ពលរដ្ឋនៅ ភូមិត្រពាំងផ្លុង បានអះអាងថាពុំមានការបាត់បង់ដីក្រោយបោះបង្គោលព្រំដែននោះទេផ្ទុយទៅវិញយើងទទួលបានដីសេសសល់ថែមទៀត!!!

(ត្បូងឃ្មុំ)៖ នៅព្រឹកថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២០នេះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ រួមដំណើរជាមួយឯកឧត្ដម វ៉ាគឹមហុង ទេសរដ្ឋមន្រ្តីទទួលបន្ទុកកិច្ចការព្រំដែន និងជាប្រធានគណៈកម្មាធិការចម្រុះកិច្ចការព្រំដែន និងលោកជំទាវ កុយ ពិសី អនុប្រធានលេខាធិការដ្ឋានអចិន្ត្រៃយ៍ នៃអាជ្ញាធរជាតិទទួលបន្ទុកកិច្ចការព្រំដែន រួមទាំងឯកឧត្តម ពេជ្រ ស្រស់ ប្រធានគណៈបក្សយុវជនកម្ពុជា និងអ្នកពាក់ព័ន្ធ បានអញ្ជើញចុះទៅជួបបងប្អូនប្រជាពលរដ្ឋនៅភូមិត្រពាំងផ្លុង ត្រង់ទីតាំងបង្គោលព្រំដែនលេខ១១៧ ក្នុងឃុំត្រពាំងផ្លុង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ដើម្បីចង់បញ្ជាក់ឲ្យច្បាស់ថា បន្ទាប់ពីគណៈកម្មាធិការកិច្ចការព្រំដែន បានបោះបង្គោលព្រំដែនរួចនៅតំបន់នោះ ពុំមានបាត់ដីទៅប្រទេសជិតខាងដូចការលើក ឡើងរបស់ជនអគតិ រ៉ុង ឈុន និងសួង សុភ័ណ្ឌ ដែលបានយកប្រជាពលរដ្ឋជាខែល។

ក្រោយការសាកសួរពលរដ្ឋនៅទីនោះគ្រប់ចម្លើយសុទ្ឋតែឆ្លើយថា អត់មានបាត់ដីទៅវៀតណាមនោះទេ។ លើសពីនេះបងប្អូនប្រជាពលរដ្ឋ បានបដិសេធទាំងស្រុង នូវសំដីដែលជនអគតិទាំងនោះ ចោទថាពួកគាត់ជាអ្នកនិយាយ។ ជាមួយគ្នានោះដែរពួកគាត់ ក៍ហ៊ានប្រឈមតវ៉ាជាមួយជនអគតិទាំងនោះ ទៅតាមផ្លូវច្បាប់ផងដែរ។

ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ ក៍បានលើកឡើងដែរថា ចម្លើយរបស់ពលរដ្ឋនាពេលនេះ គឺបានបញ្ជាក់យ៉ាងច្បាស់នូវការពិត ពុំមានការបាត់បង់ដីក្រោយបោះបង្គោលព្រំដែននោះទេផ្ទុយទៅវិញយើងទទួលបានដីសេសសល់ថែមទៀត ដែលជាលទ្ធផលដ៍ល្អសម្រាប់ខេត្តត្បូងឃ្មុំ ក៍ដូចជាប្រជាពលរដ្ឋកម្ពុជាទាំងមូលទទួលបាន ក្រោយរាជរដ្ឋាភិបាលខិតខំសម្រេចបាននូវការកំណត់ព្រំដែនយ៉ាងច្បាស់លាស់ តាមរយៈផែនទីឋានលេខាព្រំដែនគោក ខ្នាត 1/25000 ពោលគឺសម្រេចបាននូវអធិបតយ្យភាពព្រំដែនជាក់លាក់។

ឯកឧត្តមបណ្ឌិត អភិបាលខេត្ត បន្ថែមថាទាំងនេះហើយបានបញ្ជាក់នូវសក្ខីភាព នៃកិច្ចខិតខំប្រឹងប្រែងលើបញ្ហាព្រំដែន ដែលជាសមិទ្ធផលជាប្រវត្តិសាស្ត្ររបស់រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា សម្រាប់ប្រជាពលរដ្ឋ និងយុវជនជំនាន់ក្រោយថែរក្សានិងប្រើប្រាស់។

បន្ថែមលើសពីនេះ ឯកឧត្តមបណ្ឌិត បានយកជីវិតធានា ក្នុងនាមសេនាធិការជូនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក៍ដូចជាពលរដ្ឋទូទាំងខេត្ត គឺធានាមិនអោយបាត់បង់ដី សូម្បី១មីលីម៉ែត្រ ជាដាច់ខាត៕