
ឯកឧត្តម ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង បានអញ្ជើញចុះសួរសុខទុក្ខនិង ចែកអំណោយមនុស្សធម៌ដល់គ្រួសាររងគ្រោះដោយសារខ្យល់កន្ត្រាក់
(ស្វាយរៀង): នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៩ ឯកឧត្តម ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង បានអញ្ជើញចុះសួរសុខទុក្ខនិង ចែកអំណោយមនុស្សធម៌ដល់គ្រួសាររងគ្រោះដោយសារខ្យល់កន្ត្រាក់កាលពីល្ងាចថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៩កន្លងទៅនៅស្រុករមាសហែក ខេត្តស្វាយរៀង និងមានការចូលរួមពីលោក សែ វុទ្ធី មេបញ្ជាការកងរាជអាវុធហត្ថខេត្ត លោក ស៊ូ ម៉ុល អភិបាលស្តីទីស្រុករមាសហែក លោក លោកស្រី ជាសមាជិក សមាជិកាគណៈកម្មាធិការសាខា អនុសាខា នាយកសាខាកាកបាទក្រហមកម្ពុជាខេត្ត តំណាងកងកម្លាំងទាំងបី លោក លោកស្រីមេភូមិ មេឃុំ ក្រុមប្រឹក្សាស្រុក ឃុំជាច្រើនរូបទៀត ។
ចំពោះអំណោយដែលត្រូវចែកជូនមានចំនួន២កន្លែងគឺ:
-ទី១: នៅវត្តស្វាយទន្ទឹម មាននៅឃុំត្រពាំងស្តៅ និងឃុំអង្គប្រស្រែ សរុប៧៩៤គ្រួសារ ។
-ទី២: នៅវត្តអណ្តូងពោធិ៍ មាននៅឃុំអណ្តូងពោធិ៍ និងឃុំដូងសរុប៤៩៧គ្រួសារ ។
ក្នុងនោះគ្រួសាររងគ្រោះធ្ងនធ្ងរមាន៤៨គ្រួសារ មធ្យម៧៨៥ គ្រួសារ និងស្រាល៤៥៨ គ្រួសារ ។
លោកអភិបាលខេត្ត បានផ្ដាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ពីសុវត្ថិភាពផ្ទាល់ ខ្លួន និងក្រុមគ្រួសារ ដោយត្រូវបិទទូរស័ព្ទ រកកន្លែងដែលមានសុវត្ថិភាព នៅពេលមានភ្លៀងធ្លាក់ ដែលងាយនឹងបង្កឲ្យមានគ្រោះថ្នាក់ដោយសាររន្ទះ ឬខ្យល់កន្ត្រាក់ ត្រូវមើលថែទាំកូនចៅឲ្យបានល្អ ជាពិសេសក្មេងតូចៗកុំឲ្យលេងទឹកដែលអាចបង្កឲ្យមានគ្រោះថ្នាក់ដោយករណីលង់ទឹក ត្រូវថែរក្សាសុខភាព ត្រូវបង្ការកាពារការឆ្លងជំងឺគ្រុនឈាមដែលកើតចេញពីមូសខ្លាខាំ ត្រូវគេងក្នុងមុង ជាពិសេសក្មេងតូចៗ និងជួយអប់រំណែនាំកូនចៅឲ្យគោរពច្បាប់ចរាចរណ៍ និងជៀសឲ្យឆ្ងាយពីគ្រឿងញៀនគ្រប់ប្រភេទ ក្នុងនោះត្រូវនាំគ្នាដាំដើមឈើអោយបានច្រើននៅវិញផ្ទះដើម្បីការពារខ្យល់និងបាតុភូតធម្មជាតិដែលកើតឡើងជាយថាហេតុផ្សេងៗ ។
សូមបញ្ជាក់ថា:អំណោយដែលបានចែកជូនរួមមាន៖
– គ្រួសាររងគ្រោះធ្ងន់ធ្ងរក្នុង១គ្រួសារ ទទួលបាន អង្ករ ៣០គ.ក្រ,មី១កេស,ទឹកស៊ីអ៊ីវ៦ដប,ត្រីខ ១០ កំប៉ុង,កន្ទេលបត់ ១,ក្រណាត់កៅស៊ូតង់១,ឃីត ១ កញ្ចប់ (មុង ភួយ សារុង ក្រមា) និងថវិកា ២០០.០០០ រៀល ។
-គ្រួសាររងគ្រោះមធ្យម ក្នុង១គ្រួសារ ទទួលបាន អង្ករ ៣០គ.ក្រ,មី ១ កេស,ទឹកស៊ីអ៊ីវ ៦ ដប,ត្រីខ ១០ កំប៉ុង,កន្ទេលបត់ ១,ឃីត ១ កញ្ចប់ (មុង ភួយ សារុង ក្រមា) និងថវិកា ៥០.០០០ រៀល ។
-គ្រួសាររងគ្រោះតិចតួចមាន ក្នុង១គ្រួសារទទួលបានថវិកា៥០,០០០រៀល ។
ក្នុងនោះផងដែរលោក សៅ សុខា ប្រធានក្រុមការងារចុះជួយស្រុករមាសហែក បានឧត្ថម្ភបន្ថែមនូវថវិកា ក្នុង១គ្រួសារទទួលបាន១០,០០០៛ បន្ថែមទៀត ៕