សម្ដេច​វិជ័យ​សេនា ទៀ បាញ់ ប្រារព្ធ​ខួប​៤២​ឆ្នាំ ទិវា​ចងចាំ​ដំណើរ​ឆ្ពោះ​ទៅ​ការផ្តួលរំលំ​របប​ប្រល័យ​ពូជសាសន៍ «​ប៉ុល ពត​» នៅ​តំបន់​កោះ​ថ្ម ឃុំ​ទន្លុ​ង​

ត្បូងឃ្មុំ ៖​នៅ​ព្រឹក​ថ្ងៃទី​២០ ខែមិថុនា ឆ្នាំ​២០១៩ នេះ​សម្ដេច​វិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​ការ​ជាតិ តំណាង សម្ដេច​តេជោ​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ដឹកនាំ​គណៈប្រតិភូ​ក្រសួង​ការពារជាតិ ប្រារព្ធ​ខួប​៤២​ឆ្នាំ ទិវា​ចងចាំ​ដំណើរ​ឆ្ពោះ​ទៅ​ការផ្តួលរំលំ​របប​ប្រល័យ​ពូជសាសន៍ «​ប៉ុល ពត​» (២០ មិថុនា ១៩៧៧-២០ មិថុនា ២០១៩) នៅ​តំបន់​កោះ​ថ្ម ឃុំ​ទន្លុ​ង ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ​។​

​ក្នុងនោះ​ក៏​មាន​ការអញ្ជើញ​ចូលរួម​ពី​សំណាក់​ឥស្សរ​:​ជន​ជាន់ខ្ពស់​តាម​បណ្តា​ក្រសួង ស្ថាប័ន​នានា លោក ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​ដែនដី នគរូបនីយកម្ម និង​សំណង់ លោក វង សូ​ត រដ្ឋមន្ត្រី​ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា លោក ស៊ា​ក ឡេង ប្រធាន​ក្រុមប្រឹក្សា​ខេត្ត លោក​បណ្ឌិត ជាម ច័ន្ទ​សោភ័ណ អភិបាល​នៃ​គណ​:​អភិបាលខេត្ត​ត្បូងឃ្មុំ ព្រមទាំង សមាជិក​ក្រុមប្រឹក្សា​ខេត្ត អភិបាលរង​ខេត្ត លោក​លោកស្រី ថ្នាក់ដឹកនាំ​តាម​បណ្តា​មន្ទីរ អង្គភាព​ជុំវិញ​ខេត្ត​ត្បូងឃ្មុំ កងកម្លាំង​ទាំង​៣​ប្រភេទ លោកគ្រូ​អ្នកគ្រូ សិស្សានុសិស្ស និង​ប្រជាពលរដ្ឋ​យ៉ាងច្រើន​កុះករ​។​

​នាយ​ឧត្តមសេនីយ៍ ឈុំ សុជា​ត អ្នកនាំពាក្យ​ក្រសួង​ការពារជាតិ បាន​អះអាង​ថា ទីតាំង​កោះ​ថ្ម ឃុំ​ទន្លូ​ង ស្រុក​មេមត់ គឺជា​ចំណុច​ចាប់ផ្តើម​ដំបូងបង្អស់ នៃ​ដំណើរ​ឆ្ពោះ​ទៅ​ការផ្តួលរំលំ​របប​ប្រល័យ​ពូជសាសន៍ ប៉ុល ពត ដែល​៤២​ឆ្នាំ​មុន​នោះ សម​មិត្ត ហ៊ុន សែន (​សម្តេច​តេជោ ហ៊ុន សែន​) និង​កម្មាភិបាល​ដ៏​ទុកចិត្ត​៤​រូប គឺ​លោក នុ​ច ថន​, ញឹក ហួន​, ស៊ូ គីម​ស្រ៊ាង និង វ៉ា ប៉ោ​អ៊ាន បាន​ភៀសខ្លួន​ទៅ​កាន់​ប្រទេស​វៀតណាម ដើម្បី​ស្វែងរក​ជំនួយ​ឧបត្ថម្ភ​ក្នុងការ​រំដោះ​ជាតិ​កម្ពុជា ចេញពី​របប​ប្រល័យ​ពូជ​សាន៍ ប៉ុល ពត​។ ការ​ប្រារព្ធ​ខួប​៤២​ឆ្នាំ ទិវា​ចងចាំ​ដំណើរ​ឆ្ពោះ​ទៅ​ការផ្តួលរំលំ​របប​ប្រល័យ​ពូជសាសន៍ «​ប៉ុល ពត​» គឺ​ចង់​បញ្ជាក់ និង​រម្លឹក​នូវ​ប្រវត្តិ​សាស្ត្រ​ដ៏​ជូរ​ចត់ ក្នុង​ការបូជា​សាច់​ស្រស់​ឈាម​ស្រស់​របស់​សម​មិត្ត ហ៊ុន សែន និង​សម​មិត្ត​ផ្សេងទៀត ប្រាប់​ដល់​យុវជន​ជំនាន់​ក្រោយ​ឱ្យដឹង និង​ចងចាំ​បន្ថែមទៀត​។​

​នៅក្នុង​ឱកាស​នេះ​ដែរ សម្ដេច​វិជ័យ​សេនា ទៀ បាញ់​ឧបនាយករដ្ឋមន្ត្រី ក្រសួង​ការពារជាតិ នឹង​រៀបចំ​ពិធី​កាត់​ខ្សែបូរ​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ «​ផ្លូវ​ប្រវត្តិសាស្ត្រ​សម្តេច​តេជោ​» ដែល​ជា​ផ្លូវ​ក្រាល​គ្រួស​ក្រហម​មាន​ប្រវែង​៩,៩០០​ម៉ែត្រ​, ធ្វើ​ពិធី​រំ​ឮ​ក​គុណ គោរព​ព្រះ​ភូមិ ទេព​បង្ហាញផ្លូវ ទេវតា​ថែរក្សា​ទឹកដី​, ពិធី​ដាំ​ដើម​ជ្រៃ ជា​និមិត្តរូប​។ បន្ទាប់មក​លោក នឹង​គណៈប្រតិភូ​ធ្វើដំណើរ​តាម​រថយន្ត​ផ្ទាល់ខ្លួន​ចេញពី​សាលា​បឋមសិក្សា ប៊ុន រ៉ានី ហ៊ុន​សែន​កោះ​ថ្ម ទៅកាន់​ព្រំប្រទល់​កម្ពុជា​-​វៀតណាម ចំណុច​អាង​ដាច់ X16 «​ដើម​ត្រ​យឹង​» និង​ធ្វើ​ពិធី​ទាញ​ស្បៃ​សម្ពោធ​ដាក់តាំង​ផ្ទាំង​សិលាចារឹក នៅ​ចំណុច​អាង​ដាច់​X16 «​ដើម​ត្រ​យឹង​»​។​

«​ទិវា​ចងចាំ​នៃ​ដំណើរ​ឆ្ពោះទៅ​កាន់​ការផ្តួលរំលំរ​បប​ប្រល័យពូជសាសន៍ ប៉ុល ពត​» ធ្វើឡើង​ជា​រៀងរាល់ឆ្នាំ ហើយ​រាល់​ឯកសារ​នានា​របស់​សម​មិត្ត ហ៊ុន សែន ពាក់ព័ន្ធ​នឹង​ដំណើរការ​តស៊ូ​លះបង់​ជីវិត ដើម្បី​ជាតិ​មាតុភូមិ​ត្រូវបាន​ឆ្លាក់​នៅ​វិមាន​ឈ្នះ​-​ឈ្នះ ដើម្បី​ទុក​ឱ្យ​កូនចៅ ជំនាន់​ក្រោយ​បាន​សិក្សា​រៀនសូត្រ និង​ចងចាំ​នូវ​ព្រឹត្តិការណ៍​មួយ​នេះ​៕