សពអ្នកឧកញ៉ាព្រឹទ្ធមហាឧបាសិកាធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី បានបញ្ចុះហើយនៅស្រុកកំណើត ក្នុងស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ

(ស្រុកក្រូចឆ្មារ)៖ ថ្នាក់ដឹកនាំខេត្តត្បូងឃ្មុំ ដោយឯកឧត្តម ស៊ាក ឡេង ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្ត និងលោកជំទាវ អមដំណើរជាមួយសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន រួមជាមួយឥស្សរិជនជាន់ខ្ពស់ នៅព្រឹកថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២០ បានដង្ហែសពអ្នកឧកញ៉ាព្រឹទ្ធមហាឧបាសិកាធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី មាតាក្មេកសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងជាមាតាបង្កើតសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ពីរាជធានីភ្នំពេញ មកដល់ស្រុកកំណើត នឹងបានធ្វើពិធីបញ្ចុះរួចហើយនៅវេលាម៉ោង ៣៖៣៣នាទីថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២០ដដែលនេះ នៅក្នុងភូមិទី២ ឃុំរការខ្នុរ ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ។

បន្ទាប់ពីតម្កល់ធ្វើបុណ្យតាមប្រពៃណីព្រះពុទ្ធសាសនារយៈពេល២យប់ និង៣ថ្ងៃ
សពអ្នកឧកញ៉ាព្រឹទ្ធមហាឧបាសិកាធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី បានដង្ហែអមដោយផែនរថយន្តចំនួន១២ផែន
ចេញពីរាជធានីភ្នំពេញ វេលាម៉ោង ៧៖១៨នាទី ព្រឹកថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២០មកដល់ស្រុកកំណើតនៅស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ វេលាម៉ោងប្រមាណ១រសៀល ដើម្បីធ្វើពិធីបុណ្យទៅតាមប្រពៃណីសាសនា។