ឯកឧត្តម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង និងលោកជំទាវ ឧត្តមសេនីយ៍ឯក ជ័យ បុប្ផា អគ្គលេខាធិការរងអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយរបាយការណ៍ ស្តីពីលទ្ធផលការងារត្រួតពិនិត្យគ្រឿងញៀនប្រចាំឆមាសទី១ និងលើកទិសដៅឆមាសទី២ ឆ្នាំ២០២០.

(ស្វាយរៀង):នាព្រឹកថ្ងៃអង្គារ៦រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ត្រូវនឹងថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២០នេះ ឯកឧត្តម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង និងលោកជំទាវ ឧត្តមសេនីយ៍ឯក ជ័យ បុប្ផា អគ្គលេខាធិការរងអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយរបាយការណ៍ ស្តីពីលទ្ធផលការងារត្រួតពិនិត្យគ្រឿងញៀនប្រចាំឆមាសទី១ និងលើកទិសដៅឆមាសទី២ ឆ្នាំ២០២០។

អញ្ជើញចូលរួមក្នុងពិធីនេះមានឯកឧត្តម អភិបាលរងខេត្ត លោកប្រធានសាលាដំបូងខេត្ត លោកព្រះអាជ្ញាអមសាលាដំបូងខេត្ត លោកស្នងការរងនគរបាលខេត្ត លោកមេបញ្ជាការប្រតិបត្តិការសឹករងស្វាយរៀង លោកមេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត លោក លោកស្រី ប្រធានមន្ទីរអង្គភាពនានាក្នុងខេត្ត លោកនាយករងរដ្ឋបាលសាលាខេត្ត លោកនាយកទីចាត់ការ និងប្រធានអង្គភាពចំណុះសាលាខេត្ត លោកអភិបាលក្រុង​ ស្រុកទាំង៨​ តំណាងកងកម្លាំងទាំង៣តាមបណ្តាក្រុងស្រុក និងតាមបណ្តាព្រំដែន ប្រធានទីស្នាក់ការច្រកទ្វាព្រំដែនគោកក្នុងខេត្ត គ្រូពេទ្យអ្នកគ្រឿងញៀន និងប្រធានការិយាល័យBLO ក្នុងខេត្តស្វាយរៀង សរុបវត្តមានចំនួនប្រមាណ១១៦នាក់។

មានប្រសាសន៍នៅក្នុងកិច្ចប្រជុំនេះឯកឧត្តមអភិបាលខេត្ត និងលោកជំទាវបានផ្ដាំផ្ញើដល់គណ:កម្មាធិការត្រួតពិនិត្យគ្រឿងញៀនគ្រប់លំដាប់ថ្នាក់ក្នុងខេត្ត និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ នូវកិច្ចការមួយចំនួនដូចជា៖
១-ត្រូវបន្តផ្ដោតការយកចិត្តទុកដាក់ ចាត់តាំងអនុវត្តឲ្យបានកាន់តែខ្លាំងក្លាថែមទៀតនូវបទបញ្ជារបស់រាជរដ្ឋាភិបាល ស្ដីពីការពង្រឹងវិធានការប្រយុទ្ធប្រឆាំងគ្រឿងញៀន គោលនយោបាយភូមិ ឃុំមានសុវត្ថិភាព គោលនយោបាយភូមិ ឃុំ សង្កាត់ “ស” គ្មានគ្រឿងញៀនពិសេសការចាត់តាំងអនុវត្តវិធានការទាំង៥ នៃយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ ឲ្យបានម៉ឺងម៉ាត់បំផុត ។
២-ត្រូវបន្តពង្រឹង និងពង្រីកកិច្ចសហការ និងចលនាឲ្យមានការចូលរួម និងគាំទ្រពីគ្រប់សមាសភាព នៃសង្គម សំដៅធ្វើយ៉ាងណាឲ្យគ្រប់ក្រុមគោលដៅទាំងអស់ បានទទួលការផ្សព្វផ្សាយអប់រំ និងយល់ដឹងកាន់តែច្បាស់អំពីច្បាប់ និងផលប៉ះពាល់ពាក់ព័ន្ធនឹងគ្រឿងញៀន ប៉ុន្តែរាល់សកម្មភាពចលនា ផ្សព្វផ្សាយអប់រំត្រូវប្រកាន់ឲ្យបានខ្ជាប់ខ្ជួននូវវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ។
៣-កម្លាំងមានសមត្ថកិច្ច និងអាជ្ញាធរដែនដី ត្រូវបង្កើន ពង្រឹង និងយកចិត្តទុកដាក់ជំរុញការអនុវត្តវិធានការរដ្ឋបាល និងការអនុវត្តវិធានការច្បាប់ឲ្យបានម៉ឺងម៉ាត់ ចំពោះគោលដៅដែលងាយ ឬកើតមានបទល្មើសគ្រឿងញៀន ជាពិសេសនៅតាមកាស៊ីណូ សណ្ឋាគារ ផ្ទះសំណាក់ ផ្ទះជួល ទីសប្បាយដ្ឋាននានា និងតំបន់ដែលមានលក្ខណៈស្មុគស្មាញ បើទោះបីជាទីតាំងខ្លះមិនដំណើរការដោយសារកូវីដ-១៩ក៏ដោយ ។
៤-កម្លាំងមានសមត្ថកិច្ចគ្រប់ប្រភេទ គ្រប់ផ្នែក និងគ្រប់លំដាប់ថ្នាក់ ត្រូវប្រើប្រាស់កម្លាំងសរុប មធ្យោបាយសរុប និងវិធានការសរុប ខិតខំសហការប្រមែប្រមូលព័ត៌មាន ភស្តុតាង កំណត់ និងក្ដាប់ឲ្យបាននូវមុខសញ្ញាពាក់ព័ន្ធ ដើម្បីទប់ស្កាត់ឲ្យបាននូវការលួចលាក់នាំចូលគ្រឿងញៀនពីខាងក្រៅ ទាំងការយកមកចែកចាយ ជួញដូរក្នុងខេត្ត និងការប៉ុនប៉ងនាំចេញឆ្លងដែនទៅប្រទេសទីបី និងស្រាវជ្រាវបង្ក្រាបឲ្យដល់ឫសគល់កាត់ផ្តាច់ខ្សែរយៈបណ្ដាញ និងតាមចាប់មេក្លោងមកផ្ដន្ទាទោសតាមច្បាប់ ។
៥-អាជ្ញាធរមានសមត្ថកិច្ចទាំងអស់ ត្រូវបំផុសដល់ប្រជាពលរដ្ឋឲ្យចូលរួមកាន់តែសកម្មថែមទៀត ក្នុងការផ្ដល់ព័ត៌មានពីក្រុមឧក្រិដ្ឋជន ដែលមានបំណងប៉ុនប៉ងជួញដូរ ចែកចាយ និងចរាចរគ្រឿងញៀនក្នុងខេត្ត ។
៦-មេបញ្ជាការកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ត្រូវបង្កើនការអនុវត្តច្បាប់ឲ្យបានម៉ឺងម៉ាត់ និងត្រូវយកចិត្តទុកដាក់ធ្វើការអប់រំណែនាំ និងគ្រប់គ្រងកម្លាំងក្រោមឱវាទរបស់ខ្លួនឲ្យបានតឹងរ៉ឹងបំផុត ដែលខ្ញុំសូមរំលឹកសាជាថ្មីម្ដងទៀតត្រូវចៀសវាងឲ្យបានជាដាច់ខាតនូវ “កុំ៤” គឺ កុំពាក់ព័ន្ធ កុំនៅពីក្រោយធ្វើជាបង្អែក កុំបន្ធូរបន្ថយ និងកុំអន្តរាគមន៍ ក្នុងករណីបទល្មើសគ្រឿងញៀនគ្រប់ប្រភេទ ។
៧-ត្រូវយកចិត្តទុកដាក់ថែបំប៉ន និងលើកកម្ពស់សមត្ថកិច្ចមន្ត្រីអនុវត្តច្បាប់ លើកកម្ពស់កិច្ចសហប្រតិបត្តិការអន្តរជាតិ ជាមួយនិងសមត្ថកិច្ចព្រំដែននៃប្រទេសជិតខាង និងពង្រឹងយន្តការត្រួតពិនិត្យនៅតាមច្រកទ្វារព្រំដែននានាក្នុងខេត្ត ឲ្យបានតឹងរ៉ឹងបំផុត សំដៅធ្វើឲ្យប្រតិបត្តិការបង្ក្រាបគ្រឿងញៀនខុសច្បាប់កាន់តែមានប្រសិទ្ធភាព ។
៨-ប៉ុស្ដិ៍នគរបាលរដ្ឋបាលទាំងអស់ ត្រូវបន្តយកចិត្តទុកដាក់គ្រប់គ្រង និងក្ដាប់ឲ្យបានច្បាស់លាស់នូវមុខសញ្ញាលក់ និងចែកចាយគ្រឿងញៀន ជាពិសេសអ្នកចំណូលស្រុកមកស្នាក់នៅបណ្ដោះអាសន្ន ប្រកបមុខរបរផ្សេងៗ នៅក្នុងមូលដ្ឋានរបស់ខ្លួន និងត្រូវបង្ក្រាបឲ្យបានទាន់ពេលវេលាពេលមានបទល្មើសកើតឡើង ។
៩.សូមឲ្យគ្រប់សមត្ថកិច្ចពាក់ព័ន្ធត្រូវបន្តពង្រឹងសមត្ថភាព គុណភាព និងប្រសិទ្ធភាព នៃយន្តការបន្សាបគ្រឿងញៀននៅតាមមណ្ឌលសុខភាព និងមន្ទីរពេទ្យដែលមានស្រាប់នៅក្នុងខេត្តឲ្យមានដំណើរការល្អ និងកាន់តែមានប្រសិទ្ធភាព ក្នុងការបន្សាបជនរងគ្រោះដោយសារសារធាតុញៀន និងក៏ត្រូវបង្កើនការយកចិត្តទុកដាក់ដឹកនាំ ចាត់ចែង រៀបចំ និងបង្កលក្ខណៈ​​តាមគ្រប់រូបភាព ដែលអាចធ្វើឲ្យអ្នកញៀនគ្រឿងញៀនដែលនៅសេសសល់ បានទៅទទួល​យកសេវាព្យាបាល និងស្ដារនីតិសម្បទាឲ្យបានជាប់ជាប្រចាំ និងផុសផុលថែមទៀត ។