ស្នងការ​នគរបាល​ខេត្ត​កែប ប្រជុំ​បូកសរុប​ការងារ​ខែ មិថុនា និង​លើក​ទិសដៅ​ខែ​បន្ត

(​ខេត្ត​កែប​)៖ លោក​ឧត្តមសេនីយ៍ត្រី បែន តារា ស្នងការ​នគរបាល​ខេត្ត​កែប នៅ​រសៀល​ថ្ងៃ​ទី​២៤ ខែមិថុនា ឆ្នាំ​២០១៩​នេះ បាន​ដឹកនាំ​កិច្ចប្រជុំ​ដើម្បី​បូកសរុប សភាពការណ៍ លទ្ធផល​ការងារ ខែមិថុនា និង​លើក​ទិសដៅ​បន្ត ខែ​សីហា ឆ្នាំ​២០១៩ របស់ខ្លួន ដោយ​មាន​ការចូលរួម​ពី​លោក លោកស្រី ឧត្តមសេនីយ៍ វរ​សេនីយ៍ ស្នងការរង​ទទួល​ផែន​គ្រប់ផ្នែក មន្ត្រី​ដឹកនាំ​គ្រប់​ឋានានុក្រម (​ខេត្ត ក្រុង ស្រុក​) ប្រធាន​ក្រុម​អន្តរាគមន៍ ក្រុមចំរុះ​នគរបាល​ខេត្ត​ប្រចាំការ​ឆ្នេរ​,​ផែ និង​កោះទន្សាយ មន្ត្រី​ពាក់ព័ន្ធ និង​ប៉ុស្តិ៍​រដ្ឋបាល​ទាំង​5 សរុប​ចំនួន​១៣៨​នាក់​។​

​តាម​របាយការណ៍ ខែមិថុនា បានឱ្យដឹងថា បទល្មើស​ព្រហ្មទណ្ឌ​កើតឡើង​២/០ លើក​កើនឡើង​២​លើក​(​ជាប​ទ​មជ្ឍឹម​) លទ្ធផល​យើង​បាន​បង្ក្រាប​ដោយ​ចាប់​មុខសញ្ញា​បញ្ជូនទៅ​តុលាការ​) រីឯ​គ្រោះថ្នាក់​ចរាចរ​៨/២​លើក កើនឡើង​៦​លើក បណ្តាលឱ្យ​ស្លាប់​២/១​នាក់ កើនឡើង​១​នាក់ របួសធ្ងន់​១១/១​នាក់​កើនឡើង​១០​នាក់ របួសស្រាល​៥/៣​កើនឡើង​២​នាក់​។​

​អង្គប្រជុំ​ក៏បាន​ស្តាប់​ការចូលរួម​យោបល់​របស់​ស្នងការរង​តាម​បណ្តា​ផែន​មួយចំនួន​និង​អធិការ​ក្រុង អំពី​លទ្ធផល​កិច្ចសហប្រតិបត្តិការ ការងារ​ខែ​កន្លងមក​របស់​ខ្លួន​ផង​ដែរ​។​

​ចំពោះ​កិច្ច​ប្រតិបត្តិការ​សំខាន់ៗ​ក្នុង​ខែ​នេះ​រួមមាន ការ​ល្បាត​រក្សា​សន្តិសុខ​សណ្តាប់ធ្នាប់​នៅតាម​មូលដ្ឋាន ភូមិ ឃុំ ដែល​បាន​ចាត់តាំង​ធ្វើ​ទាំង​ពេល​ថ្ងៃ និង​ពេលយប់ ការងារ​បង្ការ​បង្ក្រាប​បទល្មើស​ព្រហ្មទណ្ឌ​,​គ្រឿងញៀន និង​ការជួយ​សហការ​ជួយ​សង្គ្រោះ ជន​រង​គ្រោះថ្នាក់​ចរាច​រណ៍​បាន​៨​លើក​ផង​ដែរ​។​

​មានប្រសាសន៍​បូកសរុប​អង្គប្រជុំ លោក​ឧត្តមសេនីយ៍ ស្នងការ ក៏​បាន​ដាក់​ចេញ​ទិសដៅ​បន្ត ដោយ​ផ្តោត​សំខាន់​ការងារ​រក្សា​សន្តិសុខ សណ្តាប់ធ្នាប់ ការបង្ការ​បង្ក្រាប បទល្មើស​ព្រហ្មទណ្ឌ គ្រឿងញៀន និង​ការរក្សា​សន្តិសុខ សណ្តាប់ធ្នាប់​គ្រប់​មូលដ្ឋាន​ឱ្យបាន​ល្អ​ប្រសើរ​ជា​បន្ត​ទៀត​ដើម្បី​ធានា​សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ​នៅ​គ្រប់​មូលដ្ឋាន​៕