លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បញ្ជាឱ្យកាត់ឆ្វៀលដីជូនប្រជាពលរដ្ឋរស់នៅក្នុងតំបន់អភិរក្សតំបន់សត្វព្រៃ និងតំបន់ការពារផ្សេងៗរបស់រដ្ឋ

នៅថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២០ ក្នុងសម័យប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានចេញបទបញ្ជានិងបញ្ជាក់ច្បាស់ៗជូនរដ្ឋមន្រ្តីក្រសួងបរិស្ថាន ក្រសួងកសិកម្ម និងក្រសួងរៀបចំដែនដី គឺត្រូវតែកាត់ឆ្វៀលដីជូនបងប្អូនប្រជាពលរដ្ឋដែលបានមករស់នៅលើទីតាំងដីដែលជាគម្របព្រៃឈើ ឬជាតំបន់ការពារ ឬតំបន់អភិរក្សសត្វព្រៃរបស់រដ្ឋ ដូចជានៅកោះកុង ព្រះវិហារជាដើម ដែលមានប្រជាពលរដ្ឋបានមកធ្វើផ្ទះរស់នៅជាងដប់ម្ភៃឆ្នាំមកហើយ។ នេះបើតាមការបង្ហោះផ្សាយនៅក្នុងទំព័រហ្វេសប៊ុករបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានគូសបញ្ជាក់បន្ថែមថា កន្លងមក រដ្ឋមានតែដីក្នុងផែនទីទេ តាមពិតមានបងប្អូនប្រជាពលរដ្ឋបានកសាងលំនៅដ្ឋានរស់នៅបង្កើតកូនចៅរាប់សិបឆ្នាំមកហើយនៅលើទីតាំងដីទាំងនោះ។ នេះជាការដោះស្រាយកង្វល់ជូនប្រជាពលរដ្ឋពិតប្រាកដ។ កុំទុកប្រជាពលរដ្ឋឱ្យភ័យខ្លាច អត់ឃ្លាន រត់ទៅចំណាកស្រុកទៅប្រទេសគេតទៅទៀត។ ទន្ទឹមនឹងនេះ លោក ក៏ស្នើសុំកុំឱ្យប្រជាពលរដ្ឋពង្រីកថែមទៀត ព្រោះត្រូវការរក្សាទុកព្រៃសហគមន៍ខ្លះនៅជិតៗដើម្បីជាប្រយោជន៍ដល់សហគមន៍រស់នៅផងដែរ។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានបញ្ជាទៅក្រសួងបរិស្ថាន ក្រសួងកសិកម្ម និងក្រសួងរៀបចំដែនដី ត្រូវដោះស្រាយឱ្យដាច់ស្រេចក្នុងតែប៉ុន្មានខែខាងមុខដើម្បីចេញប្លង់កម្មសិទ្ធិជូនប្រជាពលរដ្ឋ ហើយកិច្ចការនេះត្រូវធ្វើឱ្យបានហ្មត់ចត់និងត្រឹមត្រូវបំផុតជូនដល់ប្រជាពលរដ្ឋ៕