ពិធីបញ្ចុះបឋម​សិលាសាងសង់អគារប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់គយត្របែក នៃអធិការដ្ឋាននគរបាល​ក្រុងស្វាយរៀង​ .

(ខេត្តស្វាយរៀង​)៖ ព្រឹកថ្ងៃទី ២០​ ខែកក្កដា​ ឆ្នាំ២០២០​ លោក​ឧត្តមសេនីយ៍ទោ​ កឹង​ ឃន​ ស្នងការ​នគរបាលខេត្ត​ បានចូលរួម​ក្នុងពិធីបញ្ចុះបឋម​សិលាសាងសង់អគារប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់គយត្របែក នៃអធិការដ្ឋាននគរបាល​ក្រុងស្វាយរៀង​ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង​ ដោយមានការអញ្ជើញចូលរួមពីលោក​ លោកស្រីប្រធានមន្ទីរ អង្គភាព​នានាជុំវិញខេត្ត លោកប្រធានក្រុមប្រឹក្សាក្រុង លោកអភិបាល នៃគណៈអភិបាលក្រុងស្វាយរៀង លោកអធិការ​នគរបាល​ក្រុង លោក លោកស្រីអធិការរងនគរបាលក្រុងស្វាយរៀង លោក លោកស្រីក្រុមប្រឹក្សាសង្កាត់គយត្របែក និង​នាយប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង៧ ក្នុងក្រុងស្វាយរៀង ។



​ អគារប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់គយត្របែក​ ដែលធ្វេី​
ពិធីបញ្ចុះបឋមសិលាសាងសងនាពេលនេះគឺ​ជាអំណោយ​ដ៏ថ្លៃថ្លា​របស់ឯកឧត្តម​ ម៉ែន​ វិបុល​ អភិបាលនៃគណៈអភិបាលខេត្តស្វាយរៀង​ នឹងត្រូវកសាងពីបេតុងដែលមានទំហំ១៥,២០x ៦ម៉ែត្រ ស្ថិតក្នុងភូមិតារាងបាល់ សង្កាត់គយត្របែក ក្រុងស្វាយរៀង ។

​ ក្នុងឱកាសនោះដែរឯកឧត្តម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង ក៏បានធ្វើការ​សំណេះសំណាល​សាកសួរសុខទុក្ខ​ ​និងចែកអំណោយដល់ប្រជាពលរដ្ឋក្រីក្រចំនួន ៥០​ គ្រួសារ ដោយក្នុងមួយគ្រួសារទទួលបានអង្ករ ១៥គីឡូក្រាម សាប៊ូម្សៅ ០១កញ្ចប់ ទឹកស៊ីអ៊ីវ ០១យូ សាប៊ូដុសខ្លួន ០១ដុំ ម៉ាស់ចំនួន ១០ សារ៉ុង ០១ និងថវិកា ២​ ម៉ឺនរៀល​ ព្រមទាំងឧបត្ថម្ភ​ដល់ក្រុមប្រឹក្សាសង្កាត់​ ចៅសង្កាត់​ ពេទ្យមណ្ឌលសុខភាព មេភូមិ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់គយត្របែក កម្លាំងប្រជាការពារ​ ក្នុងម្នាក់ៗថវិកា ៥​ ម៉ឺនរៀល​ និងឧបត្ថម្ភអង្ករចំនួន ១០០​គីឡូក្រាម ដល់ប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់គយត្របែក ។