លោក កែប កត់ មេរដ្ឋបាលព្រៃឈើខេត្តរតនគិរី ត្រូវមន្ត្រីក្រោមឱវាទកេីតទុក្ខមិនសុខចិត្ត រឿងពុករលួយជាចំហរ.!

ថ្មីៗនេះមន្ត្រីក្រោមឱវាទរបស់លោក កែ​ប កត់ បានដាក់ពាក្យបណ្តឹង៣ច្បាប់ ទៅស្ថាប័នពាក់ព័ន្ធដោយសារតែលោក កែប កត់ នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តរតនគិរី ប្រព្រឹត្តអំពើពុករលួយកិបកេងប្រាក់លើកទឹកចិត្តដែលត្រូវបែងចែកឲ្យមន្ត្រីក្រោមឱវាទយកទៅចាយវាយតែម្នាក់ឯង។

ប្រភពពីមន្ត្រីនៅក្នុងមន្ទីរកសិកម្មខេត្តរតនគិរី បានឲ្យដឹងថា អ្នកប្តឹងលោក កែប កត់ គឺមានទាំងនាយរងខណ្ឌ នាយផ្នែក នាយសង្កាត់ និងនាយរងសង្កាត់រដ្ឋបាលព្រៃឈើជាច្រើននាក់ក្នុងខេត្តរតនគិរី ព្រោះពួកគេមិនពេញចិត្តនឹងអំពើពុករលួយពេញបន្ទុករបស់លោក កែប កត់ នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តរតនគិរី ដែលជាចៅហ្វាយនាយ។

ពាក្យបណ្តឹងនោះក៏បានដាក់ជូនទៅអង្គភាពប្រឆាំងអំពើពុករលួយដែលមានលោក ឱម យ៉ិនទៀង ជា​ប្រធានផងដែរ ដូច្នេះ​លោក កែប កត់ មិនអាចបិទបាំងរឿងអាស្រូវនិងអំពើពុករលួយពេញបន្ទុករបស់ខ្លួនបានឡើយ។ប្រភពពីមន្ត្រីរាជការនៅក្នុងមន្ទីរកសិកម្មខេត្តរតនគិរី បានឲ្យដឹងថា លោក កែប កត់ នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តរតនគិរី ត្រូវបានមន្ត្រីក្រោមឱវាទបើកកកាយជាសាធារណៈ ដូច្នេះលោក កែវ អូម៉ាលីស្ស ប្រធានរដ្ឋបាលព្រៃឈើនៅក្រសួងកសិកម្ម មិនគួរបណ្តែតបណ្តោយ​តទៅទៀតទេ។

បើតាមប្រភពពីមន្ត្រីរដ្ឋបាលព្រៃឈើក្នុងខេត្តរតនគិរី មួយចំនួនក៏បានឲ្យដឹងដែរថា ការដែលលោក កែប កត់ នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តរតនគិរី ហ៊ានធ្វើអ្វីៗតាមអំពើចិត្តគឺដោយសារអាងមានខ្នងបង្អែករឹងមាំនៅក្នុងក្រសួងកសិកម្ម។ ប្រការនេះហើយទើបលោក កែប កត់ នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តរតនគិរី ឃុបឃិតឲ្យឈ្មួញធំៗដឹកជញ្ជូនឈើទៅស្រុកយួនតាមច្រកទ្វារអន្តរជាតិអូរយ៉ាដាវ និងច្រករ​បៀងច្រើនកន្លែងក្នុងស្រុកអូរយ៉ាដាវនិងស្រុកអណ្តូងមាស យ៉ាងពេញបន្ទុក។

ប្រភពស្និទ្ធនឹងលោក កែប កត់ នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តរតនគិរី បានឲ្យដឹងថា កន្លងមកដោយសារអាងមានខ្នងបង្អែករឹងមាំនៅក្នុងក្រសួងកសិកម្ម ទើបលោក កែប កត់ ហ៊ានប្រព្រឹត្តអំពើពុករលួយយ៉ាងពេញបន្ទុក។ ជាក់ស្តែងតាំងពីឆ្នាំ២០១៦ រហូតមកគឺប្រាក់លើកទឹកចិត្តឬប្រាក់អប្បហារ សម្រាប់មន្ត្រីក្រោមឱវាទត្រូវបានលោក កែប កត់ នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តរតនគិរី ព្យាយាមលាក់លៀមបិទបាំងកេងប្រវ័ញ្ចយកទៅចាយវាយជាប្រយោជន៍ផ្ទាល់ខ្លួនយ៉ាងគឃ្លើនបើសរុបទៅមិនតិចជាង៣០០លាន់រៀលនោះទេ។

ដូច្នេះលោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម និងលោក កែវ អូម៉ាលីស្ស ប្រធានរដ្ឋបាលនៃក្រសួងកសិកម្ម មិនគួរបណ្តែតបណ្តោយឲ្យលោក កែប កត់ នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តរតនគិរី​ ធ្វើអ្វីៗតាមអំពើចិត្តទៀតឡើយ។ ជាពិសេសករណីឈ្មួញដឹកជញ្ជូនឈើខុសច្បាប់យ៉ាងពេញបន្ទុកក្នុងខេត្តរតនគិរី ត្រូវបានគេដឹងថា កើតចេញពីអំពើពុករលួយរបស់លោក កែប កត់ នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តរតនគិរី។