ប្រជាពលរដ្ឋ​០៦​គ្រួសារ តំណាងឲ្យ​៣៦​គ្រួសារ ត្រូវ​សមត្ថកិច្ច​ចាប់​ឃុំ​អស់​រយៈពេល​២​យប់​៣​ថ្ងៃ ក្នុង​រឿង​វិវាទ​ដី​ផ្លូវ​ដែល​ប្រជាពលរដ្ឋ​ចោទប្រកាន់​ទៅ​លោក​អនុប្រធាន​មន្ទីរ​សាធារណៈការ​និង​ដឹកជញ្ជូន​ខេត្ត​ម្នាក់ រំលោភ​យក​ផ្លូវ​សាធារណៈ​ទៅ​ធ្វើជា​កម្មសិទ្ធិ​និង​ដាំ​ដើមឈើ​ធ្វើ​របង​បិទ​ផ្លូវ​សាធារណៈ ដែល​ប្រជាពលរដ្ឋ​ប្រើប្រាស់​ធ្វើ​ដំណើរ​តាំងពី​ឆ្នាំ​១៩៧៩​រហូត​មក​ម្ល៉េះ

(​ខេត្ត​ស្វាយរៀង​)៖ ចំពោះ​ករណី​រឿង​នេះ​ដែរ ស្ត្រី​ម្នាក់​ឈ្មោះ​ប៉ិច​ចិន្តា អាយុ​៥១​ឆ្នាំ បានឲ្យដឹងថា​: ពួកគាត់​០៦​គ្រួសារ បាននាំគ្នា​ទៅ​វត្ត​ស្វាយ​ជ្រំ ឲ្យ​ព្រះសង្ឃ​ស្រោច​ទឹក​ដោយ​សារ​ពួកគាត់​ត្រូវ​សមត្ថកិច្ច​ចាប់​ពួក​គាត់​យក​ទៅ​ឃុំ​នៅ​នគ​បាល​ខេត្ត អស់​រយៈ​២​យប់ ដោយ​អយុត្តិធម៌​រួច​បញ្ជូន​ទៅ​តុលាការខេត្ត​ស្វាយរៀង ដោយ​ចោទ​ប្រជាពលរដ្ឋ​០៦​នាក់ ពីបទ​បំផ្លេចបំផ្លាញ​ទ្រព្យសម្បត្តិ​អ្នក​ដ៏​ទៃ ។​

​ស្ត្រី​រូប​នេះ​បន្តទៀតថា​: តាមពិត​គឺជា​រឿង​ទម្នាស់​ដី​ផ្លូវ​សាធារណៈ រវាង​ប្រជាពលរដ្ឋ​ចំនួន​៣៦​គ្រួសារ​នៅ​ភូមិ​ស្វាយជ្រំ ឃុំ​ស្វាយជ្រំ ស្រុក​ស្វាយជ្រំ ជាមួយ​លោក សុខ សុផល តួនាទី​ជា​អនុប្រធាន​មន្ទីរ​សាធារណៈការ​និង​ដឹកជញ្ជូន​ខេត្ត ដែល​មាន​ទីលំនៅ​ភូមិ​ស្រះ​វង្ស សង្កាត់​ស្វាយរៀង ក្រុង​ស្វាយរៀង ទៅ​ចាក់​ដី​រំលោភ​យក​ផ្លូវ​សាធារណៈ​របស់​ប្រជាពលរដ្ឋ​៣៦​គ្រួសារ​ធ្វើដំណើរ​តាំងពី​ឆ្នាំ​១៩៧៩​រហូតមក ទៅ​ធ្វើជា​កម្មសិទ្ធិ​ហើយ​បាន​ដាំ​ដើមឈើ​ធ្វើ​របង​បិទផ្លូវ​របស់​ប្រជាពលរដ្ឋ​បណ្តាល​ឲ្យ​ប្រជាពលរដ្ឋ​បាត់បង់​ផ្លូវ​ធ្វើដំណើរ ទើប​ប្រជាពលរដ្ឋ​កាប់​ដើមឈើ​ដែល​ដាំ​បិទផ្លូវ​ចោល ដើម្បី​យក​ផ្លូវ​សាធារណៈ​មក​ប្រើប្រាស់​វិញ​ក៏​ត្រូវ​លោក​អនុប្រធាន​មន្ទីរ​រូបនោះ ប្តឹង​ចាប់​ប្រជា​ពលរដ្ឋ​តែ​ម្តង ។​

​ជនរងគ្រោះ​ដែល​សមត្ថកិច្ច​ចាប់​ឃុំ​នោះ​មាន​:
​ទី​១,​ឈ្មោះ​ប៉ិច ចិន្តា ភេទ​ស្រី អាយុ​៥១​ឆ្នាំ ជាក​ម្មការ​នី ។​
២,​ឈ្មោះ​ប៉ិច បុប្ផា ភេទ​ស្រី អាយុ​៤៨​ឆ្នាំ ជាក​ម្មការ​នី
៣,​ឈ្មោះ​ប៉ា ធីតា ភេទ​ប្រុស អាយុ​៤៧​ឆ្នាំ មុខរបរ​កម្មករ​។​
៤,​ឈ្មោះ​ប៉េង​កុសល ភេទ​ប្រុស អាយុ​៤១​ឆ្នាំ មុខរបរ​ធ្វើស្រែ​។​
៥,​ឈ្មោះ​រស់​សែម ភេទ​ស្រី អាយុ​៥៣​ឆ្នាំ មុខរបរ​ធ្វើស្រែ​។​
៦,​ឈ្មោះ​ប៉ែន​គាង ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ មុខរបរ​កម្មករ អ្នក​ទាំង​០៦​នាក់​រស់នៅ​ភូមិ​កើតហេតុ​ខាងលើ ។​

​ជនរងគ្រោះ​ទាំង​០៦​នាក់​បានឲ្យដឹង​ទៀតថា​: ដំណើររឿង នៅ​អំឡុង​ឆ្នាំ​២០០៧_២០០៨ មានឈ្មោះ សុខ សុផល អនុប្រធាន​មន្ទីរ​សាធារណៈការ​និង​ដឹកជញ្ជូន​ខេត្ត​ស្វាយរៀង បាន​មក​ទិញ​ដីស្រែ​មួយ​កន្លែង​នៅ​ជាប់​ប្រឡាយ​នៅ​ក្នុង​ភូមិ​ស្វាយជ្រំ ក្រោយមក​បាន​ចាក់ដី​លើក​ជា​ភូមិ​ម្ករ​សម្រាប់​ដាំ​ដំណាំ កាលណោះ​គឺ​បាន​ចាក់ដី​រំលោភ​យក​ផ្លូវ​សាធារណៈ​ទំហំ​៣​ម៉ែត្រ (​ជា​ភ្លឺ​ភ្លោះ​សម័យ​ប៉ុលពត​) បណ្តោយ​៨០​ម៉ែត្រ​ដែល​ប្រជាពលរដ្ឋ​ចំនួន​៣៦​គ្រួសារ​ធ្វើជា​ផ្លូវលំ​ធ្វើដំណើរ​ចេញពី​ភូមិ​មក​ផ្លូវ​ប្រឡាយ​ឡើង​មក​ផ្លូវជាតិ​តាំងពី​ឆ្នាំ​១៩៧៩​រហូតមក ។​
​ហើយ​ឈ្មោះ​សុខ​សុផល បាន​ដាំ​ដើម​ប្រេងខ្យល់​បិទ​ផ្លូវ​និង​ដាំ​ដើម​អាកាស្យា​និង​ដើម​ស្វាយ​លើ​ដី​ផ្លូវ​នោះ​ទៀត​ធ្វើឲ្យ​ប្រជាពលរដ្ឋ​បាត់បង់​ផ្លូវ​ធ្វើ​ដំណើរ ។​

​ប្រជាពលរដ្ឋ​បាន​ប្តឹង​ទៅ​លោក​មេភូមិ​ស្វាយជ្រំ អោយ​ដោះស្រាយ​មិន​ចេញ រួច​ក៏​ប្តឹង​ទៅ​លោក​មេឃុំ​ស្វាយជ្រំ ក៏​ដោះស្រាយ​មិន​ចេញ​ទៀត គឺ​ទម្នាស់​រ៉ាំរ៉ៃ​ចាប់តាំងពី​ឆ្នាំ​២០០៩​រហូត​បច្ចុប្បន្ន​ឆ្នាំ​២០១៩ គឺ​១០​ឆ្នាំ​មកហើយ លោក​មេឃុំ​ដោះ​៣​លើក​ដោះ​មិន​ចេញ​ទើប​នៅ​ឆ្នាំ​២០១៩​នេះ​ប្រជាពលរដ្ឋ​បាន​រៃអង្គាសប្រាក់​គ្នា​លើក​ផ្លូវលំ​មួយ​ខ្សែ​នេះ​ប្រវែង​៨០០​ម៉ែត្រ មកដល់​ចំណុច​ទម្នាស់ ហើយ​បាន​ទៅ​ចរចារ​ជាមួយ​ប្រពន្ធ​លោក​សុខ​សុផល ដើម្បី​បើកផ្លូវ​វិញ ប៉ុន្តែ​លោក​សុខ​សុផល បាន​តប​ថា លើកថ្នល់​ឲ្យមក​ដល់​ដី​គាត់​ទៅ​ចាំ​គាត់​បើកផ្លូវ​ឲ្យ​វិញ ក៏​ប៉ុន្តែ​ពេល​ប្រជាពលរដ្ឋ​លើក​ផ្លូវ​មក​ដល់​ហើយ​បែ​ជា​ក្រឡាស់សំដី​ថា​មិន​អោយ​វិញ ទើប​នៅ​ថ្ងៃអាទិត្យ​ទី​២៣ ខែមិថុនា ឆ្នាំ​២០១៩ ប្រជាពលរដ្ឋ​នាំគ្នា​តវា​និង កាប់​កូនដើម​ប្រេងខ្យល់​ដាំ​បិទផ្លូវ​អស់​០៧​ដើម អាកាស្យា​០៣​ដើម និង​ដើម​ស្វាយ​ដាំ​លើផ្លូវ​២​ដើម ដើម្បី​បើកផ្លូវ​ឡើងវិញ ។​

​លុះដល់​ថ្ងៃ​ចន្ទ័ទី​២៤ ខែមិថុនា ឆ្នាំ​២០១៩ នគ​បាល​ប៉ុស្ត៍​រដ្ឋបាល​ឃុំ​ស្វាយជ្រំ បាន​មក​ចាប់​ប្រជា​ពល​ដ្ឋ​ចំនួន​០៦​នាក់ យក​ទៅ​ប៉ុស្ត៍ ដែរ​លោក​សុខ​សុផល ដាក់ពាក្យ​ប្ដឹង​ទាមទា​ឲ្យ​សង​ការខូចខាត​ជា​ទឹកប្រាក់​៤​លាន​រៀល ប៉ុន្តែ​ប្រជាពលរដ្ឋ​គ្មាន​ប្រាក់​បង់​ក៏​បញ្ជូន​ទៅ​នគ​បាល​ខេត្ត ឃុំខ្លួន​ពួកគាត់​២​យប់​៣​ថ្ងៃ ធ្វើការ​ដោះស្រាយ​ឈ្មោះ​សុខ​ផល ទា​សំណង​ចុះ​ត្រឹម​២​លាន​៥​សែន​រៀល ចំណែក​ប៉ូលីស បាន​ទា​ប្រាក់​ពី​ប្រជាពលរដ្ឋ​ក្នុង​ម្នាក់​៤០០​ដុល្លារ សរុប​០៦​នាក់​ស្មើ​២,៤០០​ដុល្លារ ដើម្បី​រត់ការ​បញ្ចប់រឿង​បណ្តឹង​អាជ្ញា ប្រជាពលរដ្ឋ​បាន​ប្រាប់ថា​ពួកគាត់​ជា​កម្មករ​ក្រីក្រ​គ្មាន​ប្រាក់​ទេ បើ​៤០០​ដុល្លារ​ទាំងអស់​គ្នា​គាត់​និង​ទៅ​រៃ​គ្នាឲ ។​

​រួច​ការចរចារ​មិន​ត្រូវ​នៅ​ព្រឹក​ថ្ងៃទី​២៦ ខែមិថុនា ឆ្នាំ​២០១៩ សមត្ថកិច្ច​ក៏​បញ្ជូន​ពួកគាត់​ទៅ​តុលាការ​សាលាដំបូង​ខេត្ត​ស្វាយរៀង លោក​ព្រះរាជអាជ្ញា​ចោទប្រកាន់​ពីបទ​បំផ្លេចបំផ្លាញ​ទ្រព្យសម្បត្តិ​អ្នក​ដ៏​ទៃ រួច​បញ្ជូន​ទៅ​លោក​ចៅក្រម​ស៊ើបសួរ​ចាត់ការ​បន្ត ។​

​ប្រភព​ដ៏​ដែល​បន្តទៀតថា​: លោក​ចៅក្រម​បាន​សួរ​ម្នាក់​ម្តងៗ ហើយ​បាន​ឲ្យ​ប្រជាពលរដ្ឋ​ទាំង​០៦​នាក់​បង់​ប្រាក់​តម្កល់​ចំនួន​៤​លាន​រៀល ក៏​ប៉ុន្តែ​ប្រជាពលរដ្ឋ​គ្មាន​ប្រាក់​បង់​ទេ​។​ក្រោយមក​ធ្លាយ​រឿង​នេះ​ដល់ លោក តូច ប៉ូ​លី​វ៉ា អភិបាលរង​ខេត្ត​និង​ជា​ប្រធាន​ក្រុម​ការងារ​បណ្តាញ​ផ្សព្វផ្សាយ​សង្គម ខេត្ត និង​លោក ម៉ែន វិបុល អភិបាល​នៃ​គណៈ​អភិបាលខេត្ត ធ្វើ​អន្តរាគមន៍​ទើប លោក​ចៅក្រម​ឲ្យ​ប្រជាពលរដ្ឋ​០៦​នាក់ បង់​ប្រាក់​តម្កល់​នៅ​ក្រៅ​ឃុំ​ក្នុង​ម្នាក់​២​សែន​រៀល ទាំង​៦​នាក់​សរុប​១,២០០,០០០​រៀល​រហូតដល់​ម៉ោង​៩​និង​១០​នាទី​យប់ ទើប​ប្រជាពលរដ្ឋ​បាន​មាន​សេរីភាព​ត្រឡប់ទៅផ្ទះ​វិញ ។​

​ទាក់ទិន​ករណី​នេះ​ដែរ​លោក ហែម សារិទ្ធ អភិបាល​ស្តីទី​ស្រុក​ស្វាយជ្រំ បានឲ្យដឹងថា​: កា​ពិត​លោក​សុខ​ផល​បាន រំលោភ​យក​ដី​ផ្លូវ​របស់​ប្រជា​ពលរដ្ឋ​ពិតប្រាកដ​មែន ហើយ​សុរិយោដី​បាន​ចុះបញ្ជី​ដី​ជា​លក្ខណ​ប្រពន្ធ័​រួច​ហើយ គឺ​ផ្លូវលំ​នេះ​ទំហំ​០៣​ម៉ែត្រ ដូច្នេះ​ឈ្មោះ​សុខ​ផល បាន​ចាក់ដី​បិតផ្លូវ​ប្រជាពលរដ្ឋ​ពិតប្រាកដ​មែ ហើយ​នៅ​ថ្ងៃទី​២៨ លោក​និង​កោះហៅ​ភាគី​លោក​សុខ​ផល ឲ្យមក​បើកផ្លូវ​ឲ្យ​ប្រជាពលរដ្ឋ​វិញ ចំពោះ​រឿង​តុលាការ​លោក​មិន​លូកដៃ​ទេ​។​

​ចំពោះ​រឿង​នេះ​ដែរ​យើង​មិន​អាច​សុំ​ការបំភ្លឺ​ពី លោក សុខ​ផល អនុប្រធាន​មន្ទីរ​សាធារណការ​ខេត្ត បានទេ ៕