សមត្ថកិច្ច​ក្រុងភ្នំពេញ​មាន​វិធានការ​បង្ក្រាប​គ្រឿងញៀន​តាម​ក្លិប​កម្សាន្ត​ក្នុង​រាជធានី​ភ្នំពេញ​ឱ្យ​អស់​នៅក្នុង​ឆ្នាំ​២០១៩​នេះ​

អភិបាល​រាជធានី​ភ្នំពេញ​មាន​ប្រសាសន៍ថា អាជ្ញាធរ​រាជធានី​ភ្នំពេញ​នឹង​មាន​វិធានការ​បង្ក្រាប​ឱ្យ​អស់​នូវ​គ្រឿងញៀន​នៅតាម​ក្លិប​កម្សាន្ត ខារ៉ាអូខេ ទាំង​តូច ទាំង​ធំ​នៅក្នុង​រាជធានី​ភ្នំពេញ​ឱ្យ​អស់ នៅក្នុង​ឆ្នាំ​២០១៩​នេះ​ខណៈ​គ្រឿងញៀន​នៅ​តែ​ជា​បញ្ហា​ប្រឈម​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ទៅ​ដល់​ស្រទាប់​យុវវ័យ​។​

​លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​មាន​ប្រសាសន៍​បែបនេះ នៅក្នុង​កិច្ចប្រជុំ​គណៈបញ្ជាការ​ឯកភាព​រា​ជ​ធានី​ភ្នំពេញ កាលពី​រសៀល​ថ្ងៃ​អង្គារ ៨​រោច ខែ​ជេស្ឋ ឆ្នាំ​កុរ ឯ​កស័ក ព​.​ស​២៥៦៣​ត្រូវ​នឹង​ថ្ងៃទី​២៥ ខែមិថុនា ឆ្នាំ​២០១៩ នៅ​សាលា​រាជធានី​ភ្នំពេញ ដោយ​មាន​ការចូលរួម​ពី​អាជ្ញាធរ​ខណ្ឌ​ទាំង​១៤​កងកម្លាំង​មាន​សមត្ថកិច្ច​និង​មន្ទីរ​ពាក់ព័ន្ធ​មួយចំនួនទៀត​។​

​លោក ឃួ​ង ស្រេង បានបញ្ជាក់​ថា កិច្ចការពារ​សន្តិសុខ​ជូន​ប្រជាពលរដ្ឋ គឺជា​ការងារ​របស់​ស​ម​ត្ថ​កិច្ច និង​អាជ្ញាធរ​របស់​យើង ដូច្នេះ​យើង​ត្រូវតែ​រួមគ្នា​ធ្វើយ៉ាងណា​ឱ្យ​ភូមិ សង្កាត់​មាន​សុវត្ថិភាព​។​ពាក់ព័ន្ធ​នឹង​ក្លិប​កម្សាន្ត​នានា​ទោះបី​តូច​ឬ​ធំ​នៅក្នុង​រាជធានី​ភ្នំពេញ​ទាំងអស់ អាជ្ញាធរ​ខណ្ឌ​ទាំង​១៤​ត្រូវតែ​ចុះ​ត្រួតពិនិត្យ​ហើយ​បើ​ដឹង​ថា​នៅក្នុង​ក្លិប​កម្សាន្ត​មាន​បង្កប់​ទៅដោយ​គ្រឿងញៀន​ដាច់ខាត​ត្រូវតែ​ធ្វើ​ការបង្ក្រាប​បិទ​អាជីវកម្ម​ក្លិប​ទាំងនោះ​តែម្ដង​។​

​លោក​អភិបាល​រាជធានី​ភ្នំពេញ​បានបញ្ជាក់​ថា រាល់​ក្លិប​កម្សាន្ត និង KTV ទាំងអស់ អាជ្ញាធរ​ខណ្ឌ​ត្រូវ​ណែនាំ​ពួកគាត់​ឱ្យ​ចៀស​ឆ្ងាយ​ពី​បញ្ហា​គ្រឿងញៀន​នៅក្នុង​ក្លិប​កម្សាន្ត​ទាំងនោះ បើ​ពួកគាត់​មិន​ស្ដាប់​តាម​ការណែនាំ​របស់​យើង​ទេ​ក្នុងនាម​ជា​អាជ្ញាធរ​មូលដ្ឋាន​ត្រូវតែ​បិទ​ការធ្វើ​អាជីវកម្ម​ក្លិប​របស់​ពួក​គាត់​តែ​ម្ដង ។ លោក​បាន​មានប្រសាសន៍​បន្ដ​ថា​ប្រទេស​កម្ពុជា គឺជា​ប្រទេស​មួយ​មាន​ភាព​ស៊ីវីល័យ ។ ដូច្នេះ​ទេ​ត្រូវតែ​មាន​អ្វីៗ​គ្រប់​យ៉ាង​មាន​ទាំង​ក្លិប​កម្សាន្ត មាន​ទាំង​ខារ៉ាអូខេ មាន​ទាំង​កន្លែង​ហូបចុក​ផឹកស៊ី​និង​កន្លែង​សប្បាយភាព​មួយចំនួនទៀត​។ ប៉ុន្តែ​អ្វី​ដែល​សំខាន់​ទី​មួយ​នោះ​គឺ​បញ្ហា​សន្តិសុខ ហើយ​អ្នក​ដែល​ការពារ និង​រក្សាបាន​នូវ​សន្តិសុខ​នេះ គឺមាន​តែ​កងកម្លាំង និង​អាជ្ញា​ធរមាន​សមត្ថកិច្ច​របស់​យើង​នឹង​ហើយ ។ ដូច្នេះ​យើង​ត្រូវតែ​រួមគ្នា​ការពារ​ឱ្យបាន​សន្តិសុខ ធ្វើយ៉ាងណា​ឱ្យ​ភូមិ ឃុំ​មាន​សុវត្ថិភាព ទទួលបាន​ភាពកក់ក្តៅ​ពី​ប្រជាពលរដ្ឋ​។​លោក ឧត្ដមសេនីយ៍ឯក ស ថេត​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​មានប្រសាសន៍ថា ការចុះ​បង្ក្រាប​គ្រឿងញៀន​នៅ​តែ​អនុវត្តន៍​បន្ត​នៅតាម​ក្លិប​កម្សាន្ត​នានា​នៅក្នុង​រាជធានី​ភ្នំពេញ បើ​ទោះបី​នៅ​តាម​ក្លិប​កម្សាន្ត​ទាំងនោះ​មាន​ខ្នងបង្អែក​ប៉ុណ្ណា​ក៏​ដោយ​។

​យើង​នឹង​អនុវត្តន៍​តាម​អនុសាសន៍​របស់​សម្ដេច​ក្រឡា​ហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ​ថា​នៅ​ឆ្នាំ​២០១៩​នេះ​គឺជា​ឆ្នាំ​ដែល​យើង​ត្រូវ​លុបបំបាត់​ឱ្យ​អស់​បញ្ហា​គ្រឿងញៀន​នៅ​តាម​បណ្ដា ក្លិប​កម្សាន្ត ខារ៉ាអូខេ​នានា​នៅ​ទូទាំង​ប្រទេស ។

​លោក​ឧត្ដមសេនីយ៍​បាន​បន្ដថា នៅតាម​ក្លិប​កម្សាន្ត​ទាំងនោះ​ភាគច្រើន​លើសលុប​គឺ​សុទ្ធតែ​ជា​ស្រទាប់​យុវជន យុវវ័យ នាំគ្នា​ពពាក់ពពូន​ទៅ​សេព​គ្រឿងញៀន​នៅក្នុង​ក្លិប​ដែល​ធ្វើឱ្យ​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដល់​ធនធាន​មនុស្ស​។​

​លោក​ឧត្ដមសេនីយ៍ ស ថេត បាន​បន្តទៀតថា ក្នុងនាម​សមត្ថកិច្ច​ត្រូវតែ​បង្ក្រាប​ឱ្យអស់​បទល្មើស​នានា​នៅតាម​មូលដ្ឋាន​រួម​ទាំង​បទល្មើស​ក្មេង​ទំនើង​អុកឡុក​នៅតាម​មូលដ្ឋាន​ជាដើម​។​សំដៅ​ធ្វើ​យ៉ាងណា​ឱ្យ​ប្រជាពលរដ្ឋ​មាន​ភាពកក់ក្តៅ​និង​ជឿជាក់​មកលើ​កងកម្លាំង​មាន​សមត្ថកិច្ច​របស់​យើង ៕