Latest News

នៅព្រឹកថ្ងៃព្រហស្បតិ៍ ៩រោច ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២០​ នេះ ឯកឧត្ដម កែន សត្ថា អភិបាល នៃគណ:អភិបាលខេត្តកែប និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត និងមានការអញ្ចេីញចូលរួមពី​ សមាជិក សមាជិកា​ សាខាកាកបាទក្រហមខេត្ត អនុសារខាកាកបាទក្រហមក្រុងកែប ក្រុមប្រឹក្សា​ក្រុង​ អ្នកស្ម័គ្រ​ចិត្តកាកបាទក្រហមនឹងអាជ្ញាធរមូលដ្ឋាន​ បានចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ ទៅចែកជូនដល់អ្នកផ្ទក់មេរោគអេដស៍ ចាស់ជរាគ្មានទីពឹង ស្ត្រីមេម៉ាយជួបការលំបាក និងជនពិការដែល​ អញ្ជើញមកទាំងបីសង្កាត់ ក្នុងក្រុងកែប​ ខេត្ត​កំពត​ សរុបចំនួន៧១គ្រួសារ ។

មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្ដម កែន សត្ថា ក៍បានពាំនាំនូវប្រសាសន៍របស់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ផ្ដាំផ្ញើសាកសួរសុខទុក្ខជូនដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ដោយក្តីនឹករលឹក និងតែងតែគិតគូរជានិច្ចអំពីសុខទុក្ខរបស់ប្រជាពលរដ្ឋនៅគ្រប់ទីកន្លែង ដោយមិនប្រកាន់ពូជសាសន៍ សាសនា ឬនិន្នាការនយោបាយអ្វីឡើយ ស្របតាមពាក្យ ស្លោក “ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា” ។

ទន្ទឹមនឹងនោះ ឯកឧត្ដម បានសំណូមពរដល់ប្រជាពលរដ្ឋទាំងអស់ ដែលមានសាច់ញាតិត្រឡប់មកពីកន្លែងឆ្ងាយ ឬក៏ក្រៅប្រទេសសូមឲ្យពួកគាត់ស្នាក់នៅដាច់ដោយឡែករយៈពេល១៤ថ្ងៃសិន ក្នុងករណីដែលបងប្អូនមិនមានកន្លែងសម្រាប់ឲ្យគាត់ ស្នាក់នៅដាច់ដោយឡែកទេ សូមរាយការណ៍ជូនអាជ្ញាធរ ក្រុង-ខេត្ត ព្រោះយើងបានរៀបចំទីកន្លែងត្រឹមត្រូវសម្រាប់ស្នាក់នៅ ផ្ដល់អាហារគ្រប់គ្រាន់ និងមានក្រុមគ្រូពេទ្យជំនាញ រងចាំពិនិត្យតាមដានសុខភាពជាប្រចាំ។

ជាមួយគ្នានោះ ឯកឧត្ដម បានជំរុញឲ្យអាជ្ញាធរ ពាក់ព័ន្ធទាំងអស់ ត្រូវបន្តយកចិត្តទុកដាក់ធ្វើយុទ្ធនាការអប់រំផ្សព្វផ្សាយ ដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋានរបស់ខ្លួន និងសូមឱ្យបងប្អូនប្រជាពលរដ្ឋត្រូវមានអនាម័យជាប្រចាំ ដោយលាងសំអាតដៃឲ្យបានញឹកញាប់ជាមួយសាប៊ូ ឬអាល់កុល ហើយប្រសិនបើចេញទៅទីសាធារណៈ ត្រូវពាក់ម៉ាស់ឬក្រមាឲ្យបានជាប់ជានិច្ច និងត្រូវអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល។

ចុងក្រោយ ឯកឧត្ដម នាំយកអំណោយដ៍ថ្លៃថ្លារបស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា មកផ្តល់ជូនក្នុង១គ្រួសារទទួលបាន៖ អង្គរ២៥គីឡូក្រាម ឃីត ០១កញ្ចប់ ក្នុងនោះមានអាវ០៦ ក្រម៉ា០១ និងសាប៊ូ០១ដុំ អាកុល០១ដប ថវិកា ២០០០០រៀល
ពិធីនេះប្រព្រឹត្តទៅនៅសាលាក្រុងកែប៕