​ឯកឧត្តម​រដ្ឋមន្ត្រី វេង សាខុន​បានទទួល​ជួប​គណ​:​ប្រតិភូ​ដែល​អញ្ជើញ​មក​ពី​ក្រុមហ៊ុន​ស៊ី​ភី​វៀតណាម​

​នា​រសៀល​ថ្ងៃ​ចន្ទ ៧​រោច ខែ​ជេស្ឋ ឆ្នាំ​កុរ ឯ​កស័ក ព​.​ស​.២៥៦៣ ត្រូវ​នឹង​ថ្ងៃទី​២៤ ខែមិថុនា ឆ្នាំ​២០១៩ នៅ​ទីស្តីការ​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ឯកឧត្តម​រដ្ឋមន្ត្រី វេង សាខុន បាន​ទទួល​ជួប​គណ​:​ប្រតិភូ​ដែល​អញ្ជើញ​មក​ពី​ក្រុមហ៊ុន​ស៊ី​ភី វៀតណាម ដឹកនាំ​ដោយ​លោក ឡេ ស៊ឹង​វួ​យ និង​សហការី ដើម្បី​សម្តែង​ការគួរសម​ក្នុង​ឱកាស​មក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា និង​ពិភាក្សា​ការងារ​ទាក់ទង​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​ផលិតកម្ម​ជ្រូក​រវាង​ប្រទេស​ទាំង​ពីរ​។​

​ឯកឧត្តម​រដ្ឋមន្ត្រី​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​សមិទ្ធផល​ដែល​ក្រុមហ៊ុន​ស៊ី​ភី​វៀតណាម​សម្រេចបាន​នា​ពេល​កន្លងមក​ទាំង​ការងារ​ផលិតកម្ម​និង​បសុព្យាបាល​និង​ជា​ពិសេស​ថ្មីៗ​នេះ​បាន​ទប់ស្កាត់​ការ​រាល​ឆ្លង​ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក​ក្នុង​កសិដ្ឋាន​របស់ខ្លួន​បាន​យ៉ាង​ល្អប្រសើរ​។ មេរៀន និង​បទពិសោធន៍​ដ៏​ល្អៗ​ទាំងអស់​នេះ​កម្ពុជា​នឹង​រៀនសូត្រ​តាម​ដើម្បី​ជា​ទុន​ក្នុង​ការលើកតម្កើង​ផ្នែក​បច្ចេកទេស​ទាំង​ការងារ​ផលិតកម្ម និង​បសុព្យាបាល ជាពិសេស​យន្តការ​នៃ​ការទប់ស្កាត់ និង​លុបបំបាត់​ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក​ដ៏​កាច​សាហាវ​នេះ​។ ព្រម​ជាមួយនឹង ភាព​ជោគជ័យ​ដែល​ក្រុមហ៊ុន​ស៊ី​ភី​វៀតណាម​សម្រេចបាន ឯកឧត្តម​រដ្ឋមន្ត្រី​បាន​ស្នើ​ឲ្យ​ក្រុមហ៊ុម​ពិចារណា​ពង្រី​កការវិនិយោ​គ​មក​កម្ពុជា ដោយ​សហការ​ជាមួយ​ក្រុមហ៊ុន​ស៊ី​ភី​កម្ពុជា​ដើម្បី​បង្កើន​ផលិតកម្ម​ជ្រូក​សាច់​ក្នុងស្រុក​ធានា​ដល់​ចំនួន​ផ្គត់ផ្គង់​ឲ្យបាន​គ្រប់គ្រាន់ ធានា​គុណភាព និង​សុវត្ថិភាព​សាច់​គ្មាន​ជំងឺឆ្លង មួយវិញទៀត​ការវិនិយោគ​នេះ​អាច​ជួយ​បង្កើត​ការងារ​ជូន​ប្រជាពលរដ្ឋ​និង​ជាពិសេស​ប្រើប្រាស់​វត្ថុធាតុដើម​ក្នុងស្រុក​ឲ្យអស់​លទ្ធភាព​។​

​កិច្ចប្រជុំ​នា​ថ្ងៃនេះ​ភាគី​ទាំងពីរ​បាន​ឯកភាព​ឲ្យ​អគ្គនាយកដ្ឋនា​សុខភា​ពស​ត្វ​និង​ផលិតកម្ម​សត្វ​ទៅ​បំពេញ​ទស្សនកិច្ច​ជា​ផ្លូវការ​នៅ​ក្រុមហ៊ុន​ស៊ី​ភី​វៀតណាម​ដើម្បី​ផ្លាស់ប្តូរ​បទពិសោធន៍​និង​ស្វែងយល់​បន្ថែម​ពី​ការងារ​បច្ចេកទេស​ចិញ្ចឹម​ការផលិត​ចំណី​និង​ជា​ពិសេស​យន្តការ​នៃ​ការការពារ​និង​ទប់ស្កាត់​ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក​ដែល​ក្រុមហ៊ុន​បាន​អនុវត្ត​នា​ពេលកន្លងមក ហើយ​ទទួលបាន​ជោគជ័យ ៕