លោក ប៉ែន សំបូរ បាន​អញ្ជើញ​នាំយក​ព្រះ​រាជទ្រព្យ​ព្រះករុណា​ព្រះបរមនាថ នរោត្តម សីហ​មុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​ប្រោស​ប្រទាន​ដល់​ក្រុមគ្រួសារ​សព​កម្មករសំណង់​នៅ​ស្រុក​កំពង់ត្រាច​

(​ខេត្ត​កំពត​)៖ នៅ​ព្រឹក​ថ្ងៃ​អង្គារ ៨​រោច ខែ​ជេស្ឋ ឆ្នាំ​កុរ ឯ​កស័ក ព​.​ស ២៥៦៣ ត្រូវ​នឹង​ថ្ងៃទី​២៥ ខែមិថុនា ឆ្នាំ​២០១៩ លោក ប៉ែន សំបូរ ទីប្រឹក្សា​សម្តេចចៅហ្វា​វាំង គង់ សំអុល រដ្ឋមន្ត្រី​ក្រសួង​ព្រះបរមរាជវាំង បាន​អញ្ជើញ​នាំយក​ព្រះ​រាជទ្រព្យ​ព្រះករុណា​ព្រះបរមនាថ នរោត្តម សីហ​មុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ប្រោស​ប្រទាន​ព្រះរាជ​អំណោយ​ដល់​ក្រុមគ្រួសារ​នៃ​សព​កម្មករសំណង់​បាន​ស្លាប់​បាត់បង់​អាយុជីវិត​ចំនួន​៦​នាក់ ស្ថិតនៅក្នុង​ភូមិ​បឹង​ធំ​ខាងកើត និង​ភូមិ​ព្រៃទទឹង ឃុំ​អង្គ​សុរ​ភី ស្រុក​កំពង់ត្រាច ខេត្ត​កំពត ដែល​រងគ្រោះ​ដោយ​ឧបទ្ទវហេតុ​បាក់​រលំ​អគារ​សំណង់​នៅ​ខេត្ត​ព្រះសីហនុ​។​

​ព្រះរាជ​អំណោយ​ជា​ថវិកា បាន​ប្រគល់ជូន​ក្រុមគ្រួសារ​សព​ទាំង​៦ ដោយ​គ្រួសារ​នី​មួយៗ​ទទួលបាន​ថវិកា​ចំនួន​៤,០០០,០០០​រៀល សរុប​២៤,០០០,០០០​រៀល​។​

​ជាមួយគ្នានេះ​ដែរ​មន្ត្រី​ជំនាញ​របស់​បេឡា​ជាតិ​របប​សន្តិសុខ​សង្គម​(​ប​.​ស​.​ស​) នៃ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិ​ជ្ជីវៈ បាន​ប្រគល់​ជូន​ថវិកា​ដល់​ក្រុមគ្រួសារ​សព​ទាំង​៦​ផងដែរ ដោយ​ក្នុង​មួយ​គ្រួសារៗ ទទួល​ថវិកា​ចំនួន​៤,០០០,០០០​រៀល សរុប​២៤,០០០,០០០​រៀល​ផង​ដែរ​។​

​ថវិកា​ផ្តល់ជូន​សរុប​រួម​ចំនួន ៤៨,០០០,០០០​រៀល ក្នុងនោះ​គ្រួសារ​នី​មួយៗ ទទួល​ថវិកា​ចំនួន​៨,០០០,០០០​រៀល​។​

​សូមជម្រាបថា​៖ ពិធី​ប្រគល់​ថវិកា​នេះ​ក៏​មាន​ការអញ្ជើញ​ចូលរួម​ពី​សំណាក់​លោក ហាស់ សូបិន អភិបាលរង​ខេត្ត តំណាង​ដ៏​ខ្ពង់ខ្ពស់ លោក ជាវ តា​យ អភិបាល នៃ​គណៈ​អភិបាល​ខេត្ត​កំពត លោក អូន ខន អភិបាល នៃ​គណៈ​អភិបាល​ស្រុក​កំពង់ត្រាច សមាជិក​ក្រុមប្រឹក្សា​ស្រុក កងកម្លាំង​ទាំង​បី​យុវជន​គណបក្ស​ស្រុក យុវជន​ស្រលាញ់​សន្តិភាព លោកគ្រូ អ្នកគ្រូ និង​សិស្ស​វិទ្យាល័យ​អង្គ​សុរ​ភី រួម​និឹង​អាជ្ញាធរ​ភូមិ ឃុំ​ផង​ដែរ​៕