កិច្ចប្រជុំ ស្តីពី​ការលុបបំបាត់​ជំងឺគ្រុនចាញ់ ប្រភេទ មេ​រាគ ផ្លាស់​ស្មូ​ដ្យូ​មហ្វា​ល់​ស៊ីប៉ា​រ៉ូម ឲ្យអស់​ត្រឹម​ឆ្នាំ​២០២០ និង​ការ​លុប​បាត់​ជំងឺគ្រុនចាញ់​គ្រប់​ប្រភេទ​មេរោគ​ទាំងអស់ ត្រឹម​ឆ្នាំ​២០២៥

(​ខេត្ត​កែប​)៖ លោក អ៊ឹង ឆាយ អភិបាលខេត្ត​កែប​ស្តីទី និង​ជា​ប្រធាន​ក្រុមការងារ​ពិសេស​សម្រាប់​លុបបំបាត់​ជំងឺគ្រុនចាញ់​នៅ​ខេត្ត​កែប បាន​ដឹកនាំ​កិច្ចប្រជុំ​ប្រចាំត្រីមាស​ទី​២ របស់​ក្រុម​ការងារ​ពិសេស​សម្រាប់​លុបបំបាត់​ជំងឺគ្រុនចាញ់ ដែល​ប្រព្រឹត្តិ​ទៅ​នៅ​មន្ទីរ​សុខាភិបាល​ខេត្ត​កែប ។

​កិច្ចប្រជុំ​នេះ​មាន​រយៈពេល​១​ថ្ងៃ គឺ​នៅ​ថ្ងៃទី​២៧ ខែមិថុនា ឆ្នាំ​២០១៩ ហើយក៏​មាន​ការអញ្ជើញ​ចូលរួម​ដោយ លោក​វេជ្ជបណ្ឌិត ម៉ែន សុធី​រ ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​កែប លោក លោកស្រី​ដែល​ជា​សមាជិក​សមាជិកា​ក្រុមការងារ និង​មាន​ការចូលរួម​ដោយ មន្ត្រី​ជំនាញ​ជំងឺគ្រុនចាញ់​ជាច្រើនរូប​ផងដែរ​។

​លោក​វេជ្ជបណ្ឌិត ម៉ែន សុធី​រ បាន​លើកឡើង​ថា ច្រើន​ឆ្នាំ​មកនេះ​ការប្រយុទ្ធ​នឹង​ជំងឺគ្រុនចាញ់ នៅ​ប្រទេស​កម្ពុជា ក៏ដូចជា​នៅ​ខេត្ត​កែប​ទទួលបាន​ជោគជ័យ​គួរឲ្យគត់សម្គាល់ គឺ​កាត់​បន្ថយ​បន្ទុក​នៃ​ជំងឺ​ដោយ​បាន​ធ្វើឲ្យ​អត្រា​ឈឺ និង​ស្លាប់​ដោយសារ​ជំងឺ​គ្រុនចាញ់​ធ្លាក់ចុះ​។ លោក​ក៏​បាន​បន្ថែមទៀតថា ខេត្ត​កែប​យើង ដែល​មាន​មន្ទីរ​សុខាភិបាល​ជា​សេនាធិការ​បច្ចេកទេស បាន​និង​ចាប់ផ្ដើម​បង្កើត​ប្រព័ន្ធ​ការងារ​ដ៏​ចាំបាច់​មួយ ដើម្បី​ការលុបបំបាត់​ជំងឺ​នេះ​ជា​ដំណាក់កាលៗ ដើម្បី​សម្រេច​គោលដៅ​នៃ​ការលុបបំបាត់​ជំងឺគ្រុនចាញ់ ប្រភេទ​មេ​រាគ ផ្លាស់​ស្មូម​ដ្យូ​ម ហ្វាល់​ស៊ីប៉ា​រ៉ូម ឲ្យអស់​ត្រឹម​ឆ្នាំ​២០២០ និង​ការ​លុប​បាត់​ជំងឺគ្រុនចាញ់​គ្រប់​ប្រភេទ​មេរោគ​ទាំងអស់ ត្រឹម​ឆ្នាំ​២០២៥​។​

​ជាមួយនេះដែរ លោក អ៊ឹង ឆាយ អភិបាលខេត្ត​ស្តីទី និង​ជា​ប្រធាន​ក្រុមការងារ​ពិសេស​បាន​លើកឡើង​ថា «​ការប្ដេជ្ញា​ចិត្ដ​លុបបំបាត់​ជំងឺគ្រុនចាញ់​នេះ​» ត្រូវបាន​ជំរុញ​លើក​ទឹកចិត្ដ ដោយ ថ្នាក់ដឹកនាំ​ខេត្ត ថ្នាក់ដឹកនាំ​ក្រសួង និង​ថ្នាក់ដឹកនាំ​ប្រទេស​កំពូល​ដែល​មាន​សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន​សែន នាយក​រដ្ឋមន្ដ្រី​ជា​ប្រមុខ​។ ការលុបបំបាត់​នេះ ទាមទារ​ឲ្យមាន​ការរៀបចំ មាន​លក្ខណៈ​ច្បាស់លាស់ ជាក់លាក់ និង​ចាំបាច់ ត្រូវ​មាន​ការសម្របសម្រួល​រវាង​មជ្ឈមណ្ឌល ជាតិ​ប្រយុទ្ធ​នឹង​ជំងឺគ្រុនចាញ់ ប៉ារ៉ាស៊ីត​សាស្ដ្រ និង​បាណក​សាស្ដ្រ ជាមួយនឹង ដៃគូ​អភិវឌ្ឍន៍​នានា ព្រមទាំង​មាន​មន្ទីរ​សុខាភិបាល​ជា​អ្នកបច្ចេកទេស និង​ចូលរួម និង​មាន​ការចូលរួម​ពី​អ្នកពាក់ព័ន្ធ​គ្រប់​រូប​ផង​ដែរ​។

​ពេលនេះ​មាន​យើង​មាន​យុទ្ធសាស្ដ្រ​មួយ​ដែល​ត្រូវបាន​រំពឹងទុក​ថា នឹង​ជំរុញ​ឲ្យ​យើង​ឆ្ពោះទៅរក ការលុបបំបាត់​ជំងឺគ្រុនចាញ់ នៅក្នុង​ដំណាក់កាល​នេះ​វា​ជា​ការចាំបាច់​ណាស់ រដ្ឋបាល​ខេត្ត​កែប​ត្រូវធ្វើ​ជា​ម្ចាស់​ក្នុង​ភាព​ជា​អ្នកដឹកនាំ និង​មន្ទីរ​សុខាភិបាល​ជា​អ្នកបច្ចេកទេស និង​អនុវត្ដ​សកម្មភាព លើ​យុទ្ធសាស្ដ្រ​នេះ ដោយ​ធ្វើ​ការសហការ​ជាមួយ​ដៃគូ​អភិវឌ្ឍន៍​នានា​ដែល​នាំឲ្យ​មាន​លទ្ធផល ប្រកបដោយ​ប្រសិទ្ធិភាព តម្លាភាព និង​ឈាន ឆ្ពោះ​ទៅ​សម្រេច​នូវ​គោលដៅ​ឆ្ពោះ​ទៅ​ការលុបបំបាត់​ជំងឺគ្រុនចាញ់ ប្រភេទ មេ​រាគ ផ្លាស់​ស្មូ​ដ្យូ​មហ្វា​ល់​ស៊ីប៉ា​រ៉ូម ឲ្យអស់​ត្រឹម​ឆ្នាំ​២០២០ និង​ការ​លុប​បាត់​ជំងឺគ្រុនចាញ់​គ្រប់​ប្រភេទ​មេរោគ​ទាំងអស់ ត្រឹម​ឆ្នាំ​២០២៥៕