ខេត្តព្រះវិហារ៖ ក្រុមហ៊ុន ទ្រី ភាព គ្រុប ប្រគល់អំណោយជា មី ម៉ាស់ ទឹកអាល់កុល និងថវិកាជូនគណៈកម្មការខេត្ត ដើម្បីប្រយុទ្ធនឹងជម្ងឺកូវីដ-១៩ (COVID-19)។

នៅព្រឹកថ្ងៃទី ២៦ ខែមេសា ឆ្នាំ២០២០ ឯកឧត្តម ប្រាក់ សុវណ្ណ អភិបាលខេត្ត និងជាប្រធានគណៈកម្មការប្រយុទ្ធនឹងជំងឺកូវី១៩ ខេត្តព្រះវិហារ ឯកឧត្តម ឡុង សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្ត អញ្ជើញចូលរួមក្នុងពិធីប្រគល់ទទួលសម្ភារ និងថវិកា ដែលឧបត្ថម្ភដោយអ្នកឧកញ្ញ៉ា ទ្រីភាព អគ្គនាយកក្រុមហ៊ុន ទ្រីភាព គ្រុប តំណាងដោយលោក ឃៀង សុជីវ័ន្ត និងក្រុមការងារ បាននាំយកអំណោយរួមមាន មីជាតិ ១០០កេះធំ (ស្មើ ៦០០ កេះតូច) ម៉ាស់ ៥.០០០ម៉ាស់ ទឹកអាល់កុល ៣០០លីត្រ ដបបាញ់អាល់កុល ៥០ដប និងថវិកាចំនួន ២០.០០០.០០០រៀល សរុបជាទឹកប្រាក់ប្រមាណ ៥៧.០០០.០០០រៀល ទៅប្រគល់ជូនឯកឧត្តមអភិបាល នៃគណៈអភិបាលខេត្តព្រះវិហារ និងជាប្រធានគណៈកម្មការខេត្ត ដើម្បីប្រយុទ្ធនឹងជម្ងឺកូវីដ ១៩ (Covid-19) ខេត្តព្រះវិហារ សម្រាប់ប្រើប្រាស់ជាប្រយោជន៍រួម។

ក្នុងឱកាសនេះដែរ ឯកឧត្តម អភិបាលខេត្ត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោកឧកញ៉ា បណ្ឌិត ទ្រី ភាព និងលោកជំទាវ ដែលតែងតែចូលរួមសហការ និងឧបត្ថម្ភគាំទ្រដល់រាជរដ្ឋាភិបាល តាមរយៈការចុះជួយអាជ្ញាធរមូលដ្ឋាន ជាក់ស្តែងក្នុងស្ថានភាពដ៏លំបាកនេះ លោកឧកញ៉ា បានឧបត្ថម្ភជា មី ម៉ាស់ ទឹកអាកុល និងថវិកាគឺបានឆ្លុះបញ្ចាំងឱ្យឃើញពីការយកចិត្តទុកដាក់ របស់ លោកឧកញ៉ា បណ្ឌិត ទ្រី ភាព និងលោកជំទាវ ក្នុងការចូលរួមចំណែកជាមួយអាជ្ញាធរខេត្ត ដើម្បីការពារ និងទប់ស្កាត់ការរីករាលដាលនៃជម្ងឺកូវីដ ១៩ ស្ថិតនៅក្នុងខេត្តព្រះវិហារ ស្របប្រសាសន៍ដ៏ខ្ពង់ខ្ពស់សម្តេចតេជោ « សូមបងប្អូនជនរួមជាតិ ចូលរួមទប់ស្កាត់ការរីករាលដាលជម្ងឺកូវីដ-១៩ នៅកម្ពុជាទាំងអស់គ្នា»។