។

បន្ទាប់ពីអង្គរក្សទានប្រទក្សិណជុំវិញព្រះវិហារ និងដារឆ្លងសទ្ធាបុណ្យទៅតាមកន្លងប្រពៃណីព្រះពុទ្ធសាសនាជាបន្តបន្ទាប់រួច ព្រះចៅអធិការវត្តជួសមុខឲ្យព្រះសង្ឃ លោកតាអាចារ្យ គណៈកម្មការវត្តបានសំដែងហទ័យ និងទឹកចិត្តជ្រះថ្លារបស់ពុទ្ធបរិស័ទទាំងអស់ដែលបានរៀបចំពិធីបុណ្យបានល្អប្រសើរទៅតាមគន្លងប្រពៃណីជាតិដើម្បីប្រមែប្រមូលស្បង់ជីវរបច្ច័យ គ្រឿងឧបភោគបរិភោគធ្វើការផ្គត់ផ្គង់ដល់ព្រះសង្ឃ និងបន្តកសាងនៅទីអាវាសវត្តនេះដែរ ។

អំពើទាំងនេះគឺជាការរួមចំណែកយ៉ាងសំខាន់ជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការអភិវឌ្ឍសង្គមជាតិ ខាងផ្នែកពុទ្ធចក្រដែលកំពុងដើរតួយ៉ាងសំខាន់ក្នុងការបណ្ដុះបណ្ដាលអភិវឌ្ឍធនធានមនុស្សនៅមូលដ្ឋានរបស់យើង ដែលសមិទ្ធផលទាំងអស់នេះផ្ដើមចេញពីការអនុវត្តគោលនយោបាយ ភូមិ ,ឃុំ មានសុវត្ថិភាពរបស់ប្រជាការពារនៅគ្រប់មូលដ្ឋានក្នុងខេត្ត ។

បច្ច័យដែលប្រមូលបាននៅក្នុងពិធីបុណ្យកឋិនទានសាមគ្គីនាពេលនេះ យកទៅវេរប្រគេនដល់ព្រះសង្ឃសម្រាប់កសាងសមិទ្ធផលនានាបន្ថែមទៀតផងដែរ ។