
អភិបាលខេត្តកំពង់ធំ ក្រើនរំលឹកដល់ប្រជាពលរដ្ឋសូមមានការប្រុងប្រយ័ត្នចំពោះជំងឺឆ្លងកូវីដ១៩ មិនត្រូវមើលស្រាលនោះទេ
(ខេត្តកំពង់ធំ): នៅក្នុងឱកាសចែកអំណោយកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ នៅស្រុកប្រាសាទបល្ល័ង្ក នាព្រឹកថ្ងៃទី ១២ ខែមិថុនា ឆ្នាំ២០២០ ឯកឧត្តម សុខ លូ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្តកំពង់ធំ បន្តអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់សូមមានការប្រុងប្រយ័ត្នថែរក្សាសុខភាពអោយបានល្អ ចូលរួមទប់ស្កាត់កុំអោយឆ្លងរោគកូវីដ១៩ ទាំងពីយើងទៅគេ និងពីគេមកយើង។ ជំងឺឆ្លងរលាកផ្លូវដង្ហើមកូវីដ១៩នេះ គឺឆ្លងរាតត្បាតលឿនសាហាវខ្លាំងណាស់ ដែលបានធ្វើឲ្យប្រទេសជាច្រើននៅលើពិភពលោកកំពុងបិទសាលារៀនរួមទាំងនៅកម្ពុជាយើងផងដែរ។
ទន្ទឹមនឹងនោះឯកឧត្តមមានប្រសាសន៍ទៀតថា ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩ សូមបងប្អូនរក្សាអនាម័យ ដោយរស់នៅស្អាត ហូបស្អាត ផឹកស្អាត ឧស្សាហ៍ដុសលាងសម្អាតដៃជាមួយសាប៊ូ ឬជែល ឬទឹកអាល់កុល ហើយពាក់ម៉ាសការពារដោយមិនត្រូវខ្មាស់អៀន ឬស្មានៗគិតថាមិនមានអ្វីឆ្លងទេ ការពារប្រសើរជាងព្យាបាល ជាពិសេសសូមស្តាប់តាមការណែនាំរបស់ក្រសួងសុខាភិបាល។
ជាមួយគ្នានោះឯកឧត្ដម សុខ លូ បានពាំនាំនូវការផ្ដាំផ្ញើការសួរសុខទុក្ខពីចម្ងាយរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា តែងតែយកចិត្តទុកដាក់អំពីសុខទុក្ខរបស់ប្រជាពលរដ្ឋនៅទូទាំងប្រទេស។
លើសពីនេះទៀត ឯកឧត្តមប្រធាន ក៏បានសំណូមពរដល់ប្រជាពលរដ្ឋទាំងអស់សូមខិតខំស្វែងយល់ និងចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោកថ្មីនេះ ដើម្បីការពារអាយុជីវិតខ្លួនឯង នឹងក្រុមគ្រួសាររបស់យើង ជាពិសេសកាត់បន្ថយបាននូវការគ្រោះថ្នាក់ចរាចរណ៍ និងខិតអប់រំកូនចៅយើង ជៀសឱ្យឆ្ងាយពីគ្រឿងញៀន ប្រសិនបើមាននរណាម្នាក់ៗសង្ស័យពាក់ព័ន្ធបញ្ហាគ្រឿងញៀន សូមរាយការណ៍ទៅអាជ្ញាធរ ភូមិ-ឃុំ ដើម្បីយកពួកគាត់ទៅបន្សាប ឬក៏ព្យាបាល និងខិតខំប្រកបមុខរបរបង្កបង្កើនផលធ្វើស្រែចម្ការ ដើម្បីបង្កើនជីវភាពរស់នៅប្រចាំថ្ងៃបន្ថែមទៀត។
លោក វណ្ណៈ សោភានិត អភិបាលស្រុកប្រាសាទបល្ល័ង្ក ឡើងធ្វើរបាយការណ៍អំពីស្ថានភានៅក្នុងស្រុកប្រាសាទបល្ល័ង្កដែលមានប្រជាពលរដ្ឋងាយរងគ្រោះមានជីវភាពភាពខ្វះខាត ចំនួន ២៩១គ្រួសារ មកពី ៧ឃុំ ដែលត្រូវទទួលអំណោយរបស់សាខាខាកាកបាទក្រហមកម្ពុជាខេត្ត ក្នុងមួយគ្រួសារទទួលបាន អង្ករ ២៥ គីឡូ ត្រីខ ១យួរ ទឹកស៊ីអ៊ីវ ១យួរ ទឹកត្រី ១ យួរ មី ១កេស សាប៊ូ ១ដុំ និងច្រាសដុស ១ ព្រមទាំងចុះសួរសុខទុក្ខ និងប្រគល់សម្ភារៈមន្រ្តីចត្តាឡឺស័កស្រុកផងដែរ។