នាយ​ឧត្តមសេនីយ៍ ជួន សុវណ្ណ ៖ មន្ត្រី​យុត្តិធម៌​ណា ដែល​នៅ​ពីក្រោយ​ខ្នង​ការ​ចរាច​រណ៍ និង​ប្រើប្រាស់​គ្រឿងញៀន មិន​ត្រូវបាន​លើកលែង​ឡើយ បើសិន​រកឃើញ​

បន្ទាយមានជ័យ ៖ ឯកឧត្តម នាយ​ឧត្តមសេនីយ៍ ជួន សុវណ្ណ បាន​ថ្លែងថា ៖ គ្រឿងញៀន គឺជា​បញ្ហា​សង្គម​ដ៏​ស្មុគស្មាញ​មួយ សម្រាប់​សង្គម​មនុស្ស​ជាតិ​ទាំងមូល ។ ស្ថានភាព នៃ​ការផលិត ការ​ចរាចរ និង​ការប្រេី​បំពាន​គ្រឿងញៀន វិវត្តន៍​ស្របតាម​ចរន្ត នៃ​ភាព​រីក​ចម្រេី​ន​បច្ចេកវិទ្យា វិទ្យាសាស្ត្រ សង្គម និង​សេដ្ឋកិច្ច ដែល​និន្នាការ​បែបនេះ គឺជា​បញ្ហា​ប្រឈម​ដ៏​លំបាក​មួយ​សម្រាប់​ការអនុវត្ត​ច្បាប់​ចំពោះ​បណ្តា​ប្រទេស​នានា ។

​ការ​ថ្លែង​បែប​នេះ​ក្នុងឱកាស​ដែល​ឯកឧត្តម នាយ​ឧត្តមសេនីយ៍ ជួន សុវណ្ណ អនុប្រធាន​អាជ្ញាធរ​ជាតិ​គ្រឿងញៀន តំណាង​ដ៏​ខ្ពង់ខ្ពស់ ឯកឧត្តម នាយ​ឧត្តមសេនីយ៍ កែ គឹមយ៉ាន ប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន អញ្ជេី​ញ​ជា​អធិបតីភាព​ក្នុង ទិវា​អន្តរជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន ២៦ មិថុនា ឆ្នាំ​២០១៩​ក្រោម​ប្រធានបទ “​សុខភាព ដើម្បី​យុត្តិធម៌ យុត្តិធម៌ ដើម្បី​សុខភាព ” ដែល​ប្រារព្ធ​ធ្វើ​នៅ​បរិវេណ សួន​មានជ័យ ក្រុង​សិរីសោភ័ណ ដែល​មាន​ការ​អញ្ជេី​ញ​ព​ចូលរួម ប្រធាន​ក្រុមប្រឹក្សា​ខេត្ត គណៈ​អភិបាលខេត្ត លោក លោកស្រី ប្រជាពលរដ្ឋ សិស្សានុសិស្ស ចូលរួម​ជាង​៣០០០​នាក់ នា​ព្រឹក​ថ្ងៃទី​២៧ ខែមិថុនា ឆ្នាំ​២០១៩ ។

​ឯកឧត្តម នាយ​ឧត្តមសេនីយ៍ បាន​លើកឡើង​ថា ៖ ជាមួយ​នឹង​ការអនុវត្ត​យុទ្ធនាការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន ដែល​យេ​ី​ង​បាន​អនុវត្ត គឺ​ទទួលបាន​ការបង្ក្រាប​បាន​ជា​បន្តបន្ទាប់ ក្នុងនោះ​ក៏​មាន​មន្ត្រី​យុត្តិ​មួយចំនួន ដែល​មាន​បុណ្យ​សក្តិ​ធំ គឺជា​អ្នក​នៅ​ពីក្រោយ​ខ្នង សម្រួល​ដល់​ការ​ការ​ចរាច​រណ៍ និង​ជួញដូរ​គ្រឿងញៀន កាង​បទល្មើស​ដើម្បី​ទទួលបាន​ផលប្រយោជន៍​ពី​ជន​ទុច្ចរិត​ដែល​ប្រព្រឹត្ត​បទល្មើស ។ ហើយ​បើសិនជា​រកឃើញថា មន្ត្រី​យុត្តិធម៌​ណា​ដែល​ជា​អ្នកកាង​នៅ​ពីក្រោយ​ខ្នង​ក្នុង​បទល្មើស​ផ្សេងៗ ពិសេស​គ្រឿងញៀន និង​ជាប់​ពាក់ព័ន្ធ​សារធាតុ​ញៀន មិន​ត្រូវបាន​លើកលែង​ទោស​ឡើយ គឺ​អនុវត្ត​ទៅតាម​ច្បាប់​យ៉ាម៉ឹង​មាត ។​

​នាយ​ឧត្តមសេនីយ៍​បន្ត​ថា ៖ មន្ត្រី​យុត្តិធម៌​ដែល​នៅ​ពីក្រោយ​ខ្នង​នៃ​ការជួញដូរ ចរាចរណ៍​គ្រឿងញៀន ពេល​ចាប់បាន​ជនល្មើស​គ្រឿងញៀន តែងតែ​តែ​ធ្វើ​ការកែប្រែ​វត្ថុតាង និង​កែប្រែ​របាយការណ៍ ដើម្បី​ឲ្យ​ជនល្មើស​បាន​សម្រាល​ទោស​ជាដើម ដើម្បី​បាន​ផលប្រយោជន៍​ពី​ជនល្មើស ។

​ជាមួយគ្នា​នោះ​ឯកឧត្តម នាយ​ឧត្តមសេនីយ៍ ជួន សុវណ្ណ ក៏​ណែនាំ​ដល់​សមត្ថកិច្ច​ពាក់ព័ន្ធ​ដែល​ឈរជើង​តាម​បន្ទាត់​ព្រំដែន ត្រូវ​រៀបចំ​បង្កើត​គណៈកម្មាកា​រ ត្រួតពិនិត្យ​ដើម្បី​ទប់ស្កាត់​ឲ្យបាន​នូវ​ការ​ចរាចរណ៍​គ្រឿងញៀន ដែល​ហូរ​ចូលមក​ពី​បណ្តា​ប្រទេសជិតខាង ពិសេស​យើង​ត្រូវ​បង្កើន​កិច្ចសហការ​គ្នា​ជាមួយ​បណ្តារ​ប្រទេស​ជិតខាង ដើម្បី​រួមគ្នា​លុបបំបាត់​ការ​ចរាច​រណ៍ និង​ប្រេី​ប្រាស់​គ្រឿងញៀន​ឲ្យអស់​ពី​ប្រទេស​កម្ពុជា​យើង ៕