កាសុីណូ”សុខគឹមម៉េង”នៅច្រកទ្វារព្រំដែនតន់ហន់ បើកលេងល្បែងសុីសង ជល់មាន់ អាប៉ោង យូគី យ៉ាងពេញពេញបន្ទុក

(ខេត្តកំពត)៖ កាសុីណូសុខគឹមម៉េង នៅច្រកទ្វារទ្វេភាគីតន់ហន់ ក្នុងឃុំព្រែកក្រឹស​ ស្រុកកំពង់ត្រាច​ ខេត្តកំពត កំពុងបើកលេងល្បែងភ្នាល់បញ្ជល់មាន់ អាប៉ោង និងយូគី យ៉ាងពេញបន្ទុក ហាក់ពុំខ្លាចការចម្លងជំងឺកូវីដ១៩ ហើយការបើកក្លឹបល្បែងនេះដូចជាផ្គើននឹងសេចក្តីណែនាំរបស់ក្រសួងសុខាភិបាលផងដែរ។ចំណែករថយន្តអ្នកញៀនល្បែងវិញ ត្រូវចតតម្រៀបគ្នាពាសពេញចិញ្ចើមផ្លូវដោយគ្មានសណ្តាប់ធ្នាប់។

តាមប្រភពពីមន្ត្រីរាជការម្នាក់បានឲ្យដឹងថា កាលពីប៉ុន្មានថ្ងៃមុនកាសុីណូ”សុខគឹមម៉េង”បានផ្អាកមិនដំណើរការមួយរយៈខ្លី ដោយសារមានស្ថាប័នពាក់ព័ន្ធចុះទៅត្រួតពិនិត្យ ដើម្បីផ្សព្វផ្សាយពីវិធានការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩នៅតាមសហគមន៍ ប៉ុន្តែផ្អាកមិនទាន់បានមួយដង្ហើមចង្រិតផងស្រាប់តែបើកលេងវិញយ៉ាងកក្រើក ថែមទាំងមានមនុស្សសំរុកទៅលេង ភ្នាល់ដាក់លុយដូចទឹកបាក់ទំនប់។

ចំពោះការបើកល្បែង ជល់មាន់ អាប៉ោង យូគី ដែលមានមនុស្សច្រើនសន្ធឹកសន្ធាប់ក្នុងកាសុីណូ(សុខគឹមម៉េង)បែបនេះ មហាជនបាននឹងកំពុងព្រួយបារម្ភនូវកត្តាចម្លងជំងឺកូវីដ១៩ ព្រោះចំណុចដែលបើកល្បែងសុីសងអបាយមុខនេះ ស្ថិតជាប់ព្រំដែនប្រទេសវៀតណាម។

ទាក់ទិននឹងការបើកល្បែងសុីសង ជល់មាន់ អាប៉ោង យូគី ដ៏ពេញបន្ទុកខាងលើ មហាជនសំណូមពរដល់ស្ថាប័នពាក់ព័ន្ធ មេត្តាចាត់វិធានការឲ្យបានហ្មត់ចត់បំផុត ដើម្បីជួយទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ នៅក្នុងសហគមន៍មួយដែលស្ថិតជាប់ខ្សែបន្ទាត់ព្រំដែន៕