អ្នកកាសែត និង ក្រមសីលធម៌ ពេលចុះយកព័ត៌មាន៖

១- តើការផ្សាយ Live អំពីបុគ្គលណាម្នាក់ដោយគ្មានការព្រមព្រៀង ឬការអនុញ្ញាត គឺជាទង្វើ «ខុស» ឆ្គង? ចម្លើយ៖ ពិតជា ខុស! គឺខុសនឹងគោលការណ៍ Off Record ដែលជាគោលការណ៍សុំមិនឲ្យបញ្ចេញអត្តសញ្ញាណ។

កុំថាឡើយ បុគ្គលអសាធារណ: សូម្បីតែអ្នកកាសែត សម្ភាសន៍ជាមួយ អ្នកនាំពាក្យ ដែលជាមន្ត្រីសាធារណៈក៏ដោយ បើអ្នកនាំពាក្យរូបនោះ សុំ Off Record គឺអ្នកកាសែតត្រូវតែគោរពសំណូមពរ និងគោរពតាមគោលការណ៍នេះ។

ចុះបើកាសែតនៅតែបំពាន? បើបំពាន គឺខុស ហើយករណីខ្លះឈានដល់បទល្មើសជាក់ស្តែង គឺភាគីអាចប្តឹងប៉ូលីសឲ្យ វ៉ៃខ្នោះ ឃាត់ខ្លួន រួចចាំដោះស្រាយជាក្រោយ។

សម្តេចនាយករដ្ឋមន្ត្រី និង រដ្ឋមន្ត្រីព័ត៌មាន ដែលប្រកាសណែនាំឲ្យសមត្ថកិច្ច វាយខ្នោះ អ្នកកាសែត គឺឈរលើគោលការណ៍នេះ និងការបំពានសមត្ថកិច្ចនេះឯង។

អ្នកកាសែត ដែលទទួលបានការបណ្តុះបណ្តាល គឺសុទ្ធតែបានយល់អំពីគោលការណ៍ Off Record និង On Record។

អ្នកកាសែតសួរថា៖ ចុះបើមិនឲ្យ Live ភ្លាមៗ តើមានដំណឹងអីចេញលឿនមុនគេ? ក្នុងក្បួនសារព័ត៌មាន អត់មានចែងថា Live នោះទេ។

ប៉ុន្តែគោលការណ៍សារព័ត៌មានគឺ តម្រូវឲ្យឈរលើ «ការពិត, តុល្យភាព, និង សុច្ចរិតភាព» truth, balance, and accuracy។

២- ចុះបើនរណាម្នាក់ ដកហូតឬបំផ្លាញសម្ភារៈរបស់អ្នកកាសែត នៅក្នុងពេលបំពេញការងារ តើ «ខុស»? ចម្លើយ៖ ពិតជា ខុស! គឺខុសនឹងសិទ្ធិទទួលបានព័ត៌មាន។

បើទោះជាត្រូវដកហូតសម្ភារៈដែលយល់ថា ជាមធ្យោបាយជម្រិតយកព័ត៌មាន ឬជាការលួចថតដោយគ្មានការព្រមព្រៀង ឬគ្មានការអនុញ្ញាត ក៏គេមិនត្រូវធ្វើដោយខ្លួនឯងទេ ប៉ុន្តែត្រូវប្តឹងបន្ទាន់ទៅ ប៉ូលីស ឲ្យឃាត់ និងដកហូតសម្ភារៈនោះយកមកត្រួតពិនិត្យ។

សួរថា ទង្វើនេះជាការបំពានអ្នកកាសែត? ចម្លើយ៖ អ្នកដទៃក្រៅពីអ្នកកាសែត ក៏ជាមនុស្ស ហើយមានសិទ្ធិតាមផ្លូវច្បាប់ ក្នុងការការពារតម្លៃរបស់ខ្លួន ដែលមិនអាចត្រូវគេបរិហារ ឬត្រូវគេប្រមាថ ដោយគ្មានមូលដ្ឋាន ឬមិនទុកឱកាសឲ្យការពារខ្លួននោះទេ។ យើងត្រូវថ្លឹងថ្លែងទាំង សិទ្ធិមនុស្ស និង តម្លៃនៃវិជ្ជាជីវៈ។

សូម្បី គ្រូពេទ្យ ក៏មិនអាចថតបង្ហោះរូបភាពវះកាត់ ហើយ ប៉ូលីស ក៏មិនត្រូវស្រាតខោជនសង្ស័យ ហើយថតបង្ហោះនោះទេ។ «តម្លៃមនុស្ស» គឺការពារដោយសីលធម៌ និង សុច្ចរិតភាព មុនគេបំផុត។ ដរាបណាការបំពេញវិជ្ជាជីវៈបានត្រឹមត្រូវជាមុនសិន ទើប ដំណឹងដែលផ្សាយចេញមក បានអនុលោមតាមគោលការណ៍វិជ្ជាជីវៈ និងមានលក្ខណៈគ្រប់ជ្រុងជ្រោយ។

យើងត្រូវហ៊ានទទួលស្គាល់ថា ពិភពលោក និងសង្គមមនុស្សមានបញ្ហាច្រើនណាស់ ដែលត្រូវដោះស្រាយជារៀងរាល់ថ្ងៃ ហើយការរៀនសូត្ររបស់មនុស្សអំពីការងារ គឺគ្មានទីបញ្ចប់ទេ។

យើងចង់បានព័ត៌មានដែលបម្រើដល់ការយល់ដឹង មិនមែនជាការបរិហារ ឬរូបភាពស្តីពីការបំពានសិទ្ធិអ្នកសារព័តមានទេ។ នេះគឺជាចំណេះដឹង ដែលទាំងអស់គ្នាអាចស្វែងយល់បន្ថែម ដើម្បីរក្សាតម្លៃ និងការគោរពគ្នាទៅវិញទៅមក៕