
ខេត្តកណ្តាល៖ ក្រោយពីបានទទួលបទបញ្ជា និងការចង្អុលណែនាំ ពីឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល នៅរសៀលថ្ងៃទី២២ ខែមេសា ឆ្នាំ២០២០ ឯកឧត្ដម នៃ ចារី អភិបាលរងខេត្តកណ្ដាល ដឹកនាំក្រុមការងារជំនាញ មន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្ត មន្ទីររ៉ែ និងថាមពលខេត្ត អភិបាលក្រុងតាខ្មៅ និងអាជ្ញាធរមូលដ្ឋាន បានចុះពិនិត្យទីតាំងអាជីកម្មរ៉ែខ្សាច់សំណង់ របស់លោក មុយ ថានីន មានទីតាំងស្ថិតនៅភូមិលេខ២ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្តាល បន្ទាប់ពីមានការបាក់ច្រាំងទន្លេ បង្កអោយមានការភ័យខ្លាចដល់ប្រជាពលរដ្ឋជិតខាង។
ថ្ងៃចេញផ្សាយៈ 04/22/2020
បន្ទាប់ពីពិិនិត្យដល់ទីតាំងជាក់ស្ដែង ក្រុមការងារជំនាញ មន្ទីររ៉ែ និងថាមពលខេត្ត និងមន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្ត បានពិនិត្យឃើញថា អាជីវកម្មរ៉ែខ្សាច់សំណង់ របស់លោក មុយ ថានីន ទីតាំងមិនសមស្របតាមលក្ខណៈបច្ចេកទេស បង្កផលប៉ះពាល់ដល់ការរស់នៅរបស់ប្រជាពលរដ្ឋជិតខាង។ ជាលទ្ធផលក្រុមការងារបានសម្រេចបិទអាជីវកម្មរបស់លោក មុយថានីន។
បន្ទាប់មកឯកត្ដម នៃ ចារី បានដឹកនាំក្រុមការងារចុះពិនិត្យទីតាំង អាជីវកម្មខ្សាច់សំណង់ នៅផ្លូវជាតិលេខ២១A។ ក្នុងឱកាសចុះពិនិត្យឯកឧត្ដម បានណែនាំដល់ម្ចាស់អាជីវកម្មទាំងអស់ត្រូវអនុវត្តច្បាប់ និងគោរពតាមការណែនាំរបស់ក្រសួងរ៉ែ និងថាមពល និងក្រសួងសាធារណៈការ និងដឹកជញ្ជូន។